សាលារៀនសង្គមកីឡារបស់មូលនិធិ Real Madrid ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

នូ មករា September 13, 2017


ភ្នំពេញ៖ សាលារៀនសង្គមកីឡា ដែលទទួលបានការឧបត្ថម្ភគាំទ្រ និងសម្របសម្រួលពីមូលនិធិក្លឹបបាល់ទាត់ Real Madrid ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ នាថ្ងៃទី១៣ ខែកញ្ញានេះ នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។
គម្រោងសាលារៀនសង្គមកីឡានេះ ត្រូវបានបង្កើតឡើងក្រោយមូលនិធិ Real Madrid បានចុះអនុស្សារណៈយោគយល់គ្នា(MOU)ជាមួយអង្គការ PSE កាលពីឆ្នាំ២០១៥កន្លងទៅ ។ ជាមួយគ្នានេះផងដែរ កុមារមានអាយុចន្លោះ ៦ឆ្នាំ ទៅ ១៧ឆ្នាំ នឹងទទួលបានឱកាសហ្វឹកហាត់ និងសិក្សាដោយមិនចាំបាច់បារម្ភលើបញ្ហាហិរញ្ញវត្ថុឡើយ ។ ប៉ុន្ដែការជ្រើសរើសនឹងផ្ដល់អាទិភាពសម្រាប់អ្នកស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសង្គមលំបាកបំផុត ។

លោក រ៉ូហ្សា រ៉ុនខាល ប្រធានមូលនិធិក្លឹបបាល់ទាត់ Real Madrid បានឲ្យដឹងក្នុងឱកាសនោះថា៖ «គោលដៅរួម គឺមានភាពច្បាស់លាស់ណាស់ សម្រាប់កីឡា បំណិនជីវិត និងការអភិវឌ្ឍន៍សង្គម ។ សាលារៀនសង្គមកីឡានេះ នឹងមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់សិស្សានុសិស្ស ដែលអង្គការ PSE ដើម្បីបានលេង និងរៀនប៉ុណ្ណោះទេ ប៉ុន្ដែក៏ផ្ដល់ប្រយោជន៍ដល់គ្រូបង្វឹក ដែលត្រូវផ្ដល់ការហ្វឹកហ្វឺនស្របតាមបទដ្ឋានលំដាប់ពិភពលោកផងដែរ» ។

គួរបញ្ជាក់ថា ដំណាលគ្នានឹងការសម្ពោធគម្រោងសាលារៀនសង្គមកីឡាខាងលើ អង្គការ PSE សហការជាមួយក្រុមហ៊ុនស្មាត ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីលានស្មៅសិប្បនិម្មិតក្នុងឱកាសនោះផងដែរ ។ លោក លន់ បូរិទ្ធី អគ្គនាយកអង្គការ PSE ចាប់ទុកសមិទ្ធផលថ្មីទាំងពីរ គឹជាការរួមចំណែកដ៏សំខាន់មួយទៀត នៅក្នុងយុទ្ធនាការជួយដល់កុមារក្នុងសង្គមកម្ពុជា តាមរយៈការអប់រំ និងកីឡា របស់អង្គការ PSE ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត