សាររបស់ ចាន់ វឌ្ឍនាកា ធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន ចង់ជួបនៅទីក្រុងតូក្យូ!

នូ មករា August 4, 2017


ភ្នំពេញ៖ បន្ទាប់ពីឃើញសារបង្ហោះដោយកីឡាករ ចាន់ វឌ្ឍនាកា នៅលើគណនី Facebook ផ្ទាល់ខ្លួនកាលពីល្ងាចមិញ បានធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលត្រៀមធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហាខាងមុខ ចង់ជួបសំណេះសំណាលជាមួយខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះផងដែរ ។
  
ចាន់ វឌ្ឍនាកា បានសរសេរបង្ហោះកាលពីល្ងាចម្សិលថា៖ «កាលពីព្រឹកមិញ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី មុនចេញទៅប្រកួតកីឡា SEA Games លើកទី២៩ នៅ Malaysia ហើយសម្ដេចក៏បានមានប្រសាសន៍សួររកខ្ញុំបាទផងដែរ ខ្ញំបាទមានកិត្តិយសខ្លាំងណាស់ដែលបានទទួលការនឹករលឹកពីសម្ដេច តែដោយសារគោលការណ៍ នៃការប្រកួតបាល់ទាត់នៅ Sea Games កំណត់ឲ្យកីឡាករដែលចូលរួមត្រូវមានអាយុក្រោម ២២ឆ្នាំ ដូច្នេះខ្ញំបាទពុំអាចចូលរួមជួយ ក្រុមជម្រើសជាតិបាននោះទេ» ។ «ខ្ញំបាទសូមគោរពជូនពរពីចម្ងាយ សូមសម្ដេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្ដេចទាំងពីរ មានសុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ ជាចុងក្រោយខ្ញំបាទក៏សូមជូនពរដល់ក្រុមកីឡាករ កីឡាការិនី របស់កម្ពុជាទាំងអស់ សូមទទួលបានជោគជ័យដើម្បីពាំនាំមេដាយជូនជាតិឲ្យបានច្រើន» ។
ការបញ្ជាក់របស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេងខាងលើ ។ ប៉ុន្ដែប្រមាណរយៈពេល ១ម៉ោងក្រោយមក គេឃើញគណនី Facebook មួយ ដែលគេស្គាល់គណនីរបស់សម្ដេចតេជោ ហ៊ុន សែន បានតបនឹងសាររបស់កីឡាករ ចាន់ វឌ្ឍនាកា តាមរយៈ Comment ថា៖ «សុំអរគុណក្មួយ។ ថ្ងៃ៦ ដល់៩សីហា អុំនៅតូក្យូហើយគំរោងជួបនិស្សិតខ្មែរល្ងាចថ្ងៃ៦ សីហា ពេលទៅដល់។ បើក្មួយមានពេលសុំមកលេងជាមួយអុំផង ដោយទាក់ទងតាម ស្ថានទូតខ្មែរយើងនៅតូក្យូ»។ ការបញ្ជាក់ដូច្នេះ បានធ្វើឲ្យ វឌ្ឍនាកា សប្បាយចិត្តជាខ្លាំង ហើយគេក៏ត្រៀមខ្លួន ដើម្បីចូលរួមសម្ដែងការគួសមជាមួយសម្ដេចផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត