យុវជន ភាព ចាន់ដេវីត សម្រេចបំណងទៅហាត់នៅជប៉ុន

នូ មករា September 25, 2017


ភ្នំពេញ៖ ទីបំផុតខ្សែប្រយុទ្ធវ័យ ១៣ឆ្នាំ ភាព ចាន់ដេវីត បានចាកចេញពីកម្ពុជា ឆ្ពោះទៅប្រទេសជប៉ុនហើយ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ ដើម្បីសម្រេចបំណងចូលរួមហ្វឹកហាត់ជាមួយក្លឹបជប៉ុនមួយសប្ដាហ៍ ក្រោមការដឹកនាំរបស់ប្រធានក្លឹប Cambodian Tiger លោក Akihiro Kato ។

យោងតាមការជូនដំណឹងរបស់ក្លឹប Cambodian Tiger បានឲ្យដឹងថា «កីឡាករ ភាព ចាន់ដេវីត នឹងធ្វើដំណើរទៅកាន់ប្រទេស ជប៉ុន រយៈពេល ១សប្តាហ៏ ចាប់ពីថ្ងៃទី២៥ ខែកញ្ញានេះ ដើម្បីចូលរួមហ្វឹកហាត់ជាមួយសាលាបាល់ទាត់ Vivaio Funabashi S.C នឹងទៅជួបជាមួយកីឡាកររបស់ក្លឹប Fujieda MYFC គឺកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ» ។ ភាព ចាន់ដេវីត ធ្លាប់បានឲ្យក្រុមការងារ Camsports ដឹងថា ខ្លួនពិតជារីករាយ និងសប្បាយចិត្តជាខ្លាំង ចំពោះការយកចិត្តទុកដាក់របស់លោក Akihiro Kato ដែលផ្ដល់ឱកាសឲ្យខ្លួនបានចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ពិសេសជប៉ុន ដែលជាប្រទេសរីកចម្រើនលើវិស័យកីឡាបាល់ទាត់ ។ គេរំពឹងថា ការហ្វឹកហាត់រយៈពេលខ្លីនៅជប៉ុននេះ នឹងជំរុញក្ដីស្រម៉ៃក្នុងការប្រកបអាជីពបាល់ទាត់របស់ខ្លួនកាន់តែរីកធំធាត់បន្ថែមទៀត ។

សូមរំឮកថា យុវជនមានស្រុកកំណើតនៅខេត្តសៀមរាប ភាព ចាន់ដេវីត ត្រូវបានក្លឹប Cambodian Tiger ផ្ដល់ឱកាសឲ្យចូលរួមជាមួយក្លឹបក្នុងកិច្ចសន្យារយៈពេល ១០ឆ្នាំ ប៉ុន្ដែត្រូវរង់ចាំគេមានអាយុ ១៦ឆ្នាំសិន ទើបអាចចូលរួមជាមួយក្លឹបសមាជិកលីគកំពូលកម្ពុជានេះជាផ្លូវការបាន ខណៈបច្ចុប្បន្នទើបមានអាយុ ១៣ឆ្នាំនៅឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់