លោក Leonardo និយាយអ្វីខ្លះពី កែវ សុខង៉ន ក្រោយកោះហៅប្រមូលផ្ដុំជម្រើសជាតិជាថ្មី?

នូ មករា May 29, 2017


ភ្នំពេញ៖ បន្ទាប់ពីបាត់បង់ឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជាជាយូររួចមក នៅពេលនេះកីឡាករ កែវ សុខង៉ន ត្រូវបានលោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិ កោះហៅមកប្រមូលផ្ដុំជាថ្មីវិញហើយ នៅក្នុងកម្មវិធីបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ២៥នាក់កាលពីព្រឹកមិញ ។ តើគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ និយាយអ្វីខ្លះ ចំពោះការផ្ដល់ឱកាសជាថ្មី ដល់ខ្សែប្រយុទ្ធមានស្រុកកំណើតមកពីខេត្តក្រចេះរូបនេះ?
លោក Leonardo បានលើកឡើងថា៖ «កែវ សុខង៉ន បានបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយក្លឹបភ្នំពេញក្រោន ក្នុងលីគកំពូលកម្ពុជា ពិសេសពេលជួបក្រុមបឹងកេតកាលពីពេលថ្មីៗកន្លងទៅ ។ ពេលនេះ ឃួន ឡាបូរ៉ាវី នឹងមានគូប្រជែងម្នាក់ទៀត ក្នុងតំបន់ប្រយុទ្ធ(លេខ៩) ព្រោះ សុខង៉ន គឺគាត់អាចនាំលេងបាន ហើយថែមទាំងអាចលេងបានតួនាទី៣ គឺតំបន់កណ្ដាល ឆ្វេង និងស្ដាំ ។ ខ្ញុំពិតជាសប្បាយចិត្ត ដែល កែវ សុខង៉ន ធ្វើបានល្អឡើងវិញ» ។
ជារួមគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានបន្ថែមថា ចំពោះបញ្ជីឈ្មោះក្រុមជម្រើសជាតិ លោកតែងតែធ្វើការផ្លាស់ប្ដូរ ហើយកីឡាករធ្វើបានល្អ ពិសេសគឺការបង្ហាញទម្រង់លេងបានល្អក្នុងលីគកំពូលកម្ពុជា លោកនឹងផ្ដល់ឱកាសដល់ពួកគេ ដើម្បីរួមចំណែកជួយដល់ក្រុមជម្រើសជាតិ ។ ប៉ុន្ដែអ្វីដែលលោកផ្ដោតសំខាន់បំផុតនោះ គឺការអភិវឌ្ឍន៍បាល់ទាត់យុវជន ដែលជាទិសដៅវែងឆ្ងាយរបស់ខ្លួន និងជាគោលដៅចង់បានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
សូមរំឮកថា កាលពីព្រឹកមិញលោក Leonardo បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ២៥នាក់ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាថ្ងៃទី០៨ ខែមិថុនា នៅលើទីលានពហុកីឡដ្ឋានជាតិ ។ បន្ទាប់មកគឺការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ដោយត្រូវជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញដដែល ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត