ឯកអគ្គរាជទូតជប៉ុនប្រាប់ ចាន់ វឌ្ឍនាកា ឲ្យខំប្រឹងជាមួយក្លឹបថ្មី ដើម្បីបង្ហាញពីមោទនៈភាពកីឡាករបាល់ទាត់កម្ពុជា

នូ មករា February 9, 2017


ភ្នំពេញ៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរ ចំពោះកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដែលត្រូវបានក្លឹប Fujieda MYFC របស់ជប៉ុន ខ្ចីជើងរយៈមួយឆ្នាំ ដើម្បីជួយក្លឹបក្នុងរដូវកាលថ្មីរបស់ខ្លួន ។ ទន្ទឹមជាមួយគ្នានេះ លោកឯកអគ្គរាជទូតក៏បានផ្ដាំផ្ញើឲ្យខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ខិតខំហ្វឹកហាត់ និងបញ្ចេញសមត្ថភាពជាមួយក្លឹបថ្មី ដើម្បីបង្ហាញពីមោទនៈភាពនៃកីឡាករបាល់ទាត់កម្ពុជាដំបូង ដែលប្រកបអាជីពបាល់ទាត់នៅជប៉ុននេះផងដែរ ។
 គួរបញ្ជាក់ថា ការថ្លែងបែបនេះ គឺធ្វើឡើងក្នុងឱកាសលោក Hidehisa HORINOUCHI អនុញ្ញាតឲ្យកីឡាករ ចាន់ វឌ្ឍនាកា ចូលជួបសម្ដែងការគួរសម្យនៅស្ថានទូតជប៉ុនក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ ។ ជាមួយគ្នានោះលោកឯកអគ្គរាជទូតបានចាត់ទុកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះ គឺជានិមិត្តរូបដ៏ល្អមួយ សម្រាប់មិត្តរួមអាជីព និងថ្នាលយុវជនជំនាន់ក្រោយរបស់កម្ពុជា ដើម្បីដាស់តឿនពួកគេឲ្យខិតខំហ្វឹកហាត់បាល់ទាត់ និងឈានទៅសម្រេចគោលដៅមួយដូចកីឡាករ ចាន់ វឌ្ឍនាកា ។ឆ្លៀតក្នុងឱកាសនោះដែរ លោក HORINOUCHI បានផ្ដល់នូវដំបូន្មានល្អៗជាច្រើនដល់ ចាន់ វឌ្ឍនាកា មុននឹងគេចាកចេញពីស្រុកកំណើត ឃ្លាយឆ្ងាយពីគ្រួសារ និងអ្នកគាំទ្រ ទៅរស់នៅជប៉ុន ដោយជំរុញកីឡាកររូបនេះឲ្យព្យាយាមហ្វឹកហាត់ និងបញ្ចេញសមត្ថភាពឲ្យបានល្អប្រសើរ ដើម្បីបង្ហាញឲ្យប្រជាជនជប៉ុន និងអន្ដរជាតិ បានស្គាល់ពីទេពកោសល្យរបស់កីឡាករកម្ពុជា ។ មិនតែប៉ុណ្ណោះលោកក៏អំពាវនាវដល់អ្នកគាំទ្រកម្ពុជាឲ្យបន្ដគាំទ្រកីឡាករជម្រើសជាតិរបស់ខ្លួន ដើម្បីលើកទឹកចិត្តគេឲ្យខំប្រឹង និងនាំយកបទពិសោធន៍ថ្មីៗ មកជួយដល់វិស័យបាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាតែម្ដង ។ ចំណែកកីឡាករ ចាន់ វឌ្ឍនាកា វិញ បានសន្យាថា ខ្លួននឹងព្យាយាមឲ្យអស់ពិសមត្ថភាព ក្នុងរយៈពេលមួយឆ្នាំ ដែលក្លឹប Fujieda ខ្ចីជើងទៅជួយក្លឹបក្នុងឆ្នាំ២០១៧នេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យបានរីកចម្រើន ។ជាពិសេសគឺដើម្បីសម្រេចគោលដៅធំៗលើអាជីពបាល់ទាត់នេះ ដូចជាការឈានទៅចាប់ឱកាសលេងនៅលីគលំដាប់ទី២ ឬលីគកំពូលរបស់ជប៉ុនជាដើម ។ សូមរំឮកថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរ ព្រមព្រៀងឲ្យក្លឹប Fujieda សមាជិកលីគលំដាប់ទី៣ របស់ជប៉ុនខ្ចីជើងរយៈពេលមួយឆ្នាំ(២០១៧) ប៉ុន្ដែភាគីទាំងសងខាង មិនបានបង្ហើបឲ្យដឹងពីតម្លៃខ្លួននៃការផ្ទេរ និងប្រាក់ខែច្បាស់លាស់ ក្នុងការនាំយកកីឡាករមានប្រភពមកពីខេត្តកំពតរូបនេះ ទៅលេងនៅលើទឹកដីជប៉ុននោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់