ក្រុមកំពូលតារាងលីគកម្ពុជា បន្ដចាញ់ក្នុងជំនួបមិត្តភាព

នូ មករា October 5, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលកំពុងកាន់ ៣៧ពិន្ទុឈរកំពូលតារាង នៃលីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០១៧នេះ បានបន្ដបរាជ័យក្នុងជំនួបមិត្តភាពទៀតហើយ ពោលគឺចាញ់ក្រុម Afican All Star ដោយលទ្ធផល ៤-២ នៅលើទីលាន KMH កាលពីល្ងាចមិញ ។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមដឹកនាំដោយលោក សំ វ៉ាន់ដេត នេះបានចាញ់ក្រុមសត្រូវចាស់ ក្រសួងការពារជាតិ ១-០ រួចមកហើយ នៅក្នុងជំនួបមិត្តភាពដូចគ្នា ស្របពេលលីគកំពូលកម្ពុជា កំពុងសម្រាកការប្រកួតជាបណ្តោះអាសន្ន ។
ប៉ុន្តែលើកនេះ កាន់ធ្ងន់ថែមទៀត ដោយព្រះខ័នរាជស្វាយរៀងបានរបូតគ្រាប់បាល់បរាជ័យដល់ទៅ ៤គ្រាប់ ក្រោមថ្វីជើងក្រុមកីឡាករអាហ្វ្រិករស់នៅកម្ពុជា ឬ Afican All Star ។ យ៉ាងណាមិញនេះគ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំប៉ុណ្ណោះ គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង កំពុងសម្រួចទៅរកការប្រកួតសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា នាចុងសប្ដាហ៍ក្រោយ ដោយត្រូវប្រឈរមុខជាមួយក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី ដែលក្រុមទាំងពីរ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីរក្សាតំណែកកៅអី Top-4 របស់ខ្លួន ពិសេសគឺក្រុមបឹងកេត ដែលទើបមាន ៣០ពិន្ទុក្នុងដៃតែម្ដង ។
ជំនួបរវាងកំពូលតារាងព្រះខ័នរាជស្វាយរៀង ជួបក្រុមបឹងកេត នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលានេះ នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈកាលពីជួបគ្នាជើងទី១ ការជួបគ្នារវាងក្រុមខ្លាំង ប៉ះក្រុមខ្លាំងនេះ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ នៅលើទឹកដីក្រុមបឹងកេត ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់