HS-Cup៖ ភ្នំពេញក្រោន កក់កៅអីវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ក្រោយសាលាបាល់ទាត់ជាតិបាទីដកខ្លួន

នូ មករា October 17, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានទទួលកៅអីវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១១ ដោយស្វ័យប្រវត្តិ ពោលគឺមិនបាច់ធ្វើការប្រកួតជម្រុះដំណាក់កាលទី៤ ជើងទី២ ឡើយ បន្ទាប់ពីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលជាគូប្រជែងរបស់ខ្លួនបានប្រកាសដកខ្លួនមិនចូលរួមដោយសារជាប់កាតព្វកិច្ចហ្វឹកហាត់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G នៃពានរង្វាន់ AFC U-19 Championship 2018 នាចុងខែតុលានេះ ។

មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងថា ដោយសារក្រុមសាលាបាល់ទាត់ជាតិបាទី មានកាតព្វកិច្ចសំខាន់ មិនអាចដកឃ្លាបាន ពួកគេបានសម្រេចបោះបង់ការប្រកួតជើងទី២ ជាមួយក្រុមភ្នំពេញក្រោន ដែលគ្រោងធ្វើឡើងនៅមជ្ឈមណ្ឌលាបាល់ទាត់ជាតិ នាថ្ងៃទី១៨ ខែតុលាស្អែកនេះ ដើម្បីទុកវេលាប្រមូលផ្ដុំហ្វឹកហាត់ និងបំប៉នកម្លាំងត្រៀមទទួលភ្ញៀវក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 2018 ជាមួយក្រុមខ្លាំងៗ ដូចជាចិន ហ្វីលីពីន និងមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០១៧ ។ ដោយហេតុនេះ ភ្នំពេញក្រោន ត្រូវបានគណៈកម្មការរៀបចំការប្រកួតផ្ដល់ ៣ពិន្ទុដោយស្វ័យប្រវត្តិ ដើម្បីឈានទៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ។

គួររំលឹកថា មុនទទួលបានជ័យជម្នះដោយមិនបាច់ប្រកួតបែបនេះ ភ្នំពេញក្រោន ក៏បានលត់ក្រុមសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ៦-០ ម្ដងរួចមកហើយ កាលពីជំនួបជើងទី១ ។ ដូច្នេះភ្នំពេញក្រោន គឺជាក្រុមទី២ ដែលទទួលបានកៅអីវគ្គ ១/៤ផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បន្ទាប់ពីក្រុមក្រសួងការពារជាតិ ដែលមានគូប្រជែង គឺក្រុមខេត្តស្ទឹងត្រែង បានប្រកាសបោះបង់ការប្រកួតដូចគ្នា ។

សម្រាប់កម្មវិធីប្រកួតពានរង្វាន់ Hun Sen Cup ដំណាក់កាលទី៤ ជើងទី២ នៅថ្ងៃទី១៨ ខែតុលាស្អែកនេះ ក្រៅពីជំនួបរវាងភ្នំពេញក្រោន និងក្រុមសាលាបាល់ទាត់ជាតិបាទី ត្រូវបានលុបចោល គឺមាន ៣គូទៀត ក្នុងនោះក្រុមខេត្តកំពត បើកទ្វារកីឡដ្ឋានខេត្តទទួលក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង(ជើងទី១ ស្វាយរៀងឈ្នះ ៨-០), ក្រុមសូលទីឡូអង្គរ ជួបក្រុមប៉ូលិស(ជើងទី១ ប៉ូលិសឈ្នះ ៤-១) នៅកីឡដ្ឋានខេត្តសៀមរាប និងក្រុមគិរីវង់សុខសែនជ័យ ជួបក្រុមអាស៊ីអឺរ៉ុប នៅកីឡដ្ឋានខេត្តតាកែវ (ជើងទី១ គិរីវង់ឈ្នះ ២-០) ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត