ក្រុមយុវជនភ្នំពេញក្រោនចាញ់ក្រុមយុវជន Kashima Antlers ក្នុងលទ្ធផល ២-០
នូ មករា October 15, 2015
ក្រុមយុវជនភ្នំពេញក្រោនចាញ់ក្រុមយុវជន Kashima Antlers ក្នុងលទ្ធផល ២-០ ក្នុងកម្មវិធី Asia Champions U-18 Trophy ពីរគ្រាប់ក្នុងតង់ទី ១ របស់ក្រុមយុវជនជប៉ុន Kashima Antlers បានធ្វើឲ្យក្តីសង្ឃឹមនៃការឡើងទៅលេងវគ្គជម្រុះបន្តរបស់ក្រុមយុវជនភ្នំពេញក្រោនត្រូវបានបាត់បង់។ជាមួយនឹងការក្តាប់ឱកាសវាយបកយ៉ាងល្អរបស់ក្រុមយុវជនដែលមកពីប្រទេសជប៉ុន Kashima Antlers ទោះបីជាក្រុមយុវជនភ្នំពេញក្រោនគ្រប់គ្រងបាល់បានច្រើនជាងក៏ដោយនៅតែមិនអាចគ្រប់គ្រាន់សម្រាប់យកឈ្នះក្នុងការប្រកួតនេះ។ កីឡាករ គីម ឆាយ៉ា របស់ក្រុមយុវជនភ្នំពេញក្រោនមានឱកាសស៊ុតពីចម្ងាយតែហាក់ដូចជាមិនសំណាងព្រោះបាល់ប៉ះនឹងរបាទី ប៉ុន្តែក្រោយមកប៉ុន្មាននាទី កីឡាករ Mizaki Hajime រកបានគ្រាប់បាល់នាំមុខឲ្យក្រុមយុវជនជប៉ុនបានសម្រេចក្រោយការបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងល្អពីកីឡាករ Shingo Nakata នៅនាទីទី ២១។ កីឡាករ អ៊ុក សុវណ្ណមានឱកាសស៊ុតបាល់ពិន័យ Free-Kick ដើម្បីតាមស្មើតែមិនបានសម្រេចហើយក្រុមយុវនជប៉ុនជាថ្មីម្តងទៀតក្តាប់បានឱកាសក្នុងការវាយបកហើយការស៊ុតរបស់កីឡាករ Kanta Asuma ប៉ះនឹងខ្សែការពារធ្វើឲ្យអ្នកចាំទី កែវ សុខសិល មិនអាចសង្រ្គោះបាននៅនាទីទី ៤១។ ចូលដល់តង់ទី ២ ក្រុមយុវជនដែលមកពីប្រទេសជប៉ុន Kashima Antlers បន្តដាក់សម្ពាធលើក្រុមយុវជនភ្នំពេញក្រោន ប៉ុន្តែកីឡាករ Masaya Idetsu និង Mizaki មិនអាចឆ្លងផុតអ្នកចាំទី សិលា នោះទេក្នុងតង់ទី ២ ស្របពេលដែលកីឡាករ សាករ៉ូវី និង ម៉ៅ ពិសិដ្ឋ ដែលចូលបានប្តូរចូលក្នុងតង់ទី ២ បានដាក់សម្ពាធលើខ្សែការពាររបស់ក្រុមយុវជនជប៉ុនយ៉ាងខ្លាំងតែនៅតែមិនសំណាងដោយកីឡាករទាំងពីររូបមិនអាចរកបានគ្រាប់បាល់នោះឡើយ។ ជាមួយនឹងការឈ្នះនេះក្រុមយុវជនជប៉ុន Kashima Antlers មានពិន្ទុគ្រប់គ្រាន់ក្នុងការឆ្លងទៅវគ្គបន្តដើម្បីលេងប្រកួតជម្រុះជាបន្តទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមយុវជនភ្នំពេញក្រោននៅតែមិនអាចរកបានជ័យជម្នះលើកទី ១ របស់ខ្លួនបាន។
អត្ថបទ៖ រិទ្ធី
រូបភាព៖ បារាំង