ថ្នាលបាល់ទាត់ហ្វូតសាល ៣០០នាក់ចូលរួមដណ្ដើមពានរង្វាន់ថ្នាក់មូលដ្ឋាននៅស្រុកកោះធំ

នូ មករា September 18, 2017


ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនី ដែលជាថ្នាលបាល់ទាត់ហ្វូតសាលរបស់កម្ពុជាបានចូលរួមប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ថ្នាក់មូលដ្ឋានលើកទី១ នៅស្រុកកោះធំ ខេត្តកណ្តាល។  ប្រធានគណៈពង្រឹងចុះជួយស្រុកកោះធំ លោក ខូល រិនធី បានមានប្រសាសន៍ថា ការប្រកួតខាងលើនេះបែងចែកជា ៣ប្រភេទអាយុ រួមមាន យុវជនអាយុក្រោម១៣ឆ្នាំ មាន១២ក្រុម, យុវជនអាយុក្រោម១៥ឆ្នាំ មាន១៦ក្រុម និងយុវជនអាយុក្រោម១៧ មាន៤ក្រុម សរុបកីឡាករ៣០០នាក់ ដោយធ្វើការប្រកួតគ្នារយៈពេល២ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា។
    លោកបានបន្តថា នេះជាលើកទី១ សម្រាប់ស្រុកកោះធំ ដែលជាការប្រកួតក្នុងទិសដៅជំរុញបំផុសវិស័យកីឡាដល់យុវជន និងទាក់ទាញយុវជនងាកមកលេងកីឡា ដើម្បីមិត្តភាព សាមគ្គីភាព ទំនាក់ទំនងពីភូមិមួយទៅមួយទៀត ពីឃុំមួយទៅ ឃុំមួយទៀត ពិសេសគឺបញ្ជៀសយុជនឲ្យឃ្លាតចាកឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ លោកបន្ថែមថា អ្វីដែលសំខាន់ទៀតនោះ គឺដើម្បីចម្រាញ់ជ្រើសរើសយុវជនឆ្នើមប្រចាំស្រុកត្រៀមការប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល។
 
ជាមួយគ្នានេះដែរឯកឧត្តមឧត្តមសេនីយ៍ឯក ចៅ  តុល នាយរងសេនាធិការចម្រុះ នាយករងទី១ ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ក៏បានថ្លែងទៅកាន់កីឡាករការិនីដែរថា៖ «វិស័យកីឡាត្រូវបានសម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀត ហើយមួយវិញទៀតថ្នាកដឹកនាំនៅក្នុងស្រុកកោះធំ បាននឹងកំពុងបង្កើនចលនាកីឡាឱ្យកាន់តែផុសផុលឡើង ព្រោះថាមានកីឡាថ្នាក់មូលដ្ឋាន ទើបមានកីឡាថ្នាក់ជាតិ និងជំរុញឱ្យក្មួយៗកីឡាករដែលជាថ្នាលទាំងអស់ ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លា ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ»។
 
ឯកឧត្តមបន្តថា៖ «ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងជឿនលឿន និងស្ថិតក្រោមដំបូលសន្តិភាពដ៏ល្អប្រសើរ ក្នុងនោះវិស័យកីឡាក៏បាននឹងកំពុងមានសន្ទុះខ្លាំងក្លាគួរឱ្យកត់សម្គាល់ផងដែរ ដែលទាំងនេះគឺក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន ជានាយករដ្ឋមន្រ្តី» ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់