Hun Sen Cup៖ បឹងកេត និងណាហ្គា ឡើងជុំទី៥ តែ Cam-Tiger ធ្លាក់ក្រោយឈ្នះ EDC ត្រឹម ៤-២

នូ មករា September 14, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១១ ឆ្នាំ២០១៧ បានរកឃើញ ៤ក្រុមឡើងវគ្គបន្ដហើយ គឺមានក្រុមបឹងកេតអែហ្វស៊ី ណាហ្គាវើល ក្រសួងការពារជាតិ និងក្រុមអគ្គិសនីកម្ពុជា(EDC) បន្ទាប់ពីក្រុមសមាជិកលីគកំពូលកម្ពុជាទាំងនេះ បានឆ្លងកាត់ការប្រកួតកាត់សេចក្ដីក្នុងជុំទី៤ ជើងទី២ កាលពីម្សិលមិញ ។
  សម្រាប់ក្រុមបឹងកេត និងណាហ្គាវើល នៅតែបន្ដឈ្នះការប្រកួតក្រៅដីលើគូប្រជែង ពោលគឺបឹងកេត ដែលធ្លាប់យកឈ្នះខេត្តឧត្តរមានជ័យ ១៤-១ កាលពីជើងទី១ បន្ដយកឈ្នះដោយលទ្ធផល ៨-០ ក្នុងជំនួបជើងទី២ កាលពីម្សិលមិញ ។ ចំណែកក្រុមណាហ្គាវើល ធ្លាប់លត់ខេត្តស្វាយរៀង ១៤-០ ក៏បានបន្ដយកឈ្នះក្នុងជើងទី២ ដោយលទ្ធផល ៣-១ ផងដែរ ដែលជ័យជម្នះគ្រប់គ្រាន់ឲ្យក្រុមខ្លាំងទាំងពីរឡើងជុំទី៥ ។
 
ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយ គឺក្រុម Cambodian Tiger មិនអាចឡើងវគ្គបន្ដបានឡើយ បើទោះបីព្យាយាមវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ដោយលទ្ធផល ៤-២ ក្នុងជំនួបជើងទី២ កាលពីម្សិលមិញក៏ដោយ ។ កាលពីជើងទី១ ក្រុម EDC បានយកឈ្នះក្រុម Cambodian Tiger ក្រៅដីដោយលទ្ធផល ៣-០ ដូច្នេះសរុបជួបគ្នា ២ជើង ក្រុមដឹកនាំដោយលោក ប្រាក់ វុទ្ធី បានយកឈ្នះក្រុមជប៉ុន Cambodian Tiger ដោយលទ្ធផល ៥-៤ ។ ហេតុនេះ EDC គឺជាបេក្ខភាពបន្ដដំណើរទៅវគ្គបន្ដ ។ ដោយឡែកមួយក្រុមទៀត ដែលត្រូវបន្ដដំណើរទៅដំណាក់កាលទី៥ គឺក្រុមក្រសួងការពារជាតិ ។ ប៉ុន្ដែក្រុមនេះមិនបានធ្វើការប្រកួតជើងទី២ ជាមួយគូប្រជែង គឺខេត្តស្ទឹងត្រែងនោះទេ បន្ទាប់ពីខេត្តស្ទឹងត្រែង ដាក់លិខិតបោះបង់ការប្រកួត ដែលធ្វើឲ្យគណៈកម្មការប្រកួតបាល់ទាត់ជាតិ សម្រេចផ្ដល់ជ័យជម្នះដល់ក្រុមក្រសួងការពារជាតិតែម្ដង ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត