លីគកំពូលកម្ពុជា បន្ដចុងសប្ដាហ៍នេះ ខណៈក្រុមខ្លាំង Top-6 ត្រូវប៉ះគ្នា

នូ មករា October 11, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី២ នាចុងសប្ដាហ៍នេះហើយ ដោយមាន ៦គូ តែមាន ៣គូ គឺជាជំនួបដ៏កក្រើករវាងក្រុមឈរកៅអី Top-6 គឺមានក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ប៉ះបឹងកេត, ភ្នំពេញក្រោន ជួបណាហ្គាវើល និងក្រុមក្រសួងការពារជាតិ ជួបក្រុម Cambodian Tiger នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ។

សម្រាប់ជំនួបរវាងក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង និងបឹងកេត ត្រូវជួបគ្នានៅកីឡដ្ឋានខេត្តស្វាយរៀង ហើយកាលពីជួបគ្នាជើងទី២ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ២-២ ។ ឯក្រុមក្រសួងការពារជាតិ ក៏ស្មើក្រុម Cambodian Tiger កាលពីជើងទី១ ដោយលទ្ធផល ០-០ ផងដែរ ហើយជើងទី២ ក្រុមទាំងពីរ ត្រូវជួបគ្នានៅកីឡដ្ឋានស្ដាតចាស់វិញម្ដង ។

ប៉ុន្ដែក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមណាហ្គាវើល ដែលជាជំនួបសងសឹកនឹងគ្នា ព្រោះកាលពីជើងទី១ ភ្នំពេញក្រោនបានទទួលជ័យជម្នះក្រៅដី ១-០ ។ សូមបញ្ជាក់ថា មុននឹងសម្រាក លីគកំពូលកម្ពុជាបានបញ្ចប់ការប្រកួតសន្សំពិន្ទុ ១៦សប្ដាហ៍មកហើយ ដោយលទ្ធផលក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងបណ្ដោះអាសន្នមាន ៣៧ពិន្ទុ ហើយក្រុមណាហ្គាវើលឈរលេខ២ មាន ៣២ពិន្ទុ, ក្រុមភ្នំពេញក្រោន ឈរលេខ៣ មាន ៣១ពិន្ទុ ខណៈក្រុមបឹងកេត ឈរលេខ៤ មាន ៣០ពិន្ទុ ។ ចំណែកក្រុមក្រសួងការពារជាតិ ដែលខ្លាំងពីដើមទី ពេលនេះបានឈរលេខ៦ និងមាន ២៧ពិន្ទុ ក្រោមក្រុមគូប្រជែងខេមបូឌានថាយហ្គឺរ ដែលឈរលេខ៥ និងមាន ២៨ពិន្ទុក្នុងដៃ ៕

អត្ថបទ៖ បុត្រា

មតិយោបល់