គ្រូ U19កម្ពុជា និយាយអ្វីខ្លះពីការចាញ់ម្ចាស់ផ្ទះឥណ្ឌូនេសុី ២-០

នូ មករា October 6, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយបន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U-19 ឥណ្ឌូនេស៊ី ២-០ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីរាត្រីថ្ងៃទី០៤ ខែតុលាកន្លងទៅ ។ ដូច្នេះតើលោក Inoue Kazunori គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា និយាយអ្វីខ្លះ ពីការបរាជ័យខាងលើ?
លោក Inoue Kazunori បានលើកឡើងថា ជំនួបកម្ដៅសាច់ដុំនេះ កូនក្រុមខ្លួនធ្វើមិនបានល្អនោះទេ ពោលគឺមានចំណុចខ្វះខាតច្រើន បើទោះបីពួកគេបានរារាំងគូប្រជែង មិនឲ្យរបូតគ្រាប់បាល់នៅ ៨៥នាទីដំបូងក៏ដោយ ។ ហេតុនេះ លោកនឹងកែប្រែចំណុចខ្វះខាតទាំងនោះ តាមរយៈការប្រមូលផ្ដុំហ្វឹកហាត់នាពេលខាងមុខ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះពូលG នៃវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 នាចុងខែតុលានេះ ។ គ្រូជនជាតិជប៉ុនរូបនេះបាននិយាយថា៖ «សម្រាប់នាទី ៨៥ ឡើងលើ ដែលធ្វើឲ្យយើងមានបញ្ហា មិនមែនមានតែកម្លាំងទេ គឺទាក់ទងនឹងបច្ចេកទេស និងយុទ្ធសាស្ដ្រផងដែរ ។ ចំណែក ៨៥នាទីដំបូង យើងមានឱកាសច្រើនដែរ តែយើងធ្វើមិនបានសម្រេចគ្រាប់បាល់ ។ តែបើ ៨៥នាទីដំបូង យើងអាចរកគ្រាប់បាល់បាន នោះការលេង ៩០នាទីពេញនឹងមានភាពងាយស្រួលសម្រាប់យើង ហើយអាចនឹងឈ្នះទៀតផង» ។
លោកបន្ដថា៖ «ជុំវិញបញ្ហាធំរបស់កីឡាករកម្ពុជាយើង គឺបញ្ហាបច្ចេកទេស ដែលមានកម្រិតខ្សោយនៅឡើយ ។ ដូច្នេះពេលប្រកួតបានធ្វើឲ្យកំហុសមិនគួរកើត បែរជាកើតឡើង ជាក់ស្ដែងការបាត់បាល់ គឺកើតចេញពីខ្លួនឯង ព្រោះការទប់បាល់ និងបញ្ជូនបាល់ គឺមិនបានល្អ ។ ហេតុនេះ ខ្ញុំមើលឃើញថា ថ្នាលយុវជនកម្ពុជា គួរតែពង្រឹងបច្ចេកទេសពីមូលដ្ឋានគ្រឹះពីតូចមក ទើបធំឡើង គាត់មានមូលដ្ឋនគ្រឹះរឹងមាំ» ៕
អត្ថបទ៖ បុត្រា

មតិយោបល់