លោក Leonardo ប្រាប់មូលហេតុប្ដូរកីឡាករ All Star ម្ដងស្ទើរមួយទីលានកាលពីល្ងាចមិញ

នូ មករា July 16, 2017


ភ្នំពេញ៖ ទន្ទឹមនឹងការបរាជ័យយ៉ាងចាស់ដៃ ៤-០ ក្រោមថ្វីជើងក្រុម Muangthong United នៅក្នុងជំនួបមិត្តភាពអន្ដរជាតិសប្បុរសធម៌កាលពីយប់មិញ អ្នកគាំទ្រ រួមទាំងកីឡាករក្រុមថៃផ្ទាល់ បានកើតការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការផ្លាស់ប្ដូរកីឡាករក្រុម Cambodia All Star ពីសំណាក់គ្រូបង្វឹកលោក Leonardo Vitorino ដែលប្ដូរម្ដង ១០នាក់ នៅចុងវគ្គទី១ ស្របពេលក្រុមខ្លាំងថៃមួយនេះ កំពុងនាំមុខ ៣-០ ទៅហើយ ។

ជុំវិញការផ្លាស់ប្ដូរកីឡាករទ្រង់ទ្រាយធំនេះ លោក Leonardo បានប្រាប់មូលហេតុទៅកាន់អ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា ដោយសារលោកចង់ស្រោចស្រង់ស្ថានការណ៍ឲ្យបានល្អប្រសើរឡើងវិញ បន្ទាប់ពីខ្លួនមើលឃើញទម្រង់លេងមិនល្អរបស់កីឡាករជម្រើស ១១នាក់ដំបូង ។ ជាងនេះទៅទៀត ក៏ព្រោះលោកចង់ផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងរបស់កម្ពុជា បានបញ្ចេញសមត្ថភាពជាមួយក្រុមកម្រិតខ្ពស់នេះផងដែរ ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ និយាយថា៖ «ចំពោះជម្រើសដំបូង ដោយសារកីឡាករមានកម្រិតសមត្ថភាពខុសគ្នា ក្នុងនោះកីឡាករបរទេសខ្លះមានកម្រិតខ្ពស់ដាច់ ទើបធ្វើឲ្យការលេងមិនបានល្អ ។ ដោយហេតុនេះ ខ្ញុំបានព្យាយាមរើសកីឡាករមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នាដាក់ឲ្យលេង ហើយពួកគេពិតជាបង្ហាញទម្រង់លេងបានល្អ ។ សម្រាប់កីឡាករនៅវគ្គទី២ ខ្ញុំបានប្រាប់ពួកគេថា យើងគឺជាក្រុមជម្រើសជាតិ ហើយពួកគេក៏បានព្យាយាមលេងបានល្អទោះបីជាមានវ័យក្មេងក្ដី ។ ដូច្នេះខ្ញុំនឹងពិចារណាលើបេក្ខភាពកីឡាករជម្រើសជាតិនាពេលអនាគតបន្ថែមទៀត» ។

សូមបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិខាងលើ លោក Leonardo បានប្រើកីឡាករជម្រើសដំបូង សុទ្ធតែជាកីឡាករមានបទពិសោធន៍ និងកីឡាករបរទេស ប៉ុន្ដែមើលឃើញទម្រង់លេងមិនសូវល្អ ស្របពេលក្រុម Muangthong United ធ្វើការនាំមុខ ៣-០ ផងនោះ នៅនាទីទី៣៥ លោកក៏សម្រេចប្ដូរកីឡាករស្ទើរមួយទីលានតែម្ដង ដោយទុកតែអ្នកចាំទី ស៊ូ យ៉ាទី ប៉ុណ្ណោះ ។

ក្រោយការផ្លាស់ប្ដូរជម្រើសថ្មី ដែលសុទ្ធសឹងជាកីឡាករក្រោមអាយុ ២៣ឆ្នាំ ដែលត្រៀមយុទ្ធនាការប្រកួតជម្រុះពូលJ នៃពាន AFC U-23 Championship នាសប្ដាហ៍ក្រោយនោះ ពួកគេពិតជាធ្វើបានល្អ ហើយក៏ទទួលបានការកោតសរសើរពីគ្រូបង្វឹកកម្ពុជា និងថៃ រួមទាំងអ្នកគាំទ្រផងដែរ បើទោះបីរបូត ១គ្រាប់ទៀត នៅតង់ទី២ ក៏ដោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់