ណាហ្គាបន្ដយក ៣ពិន្ទុពីស្វាយរៀង ទោះបីគ្រូ និងអ្នកចាំទី ត្រូវបានបណ្ដេញចេញពីទីលានក្ដី

នូ មករា October 21, 2017


ភ្នំពេញ៖ ការប្រកួតរវាងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង និងណាហ្គាវើល បានបញ្ចប់ហើយដោយជ័យជម្នះបានទៅក្រុមណាហ្គាវើល ជាមួយនឹងលទ្ធផល ២-១ ស្របពេលគ្រូបង្វឹកលោក មាស ចាន់ណា និងអ្នកចាំទី សំរឹទ្ធ សីហា ត្រូវបានបណ្ដេញចេញពីទីលានព្រមគ្នាត្រឹមនាទីទី ៦០ នៅក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ដែលទើបបញ្ចប់មុននេះបន្ដិច នៅកីឡដ្ឋានស្ដាតចាស់ ។

ជំនួបដ៏កក្រើកនេះ តង់ទី១ ក្រុមណាហ្គាវើល បានបំប៉ោងសំណាញ់ទីក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀងបានមុន ។ លុះចូលតង់ទី២ ការធ្វើសង្គ្រាមលើវាលស្មៅរវាងក្រុមខ្លាំងទាំងពីរកាន់តែក្ដៅគគុកបន្ថែមទៀត តែនៅនាទីទី៦០ ដោយមានការបង្កលើខ្សែបម្រើព្រះខ័នរាជស្វាយរៀង ពីសំណាក់អ្នកចាំទី សំរឹទ្ធ សីហា របស់ណាហ្គាវើល អាជ្ញាកណ្ដាលក៏ពិន័យកាតក្រហម ខណៈលោក មាស ចាន់ណា ក៏ត្រូវបានពិន័យបណ្ដេញចេញពីទីលានភ្លាមៗផងដែរ បន្ទាប់ពីបញ្ចេញអាកប្បកិរិយាតវ៉ានឹងការពិន័យអ្នកចាំទីរបស់ខ្លួន ។

ទន្ទឹមនឹងការបាត់បង់សមាជិកម្នាក់ បានជួយឲ្យព្រះខ័នរាជស្វាយរៀងមានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ប៉ុន្តែខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ធ្វើមិនបានសម្រេចឡើយ ហើយប្រមាណ ៧នាទីក្រោយមក ទើបកីឡាករព្រះខ័នរាជស្វាយរៀងតាមស្មើ ១-១ ។ ប៉ុន្ដែឱកាសចែកគ្នា ១ពិន្ទុម្នាក់នេះ ត្រូវបានរលាយទៅវិញ បន្ទាប់ពីកីឡាករ ស៊ុះ ស៊ូហាណា បានបន្ថែម ១គ្រាប់ទៀតឲ្យក្រុមណាហ្គាវើល នៅនាទីទី៨២ ដើម្បីបញ្ចប់ក្ដីសង្ឃឹមសងសឹករបស់ក្រុមព្រះខ័នរាជស្វាយរៀងតែម្ដង គ្រាដែលកាលពីជើងទី១ ណាហ្គាវើលធ្លាប់ទទួលបានជ័យជម្នះ ៣-១ ក្រៅដីម្ដងរួចមកហើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់