ឪពុក ចាន់ វឌ្ឍនាកា ថា ថៃ និងម៉ាឡេស៊ីឲ្យប្រាក់ខែខ្ពស់ តែមិនល្អដូចជប៉ុន ទោះប្រាក់ខែទាប!

នូ មករា February 13, 2017


ភ្នំពេញ៖ លោក ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្តកំពត បានបង្ហើបថា មានក្លឹបបាល់ទាត់នៅថៃ និងម៉ាឡេស៊ីជាច្រើន បានព្យាយាមទាក់ទង ចាន់ វឌ្ឍនាកា ទៅលេងឲ្យក្លឹបពួកគេ ដោយហ៊ានឲ្យប្រាក់ខែខ្ពស់ៗទៀតផង ប៉ុន្ដែជម្រើសដ៏ល្អចុងក្រោយ គឺជប៉ុនទៅវិញទេ បើទោះជាប្រាក់ខែទាបជាងថៃ និងម៉ាឡេស៊ីក្ដី តែលោកសប្បាយចិត្តនឹងការអនុញ្ញាតឲ្យកូនប្រុសទៅលេងនៅទីនោះ ព្រោះជាកន្លែងអាចជួយសម្រេចគោលដៅធំៗជាច្រើននាអនាគត ។

ថ្លែងក្នុងឱកាសជូនដំណើរកូនប្រុសឡើងយន្ដហោះធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមជាមួយក្លឹបថ្មី Fujieda MYFC កាលពីយប់មិញលោក ចាន់ ចេស្ដា បានមានប្រសាសន៍ថា ការសម្រេចឲ្យកីឡាករ ចាន់ វឌ្ឍនាកា ទៅលេងនៅក្រៅប្រទេស មិនដោយសារប្រាក់ខែនោះទេ ។ ជំហ៊ានដំបូង គឺត្រូវការបទពិសោធន៍ និងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់គេឲ្យបានកាន់តែល្អប្រសើរ សម្រាប់យកបទពិសោធន៍ទាំងនោះ ត្រឡប់មកជួយក្រុមជម្រើសជាតិកម្ពុជាវិញ ។

ឪពុកបង្កើតរបស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានបញ្ជាក់ថា «កូនប្រុសខ្ញុំប្រាក់ថា មានក្លឹបថៃ និងម៉ាឡេស៊ីទាក់ទងគេទៅលេង និងឲ្យប្រាក់ខែខ្ពស់ ប៉ុន្ដែក្នុងនាមឪពុកម្ដាយ ខ្ញុំសម្រេចឲ្យគេទៅលេងនៅជប៉ុន ដោយមិនសម្លឹងឃើញប្រាក់ខែទេ ព្រោះជប៉ុនជាប្រទេសរីកចម្រើនផ្នែកបាល់ទាត់នៅអាស៊ី ។

ដូច្នេះយើងអាចប្រើពាក្យសាមញ្ញថា គាត់(វឌ្ឍនាកា) អាចជាអ្នកខ្សោយក្នុងប្រទេសខ្លាំង ប្រសើរជាងគាត់ខ្លាំង នៅប្រទេសខ្សោយ ។ កត្ដានេះហើយទើបខ្ញុំសម្រេចឲ្យ វឌ្ឍនាកា ទៅលេងនៅជប៉ុន ទោះប្រាក់ខែទាបជាងថៃ និងម៉ាឡេស៊ីក៏ដោយ» ។ គួរបញ្ជាក់ថា កីឡាករវ័យ ២៣ឆ្នាំ ចាន់ វឌ្ឍនាកា បានធ្វើដំណើរចាកចេញពីកម្ពុជា ទៅជប៉ុនកាលពីវេលាម៉ោង ១០៖៥០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈនេះ ដើម្បីចូលរួមជាមួយក្លឹបលំដាប់លីគទី៣ របស់ជប៉ុន Fujieda MYFC ក្នុងលក្ខខណ្ឌខ្ជីជើងមួយរដូវកាល ពីក្លឹបបឹងកេតអង្គរកម្ពុជា ។ ប៉ុន្ដែភាគីទាំងសងខាង មិនបានបង្ហើបឲ្យដឹងពីតម្លៃខ្លួននៃការផ្ទេរ និងប្រាក់ខែច្បាស់លាស់នោះទេ ។ តែមានប្រភពជិតស្និតនឹងកីឡាករពាក់អាវលេខ១១នេះ បានបង្ហើបថា វឌ្ឍនាកា ទទួលបានប្រាក់ខែខ្ទង់ម៉ឺនដុល្លារពីក្លឹប J League-3 នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់