លោក Leonardo៖ ខ្ញុំមកកម្ពុជា មិនមែនមករាប់ប្រកួតឈ្នះ ឬចាញ់ តែគោលដៅ គឺសុីហ្គេមឆ្នាំ២០២៣

នូ មករា June 12, 2017


ភ្នំពេញ៖ «តាំងពីខ្ញុំដាក់ចិត្តបន្ដអាជីពលើទឹកដីកម្ពុជា ខ្ញុំមិនមែនមករាប់មួយប្រកួត ឬពីរប្រកួត ឬបីប្រកួត យើងឈ្នះប៉ុន្មាន ចាញ់ប៉ុន្មានទេ តែគោលបំណងរបស់ខ្ញុំ គឺស៊ីហ្គេម ឆ្នាំ២០២៣» ។ នេះគឺជាសម្ដីលោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលោកដឹកនាំកូនក្រុមចាញ់ ៣ប្រកួតជាប់គ្នា នឹងត្រៀមដឹកនាំប្រកួតទី៤ ដោយជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019 នាវេលាម៉ោង ៦៖៣០នាទីល្ងាចស្អែកនេះ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតផ្លូវការជាមួយអាហ្វហ្គានីស្ថាន នារសៀលនេះ លោក Leonardo បាននិយាយថា៖ «កន្លងមកក្រុមជម្រើសជាតិកម្ពុជា គឺឈ្នះតែក្រុមខ្សោយៗ ប៉ុន្ដែខ្ញុំមកទីនេះ គឺខ្ញុំចង់ផ្លាស់ប្ដូរក្រុមនេះឲ្យកាន់តែល្អប្រសើរ រៀបចំការអភិវឌ្ឍន៍ និងរៀបចំគម្រោងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងតែធ្វើដើម្បីឲ្យក្រុមជម្រើសជាតិទាំងមូលមានការផ្លាស់ប្ដូរច្រើន ។ តែខ្ញុំសូមនិយាយថា ឆ្នាំនេះយើងនឹងមានការសោកស្ដាយចំពោះលទ្ធផលច្រើន ប៉ុន្ដែនៅថ្ងៃអនាគត យើងនឹងអាចសប្បាយរីករាយជាមួយជម្រើសជាតិឡើងវិញ» ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមកទីនេះ ខ្ញុំមិនធ្លាប់គិតថា ត្រឡប់ទៅកាតាកន្លែងដែលខ្ញុំធ្លាប់ធ្វើការពីមុនទេ តែអ្វីដែលខ្ញុំផ្ដោតសំខាន់គឺជើងឯកឆ្នាំ២០២៣ ។ ខ្ញុំមិនដឹងថា ខ្ញុំអាចនៅទីនេះ រហូតដល់ឆ្នាំ២០២៣ ឬក៏អត់ទេ តែខ្ញុំគិតថា អ្វីដែលខ្ញុំធ្វើពេលនេះ គឺត្រឹមត្រូវនៅក្នុងការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា និងធ្វើឲ្យក្រុមល្អប្រសើរតាមរយៈការរួមបញ្ចូលកីឡាករយុវជន និងកីឡាករមានបទពិសោធន៍ ។ យើងដឹងថា បច្ចុប្បន្នជម្រើសជាតិនៅមានកម្រិត ដោយមានកីឡាករ ២នាក់ប៉ុណ្ណោះ គឺចាន់ វឌ្ឍនាកា និង ធារី ចន្ថាបីន ដែលលេងនៅក្រៅប្រទេស ដូច្នេះយើងត្រូវការពេលវេលាច្រើនដើម្បីអភិវឌ្ឍ និងសម្រេចគោលដៅអនាគត» ។
 
សូមរំឮកថា លោក Leonardo ត្រូវបានសហព័ន្ធតែងតាំងជាគ្រូបង្វឹក ជំនួសគ្រូបង្វឹកកូរ៉េលោក Lee Tae Hoon កាលពីខែមីនាកន្លងទៅ ហើយមកទល់បច្ចុប្បន្ន លោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតលក្ខណៈអន្ដរជាតិ ៣ប្រកួតមកហើយ ដោយបើកឆាកចាញ់ក្រុមជម្រើសជាតិឥណ្ឌា ២-៣ ក្នុងជំនួបមិត្តភាព មុនប្រកួតចាញ់ហ្ស៊កដានី ដោយលទ្ធផល ៧-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 និងប្រកួតចុងក្រោយចាញ់ឥណ្ឌូនេស៊ី កាលពីសប្ដាហ៍មុន ២-០ ក្នុងជំនួបមិត្តភាព ។ ដូច្នេះថ្ងៃស្អែក គឺជាប្រកួតទី៤ ដែលលោក Leonardo ត្រូវដឹកនាំកម្ពុជា ប្រកួតតទល់ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅលើទីលានពហុកីឡដ្ឋានជាតិ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត