ក្រុម U-19ឥណ្ឌូនេស៊ីរកបាន ២គ្រាប់ចុងម៉ោង ដើម្បីឈ្នះកម្ពុជា ក្នុងជំនួបមិត្តភាពមុននេះបន្ដិច

នូ មករា October 4, 2017


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់យុវជនក្រោមអាយុ ១៩ឆ្នាំជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ U-19 ឥណ្ឌូនេស៊ី ដោយលទ្ធផល ២-០ នៅក្នុងជំនួបមិត្តភាពលើកីឡដ្ឋាន Patriot Candrabgha ដែលទើបបញ្ចប់មុននេះបន្ដិច គ្រាដែលក្រុមជម្រើសជាតិកម្ពុជា ឬក្រុមធំ នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាវេលាម៉ោង ៩៖៣០នាទីយប់នេះ នៅលើទឹកដីឥណ្ឌូនេស៊ីដដែល ។

ជំនួបមិត្តភាពនេះ ក្រុម U-19កម្ពុជា បានទប់ទល់ស្មើគ្នា ០-០ ជិតនឹងចប់ ៩០នាទីទៅហើយ ស្រាប់តែសល់ពេលប្រមាណ ៧នាទីចុងក្រោយ ក្រុមម្ចាស់ផ្ទះ U-19 ឥណ្ឌូនេស៊ី បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមភ្ញៀវកម្ពុជា របូតអាចបំបែកពងមាន់បាន ២គ្រាប់ផ្ទួនៗ ដើម្បីលត់ក្រុមគោព្រៃជំទង់កម្ពុជា ២-០ ។ នេះគឺជាការបរាជ័យដ៏គួរឲ្យសោកស្ដាយមួយ មុនកម្ពុជា បើកទ្វាផ្ទះធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 ពូលG នាចុងខែតុលានេះ ។

សម្រាប់ជំនួបកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលសល់ពេលជិត ១ម៉ោងខាងមុខនេះ ក៏ជាការត្រៀមខ្លួនដ៏សំខាន់ ដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2019 ជើងទី២ ជាមួយក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី១០ ខែតុលាខាងមុខផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់