ចាន់ វឌ្ឍនាកា ប្ដេជ្ញាជួយកុមារដាច់ស្រយាលឲ្យទទួលបានការអប់រំត្រឹមត្រូវ!

នូ មករា February 2, 2017


 ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានអង្គការសង្គ្រោះកុមារប្រចាំនៅកម្ពុជា ផ្ដល់សេចក្ដីទុកធ្វើជាទូតសុឆន្ទៈរបស់ខ្លួន ខណៈសាមីខ្លួនបានប្ដេជ្ញាចិត្ដ នឹងប្រើប្រាស់តួនាទីនេះ ដើម្បីជួយដល់សង្គម ពិសេសគឺការជួយដល់កុមាររស់នៅតាមតំបន់ដាច់ស្រយាល ឲ្យទទួលបានការអប់រំត្រឹមត្រូវនិងប្រកបដោយគុណភាពទៀតផង ។
 នៅក្នុងពិធីចុះកិច្ចសន្យាធ្វើទូតសុឆន្ទៈរបស់អង្គការកាលពីម្សិលមិញ ចាន់ វឌ្ឍនាកា បាននិយាយថា៖ «ខ្ញុំមានមោទនភាពណាស់ ដែលបានក្លាយជាទូតសុឆន្ទៈរបស់អង្គការសង្គ្រោះកុមារនៅកម្ពុជា ។ វាមានសារៈសំខាន់ណាស់ចំពោះខ្ញុំ ដែលបានជួយកុមារនៅតំបន់ដាច់ស្រយាលឲ្យទទួលបានការអប់រំត្រឹមត្រូវ និងមានគុណភាព ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិកុមារ» ។ កីឡាករទើបចុះកិច្ចសន្យាផ្ទេរពីក្លឹបបឹងកេត ទៅក្លឹបជប៉ុន Fujieda MYFC រូបនេះ បានបន្ថែមថា ការស្ម័គ្រចិត្តធ្វើការជាមួយអង្គការក្រៅរាជរដ្ឋាភិបាលនេះ ដោយសារអង្គការនេះធ្វើការយ៉ាងជិតស្និទ្ធិ និងរលូនជាមួយរាជរដ្ឋាភិបាល ដើម្បីធានាថា កុមារគ្រប់រូបអាចទទួលបានការអប់រំដែលមានគុណភាព ពិសេសកុមាររស់នៅតាមតំបន់ដាច់ស្រយាលដូចជាភូមិអណ្ដែតទឹក និងលិចទឹកតាមបឹងទន្លេសាបតែម្ដង ។
កូនប្រុសបង្កើតឯកឧត្តម ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្តកំពតដដែលបន្ដថា៖ «ខ្ញុំឃើញកុមាររស់តាមតំបន់ដាច់ស្រយាលមានការលំបាកក្នុងការចូលរៀន ព្រោះខ្វះខាតគ្រឿងបរិក្ខាសាលារៀន គ្រូ និងបញ្ហាមធ្យោបាយធ្វើដំណើរ ហើយខ្ញុំចង់ជួយកុមារទាំងនោះឲ្យទទួលបានការអប់រំយ៉ាងហោចណាស់កម្រិតមូលដ្ឋានដូចដែលរដ្ឋាភិបាលយើងបានប្ដេជ្ញា ។ ខ្ញុំសប្បាយចិត្តក្នុងការងារនេះ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានការអប់រំ» ។
គួរបញ្ជាក់ថា កិច្ចសន្យាព្រមព្រៀងធ្វើទូតសុឆន្ទៈអង្គការសង្គ្រោះកុមារប្រចាំនៅកម្ពុជារបស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា គឺស្របពេលកីឡាករវ័យ ២៣ឆ្នាំរូបនេះ ត្រៀមខ្លួនចេញពីប្រទេសកម្ពុជា ទៅបន្ដអាជីពបាល់ទាត់ជាមួយក្លឹបថ្មី Fujieda MYFC សមាជិលលីគលំដាប់ទី៣ របស់ជប៉ុនកំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់