ចាន់ វឌ្ឍនាកា នឹងបង្ហាញសមត្ថភាពក្នុងជំនួបមិត្តភាពផ្លូវការរបស់ក្លឹប Fujieda សប្ដាហ៍ក្រោយ

នូ មករា February 10, 2017


ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងត្រូវចាកចេញពីកម្ពុជា ទៅលេងឲ្យក្លឹប Fujieda MYFC សមាជិកលីគលំដាប់ទី៣ របស់ជប៉ុននាវេលាម៉ោង ១០៖៥០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈចុងសប្ដាហ៍នេះ ។
  តែមុនចេញដំណើរកូនប្រុសរបស់អភិបាលខេត្តកំពតរូបនេះ បានបង្ហើបថា បន្ទាប់ពីទៅដល់ជប៉ុន និងហ្វឹកហាត់រយៈពេលមួយសប្ដាហ៍ ខ្លួននឹងបង្ហាញសមត្ថភាពក្នុងជំនួបមិត្តភាពផ្លូវការលើកដំបូង ពេលក្រុម Fujieda ជួបក្រុមបាល់ទាត់ជប៉ុនដូចគ្នា នៅថ្ងៃទី១៨ ខែកុម្ភៈចុងសប្ដាហ៍ក្រោយ ។សម្រាប់ការត្រៀមខ្លួនចាកចេញពីស្រុកកំណើតនេះដែរ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ បានបង្ហាញពីអារម្មណ៍រំភើបរីករាយ និងការសោកស្ដាយផងដែរ ព្រោះត្រូវឃ្លាតឆ្ងាយពីគ្រួសារបាល់ទាត់កម្ពុជា អ្នកគាំទ្រ និងគ្រួសារជាទីស្រលាញ់របស់ខ្លួន ។ ប៉ុន្ដែយ៉ាងណាក៏គេបានតាំងចិត្ត ដើម្បីសម្រេចក្ដីសុបិនជាមួយនឹងអាជីពបាល់ទាត់នេះដែរ ។ មិនតែប៉ុណ្ណោះ វឌ្ឍនាកា ក៏បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យកាន់តែរីកចម្រើន ដើម្បីយកមកជួយវិស័យបាល់ទាត់កម្ពុជាវិញ ។ថ្លែងក្នុងពិធីជួបសម្ដែងការគួរសម្យជាមួយលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីម្សិលមិញ កីឡាករជំនាញជើងឆ្វេងដដែល បានឲ្យដឹងថា មកទល់ពេលនេះ ខ្លួនមិនទាន់ដឹងពីកម្មវិធីផ្លូវការរបស់ក្លឹបថ្មី Fujieda នៃលីគលំដាប់ទី៣ របស់ជ៉ុននោះទេ ប៉ុន្ដែអ្វីដែលខ្លួនដឹង គឺនៅថ្ងៃទី១៨ ខែកុម្ភៈនេះ នឹងមានការប្រកួតមិត្តភាពមួយរវាងក្លឹប Fujieda និងក្លឹបជប៉ុនដូចគ្នា តែមិនទាន់ស្គាល់ឈ្មោះនោះទេ ហើយការប្រកួតនោះ ខ្លួនមានជំនឿចិត្តថា នឹងបានបង្ហាញសមត្ថភាពលើកដំបូងផងដែរ ។សូមរំឮកថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរ ព្រមព្រៀងផ្ទេរឲ្យក្លឹប Fujieda សមាជិកលីគលំដាប់ទី៣ របស់ជប៉ុនក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ(២០១៧) ប៉ុន្ដែភាគីទាំងសងខាង មិនបានបង្ហើបឲ្យដឹងពីតម្លៃខ្លួននៃការផ្ទេរ និងប្រាក់ខែច្បាស់លាស់ ក្នុងការនាំយកកីឡាករមានប្រភពមកពីខេត្តកំពតរូបនេះ ទៅលេងនៅលើទឹកដីជប៉ុននោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់