លីគបាល់ទាត់យុវជន និងក្របខណ្ឌនារី នឹងចាប់ផ្តើមនៅខែក្រោយដោយប្រកួត Home/Away

នូ មករា September 12, 2017


ភ្នំពេញ៖ បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក្លឹបនៃលីគកំពូលកម្ពុជា និងក្លឹបមិនអាជីពតាមបណ្ដាខេត្តនានាកាន់តែខិតជិតលេចចេញជារូបរាងហើយ គឺការប្រកួតបាល់ទាត់ក្របខណ្ឌលីគយុវជនក្រោមអាយុ ១៤ឆ្នាំ និងអាយុ ១៦ឆ្នាំ រួមទាំងលីគបាល់ទាត់នារី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) គ្រោងនឹងរៀបចំការប្រកួតលើកដំបូងចាប់ពីសប្ដាហ៍ទី១ នាខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ។
លោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីរបស់ FFC បានឲ្យដឹងក្នុងសិក្ខាសាលា ស្ដីពីត្រៀមពានលីគយុវជនខាងលើ កាលពីពេលថ្មីៗថា នេះគឺជាព្រឹត្តិការណ៍ថ្មី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយវាក៏ជាព្រឹត្តិការណ៍ធំផងដែរ បន្ទាប់ពីសហព័ន្ធសម្រេចបង្កើតជាលីគតែម្ដង ដោយមានការប្រកួតក្នុងដី និងក្រៅដី(Home/Away) ដើម្បីបំផុសឲ្យមានការចូលរួមកាន់តែច្រើន ក៏ដូចជាផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយផងដែរ ។
អគ្គលេខាធិការស្ដីទីរូបនេះបន្ដថា ដើម្បីលើកទឹកចិត្តក្រុមចូលរួមបូករួមទាំងថ្នាក់ដឹកនាំ ដែលមានឆន្ទៈក្នុងការដឹកនាំក្រុមយុវជនចូលរួមលីគយុវជនជាប្រវត្តិសាស្ដ្រនេះ សហព័ន្ធនឹងឧបត្ថម្ភទាំងស្រុងព្រោះការប្រកួតមានរយៈពេលវែង ពិសេសគឺការជំរុញឲ្យខេត្តនីមួយៗ រៀនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតជាដើម ។ ដូច្នេះលោករំពឹងថា ការរៀបចំនេះ នឹងពង្រឹងបន្ថែមបានកាន់តែល្អប្រសើរ លើគុណភាពបច្ចេកទេស និងធនធានកីឡាករ-កីឡាការិនី ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
 
ចំពោះគោលបំណងក្នុងការបង្កើតលីគបាល់ទាត់យុវជន ២កម្រិតអាយុ និងលីគបាល់ទាត់នារីខាងលើ លោក ម៉ៃ តុលា បានបញ្ជាក់ថា៖ «ការរៀបចំនេះយើងផ្ដោតសំខាន់លើស៊ីហ្គេម ឆ្នាំ២០២៣ ដែលយើងត្រូវធ្វើការបែងចែកកម្រិតអាយុ ចាប់ពីពេលបច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះយើងសង្ឃឹមយ៉ាងមុតមាំថា ការរៀបចំលីគទ្រង់ទ្រាយធំបែបនេះ នឹងជំរុញឲ្យក្រុមជម្រើសជាតិ ចាប់ពីក្រុមតូច រហូតដល់ក្រុមធំរបស់កម្ពុជានាពេលអនាគត កាន់តែមានគុណភាពបន្ថែមទៀត ដើម្បីចូលរួមការប្រកួតលើឆាកអន្ដរជាតិនានា» ។
 គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្របខណ្ឌលីគយុវជនក្រោមអាយុ ១៤ឆ្នាំ និងអាយុ ១៦ឆ្នាំ និងលីគបាល់ទាត់នារី ឆ្នាំ២០១៧នេះ សហព័ន្ធមិនទាន់កំណត់ក្រុមចូលរួមនោះទេ តែលោក ម៉ៃ តុលា បានឲ្យដឹងថា សហព័ន្ធនឹងបើកទូលាយចំពោះក្រុមចូលរួម ដោយមិនប្រកាន់ក្រុមអាជីព ឬមិនអាជីពឡើយ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់ពួកគេ និងការជ្រើសរើសថ្នាលយុវជនកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត