លោក Leonardo៖ កីឡាករធ្វើបានល្អយប់មិញ នឹងមានអាទិភាពពេលប៉ះអាហ្វហ្គានីស្ថាន

នូ មករា June 9, 2017


 ភ្នំពេញ៖ បន្ទាប់ពីបរាជ័យយ៉ាងដំណំក្រោមថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ២-០ កាលពីយប់មិញ គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បានមើលឃើញពីចំណុចខ្វះខាតធំមួយ ដែលកូនក្រុមខ្លួនស្ទើរទាំងអស់ ធ្វើមិនបានល្អ ។ ដូច្នេះលោកនឹងជ្រើសរើសកីឡាករលេងបានល្អជាងគេ ដើម្បីត្រៀមជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ ខែមិថុនាដើមសប្ដាហ៍ក្រោយ ។
លោក Leonardo បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា ចំពោះទម្រង់លេងរបស់កីឡាករកម្ពុជា គឺមិនអន់នោះទេ ប៉ុន្ដែអ្វីដែលខ្វះខាត គឺបច្ចេកទេស ។ លោកថា បច្ចេកទេសរបស់កីឡាករម្នាក់ៗ នៅមានកម្រិត ដែលទាមទាឲ្យលោកត្រូវការពេលវេលាវែង ដើម្បីដុះខាត់សមត្ថភាពរបស់ពួកគេឲ្យកាន់តែប្រសិន ។ តែយ៉ាងណាលោកបានអះអាងថា៖ «សម្រាប់ការប្រកួតបន្ទាប់ ចំពោះកីឡាករធ្វើបានល្អថ្ងៃនេះ ខ្ញុំនឹងដាក់ឲ្យលេងពេលជួបអាហ្វហ្គានីស្ថាន ហើយអ្នកធ្វើមិនបានល្អ ប្រហែលគ្មានឱកាសនោះទេ» ។
ឆ្លៀតក្នុងឱកាសនោះ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ក៏បានបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ ហើយ ដែលលោកដឹកនាំក្រុមបរាជ័យ ៣ប្រកួតជាប់ៗគ្នា ប៉ុន្ដែលោកមិនអន់ចិត្តនោះទេ ព្រោះលោកបានដឹងពីកម្រិតសមត្ថភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលលោកបានដាក់ចិត្តរួចជាស្រេច ដើម្បីធ្វើការអភិវឌ្ឍន៍បាល់ទាត់កម្ពុជាឲ្យមានការរីកចម្រើននាពេលអនាគតដោយប្រើរយៈពេលវែងសមរម្យមួយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់