Hun Sen Cup៖ ថ្ងៃនេះមាន ៣គូ ខណៈទ័ពឈ្នះដោយមិនបាច់ប្រកួត

នូ មករា September 13, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Hun Sen Cup រដូវកាលទី១១ ឆ្នាំ២០១៧ ចាប់ផ្ដើមការប្រកួតជម្រុះដំណាក់កាលទី៤ ជើងទី២ នៅថ្ងៃទី១៣ ខែកញ្ញានេះហើយ ដោយមាន ៣គូត្រូវជួបតតាំងគ្នានៅលើទីលានចំនួន គ្រាដែលក្រុមក្រសួងការពារជាតិ(ទ័ព) បានទទួលជ័យជម្នះដោយមិនបាច់ប្រកួតឡើយ ក្រោយក្រុមជម្រើសខេត្តស្ទឹងត្រែង ប្រកាសបោះបង់ការប្រកួតចោល ។
  កម្មវិធីប្រកួតថ្ងៃនេះ រួមមានក្រុមជម្រើសខេត្តស្វាយរៀង ត្រូវជួបក្រុមខ្លាំងណាហ្គាវើល និងក្រុមអគ្គិសនីកម្ពុជា ត្រូវជួបក្រុមខេមបូឌាថាយហ្គឺរ នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈក្រុមបឹងកេតអែហ្វស៊ី ត្រូវជួបក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ ។ នេះគឺជាជំនួបជើងទី២ គ្រាដែលលទ្ធផលកាលពីជើងទី១ គឺមានក្រុមណាហ្គាវើល បំបាក់ខេត្តស្វាយរៀង ១៤-០, បឹងកេត បំបាក់ខេត្តឧត្តរមានជ័យ ១៤-១ និងក្រុមអគ្គិសនីកម្ពុជា យកឈ្នះក្រុម ខេមបូឌានថាយហ្គឺរ ៣-០ ។
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ដែលត្រៀមបើកទ្វាផ្ទះទទួលក្រុមក្រសួងការពារជាតិ នៅថ្ងៃជាមួយគ្នានេះ បែរជាសុំចុះចាញ់ដោយមិនធ្វើការប្រកួតទៅវិញ ដោយសារការរៀបចំទីលានមិនទាន់ពេល ។ ប្រភពពីថ្នាក់ដឹកនាំក្រុមខេត្តស្ទឹងត្រែងបានឲ្យដឹងថា សមាជិកក្រុមទាំងមូល បានសោកស្ដាយចំពោះការសម្រេចរបស់មន្ទីរអប់រំខេត្តស្ទឺងត្រែង ដែលលុបចោលការប្រកួតនេះ ខណៈពួកគេចង់ធ្វើការប្រកួត ដើម្បីដកស្រង់បទពិសោធន៍ និងបំផុសឲ្យមានការចូលរួមកីឡាកាន់តែច្រើន ។
ដោយហេតុនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិ ក៏សម្រេចបំណងក្រុមម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ហើយផ្ដល់ជ័យជម្នះឲ្យក្រុមក្រសួងការពារជាតិតែម្ដង ។ ប៉ុន្ដែកាលពីជើងទី១ ក្រុមក្រសួងការពារជាតិ ធ្លាប់បានយកឈ្នះក្រុមជម្រើសខេត្តស្ទឹងត្រែង ដោយលទ្ធផល ៦-០ ម្ដងរួចមកហើយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់