លោក Leo បារម្ភ ចាន់ វឌ្ឍនាកា ក្រោយទម្រង់លេងធ្លាក់ចុះព្រោះមិនបានលេងនៅ J-3

នូ មករា October 12, 2017


ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី២ ដោយបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវៀតណាមរួចហើយ លោក Leonardo Vitorino បានសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយមើលឃើញទម្រង់លេងរបស់កូនក្រុមការធ្លាក់ចុះ បើធៀបនឹងកាលពីជួបវៀតណាមជើងទី១ ក្នុងនោះសូម្បីតែកីឡាករ ចាន់ វឌ្ឍនាកា ដែលលោកទុកចិត្ត ក៏ហាក់ធ្លាក់ទម្រង់លេងផងដែរ ដែលធ្វើឲ្យលោកមានការព្រួយបារម្ភ ចំពោះការប្រកួតបន្ទាប់របស់កម្ពុជា ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានថ្លែងទៅកាន់អ្នកសាព័ត៌មាន ក្រោយដំណើរមកដល់កម្ពុជាកាលពីម្សិលមិញថា៖ «អ្វីដែលខ្ញុំបារម្ភ គឺបារម្ភពី ចាន់ វឌ្ឍនាកា ព្រោះខ្ញុំចង់ឲ្យគាត់បានលេងជាមួយក្លឹបឲ្យបានច្រើន ប៉ុន្ដែដោយសារគាត់មិនបានលេងក្នុងលីគផ្លូវការ(J-League 3) គាត់បានត្រឡប់មកជួយជម្រើសជាតិ ជាមួយនឹងទម្រង់លេង ដែលយើងមិនចង់បាន ហើយខ្ញុំក៏បាននិយាយជាមួយ វឌ្ឍនាកា នូវបញ្ហានេះដែរ» ។

លោក Leonardo បានលើកឡើងថា បើក្រឡេកទៅមើលកីឡាករល្អៗ ក្នុងតំបន់អាស៊ាន ដូចជាកីឡាករល្អបំផុតរបស់ថៃ គេបានទៅលេងនៅលីគកំពូលជប៉ុន ដោយជាប់ជម្រើស ១១នាក់ដំបូង ហើយកីឡាករល្អវៀតណាម បានទៅលេងនៅលីកកំពូលកូរ៉េ តែកីឡាករល្អបំផុតរបស់កម្ពុជា ដែលកំពុងលេងនៅលីគទី៣ ជប៉ុន បែរជាមិនបានលេងក្នុងការប្រកួតផ្លុវការទៅវិញ ។ ដូច្នេះលោកត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់កម្ពុជាឲ្យមានការរីកចម្រើននាពេលអនាគត ៕

អត្ថបទ៖ បុត្រា

មតិយោបល់