គោព្រៃកម្ពុជា ទៅឥណ្ឌូនេស៊ីព្រឹកនេះ ខណៈ ប្រាក់ មុន្នីឧត្តម ត្រូវបានកាត់ឈ្មោះចេញ

នូ មករា October 2, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចេញដំណើរទៅឥណ្ឌូនេស៊ី នៅវេលាម៉ោង ១១៖១០នាទីព្រឹកនេះហើយ ដើម្បីប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមម្ចាស់ផ្ទះ សម្រាប់ការត្រៀមប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី១០ ខែតុលាខាងមុខ ។    

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបេសកកម្មមួយនេះ គឺមិនមានវត្តមានកីឡាករឆ្នើម ប្រាក់ មុន្នីឧត្តម នោះទេ បន្ទាប់ពីគ្រូបង្វឹកលោក Leonrdo Vitorino បង្ខំចិត្តកាត់ឈ្មោះចេញមុនការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង កាលពីល្ងាចមិញ ។

លោក Leonardo បានឲ្យដឹងថា ប្រាក់ មុន្នីឧត្តម នឹងមិនបានលេងក្នុងជំនួបមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងប្រកួតផ្លូវការជាមួយវៀតណាមនោះទេ ព្រោះលោកបានកាត់ឈ្មោះគេចេញពីបញ្ជីក្រុមគោព្រៃកម្ពុជាទៅហើយ ដោយសារ មុន្នីឧត្តម មានធុរៈរឿងគ្រួសាររបស់ខ្លួន ។ នេះគឺជាមូលហេតុ ដែលគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាប់ជុំវិញការកាត់ឈ្មោះខ្សែបម្រើ-ប្រយុទ្ធឆ្នើមខាងលើ ។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី នៅថ្ងៃទី០៤ ខែតុលាខានស្អែកនេះ ហើយបន្ទាប់ពីការប្រកួតកម្ដៅសាច់ដុំនៅកីឡដ្ឋាន Bekasi របស់ឥណ្ឌូនេស៊ីហើយនោះ ពួកគេនឹងបន្ដដំណើរទៅវៀតណាមតែម្ដង នៅថ្ងៃទី០៧ ខែតុលាដដែល ដើម្បីធ្វើការប្រកួតផ្លូវការជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១០ ខែតុលានេះ នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ប្រចាំពូលC ៕

អត្ថបទ៖ បុត្រា

មតិយោបល់