ភ្នំពេញក្រោនស្គាល់ភាពបរាជ័យដំបូងក្រោមថ្វីជើងទ័ព

បារាំង September 17, 2015


ក្លឹបក្រសួងការពារជាតិបានយកឈ្នះក្លឹបភ្នំពេញក្រោនក្នុងលទ្ធផល ៣-០ ក្នុងជើងទី ២នេះ។ ដោយសារអវត្តមានរបស់កីឡាករ ធារី និង Shane Booysen ក្លឹបភ្នំពេញក្រោនហាក់បីដូចជាខ្វះអ្វីម្យ៉ាងក្នុងតង់ទី១ ទោះបីជាកីឡាករ សារី ម៉ាត់ណូរ៉ូទីនមានឱកាសរកគ្រាប់បាល់បើកឆាកឲ្យក្លឹបពីរដងក៏ដោយតែមិនបានសម្រេច។ ក្លឹបក្រសួងការពារជាតិធ្វើការនាំមុខមុននឹងចប់តង់ទីមួយ ៤នាទី នៅពេលដែលកីឡាករ ពៅ ភារិទ្ធិ ស៊ុតបញ្ជូលទីយ៉ាងល្អនៅជ្រុងខាងលើចង្ងាយប្រហែល ២៥ ម៉ែត្រ ដែលធ្វើឲ្យអ្នកចាំទី អារី មិនអាចសង្រ្គោះបាល់បាន។ ក្លឹបភ្នំពេញក្រោនចាប់ផ្តើមសម្រុកនៅតង់ទី២ ជាមួយការស៊ុតរបស់កីឡាករ Bisan តែត្រូវអ្នកចាំទី អុំ សេរីរ័ត្ន ជួយបានព្រមទាំងការទាត់បាល់ពិន័យរបស់កីឡាករ គួច ដានី រំលងរបាទី។ ការរកបានគ្រាប់បាល់ពីរគ្រាប់ក្នុងកំឡុង ៥នាទី ធ្វើឲ្យក្លឹបភ្នំពេញក្រោនបាត់បង់ឱកាសក្នុងការតាមស្មើនៅពេលដែលក្លឹបក្រសួងការពារជាតិវាយបកមកវិញ។ នៅនាទីទី ៦៣ កីឡាករ ឈិន ឈឿន បញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ហើយកីឡាករ កែវ វណ្ណៈ ជាអ្នកធ្វើបានសម្រេច។ ការសហការរបស់កីឡាករទាំងពីរនេះដដែរ បានរកបានគ្រាប់បាល់ទី៣ ឲ្យក្លឹបក្រសួងការពារជាតិនៅពេលដែលកីឡាករ វណ្ណៈ ស៊ុតបញ្ចូលទីយ៉ាងល្អ។ ការនាំមុខ ៣ ទល់ ០ ក្លឹបភ្នំពេញក្រោនមានឱកាសមួយចំនួន៖ ការស៊ុតរបស់កីឡាករ Bisan ត្រូវបានបិទ, គ្រាប់បាល់របស់កីឡាករ Koroma ប៉ះរបាទី, ការ Volley របស់កីឡាករ កែវ សុខផេងចេញក្រៅ។ កីឡាករ ចាន់រឿន របស់ក្លឹបក្រសួងការពារជាតិត្រូវបានបណ្តេញចេញដោយទទួលបានកាតលឿងពីរ។

b

c

(នេះជារូបភាពអំឡុងការប្រកួតនៅទឹកដីរបស់ភ្នំពេញក្រោន)

លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានបង្ហាញចំណាប់អារម្មណ៍ក្រោយការចាញ់ក្លឹបក្រសួងការពារជាតិក្នុងការប្រកួតទី១៦ នៃលីកកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីកក្នុងលទ្ធផល ៣-០ កាលពីរសៀលថ្ងៃពុធថា៖ “ខ្ញុំពិតជាសូមអភ័យទោសដល់អ្នកគាំទ្ររបស់ក្លឹបទាំងអស់ដែលបានចំណាយពេល និងថវិកាមកទស្សនាការប្រកួតថ្ងៃនេះ ដែលការលេងថ្ងៃនេះពិតជាមិនល្អដូចអ្វីដែលយើងបានគ្រោងទុកនោះទេ មិនថាលទ្ធផល ប៉ុន្តែសរុបមកការលេងគឺមិនល្អតែម្តង។ យើងនឹងចំណាយពេលដើម្បីពិនិត្យមើលកំហុស ព្រមទាំងរកមូលហេតុថាហេតុអ្វីបានជាថ្ងៃនេះកីឡាករទាំងអស់លេងមិនបានល្អ។ យើងគួរតែនាំមុខ ១-០ ក្រោយលេងបាន ១ មួយនាទីប្រសិនជាយើងលេងល្អជាងនេះ ប្រសិនជាយើងរកបានគ្រាប់បាល់នៃឱកាសល្អរបស់យើងនោះ ការប្រកួតទាំងមួលនឹងខុសប្លែក។ ខ្ញុំគិតថាពួកគេគ្មានឱកាសនោះទេក្នុងតង់ទី ១ ក្រៅពីការស៊ុតចូលជ្រុងខាងលើនៃទីនោះ។ ខ្ញុំមិនពេញចិត្តចំពោះការលេងតបវិញរបស់យើងក្នុងតង់ទី ២ សោះ ព្រោះវាមិនគ្រប់គ្រាន់ទោះបីជាកីឡាករដែលដូរចូលក៏មិនគ្រប់គ្រាន់ផងដែរ។ យើងមានឱកាសម្តងជាពីរដង ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលចំពោះគ្រាប់ទី៣ នោះទេ យើងត្រូវសម្រុកទៅមុខដើម្បីរកឱកាស។ ចាញ់ ១-០ និង ៣-០ គ្មានអ្វីខុសគ្នានោះទេសម្រាប់ខ្ញុំ ព្យាយាម រកគ្រាប់បាល់ដើម្បីតាមស្មើខ្ញុំមិនស្តាយក្រោយនោះទេ គ្រាន់តែភ្ញាក់ផ្អើលចំពោះការលេងរបស់កីឡាករមួយចំនួននៅថ្ងៃនេះ។  ចាញ់ប្រកួតដំបូងក្នុងចំណោម ១៦ ប្រកួតមិនមានន័យថាពួកយើងភ័យខ្លាចនោះទេ។ នេះជាការប្រកួតមួយដែលអាចចាត់ទុកថាមិនល្អ កីឡាករជាច្រើនលេងមិនសូវបានល្អ យើងត្រូវពិនិត្យមើលកំហុសរបស់យើង ដើម្បីកែសម្រួលរបៀបនៃការលេង និងកីឡាករជម្រើស ១១ នាក់ដំបូងរបស់យើង ក្រៅពីនេះសង្ឃឹមថាយើងនឹងអាចលេងបានល្អជាងនេះនៅថ្ងៃសៅរ៍នេះ។”

aលោក Sam Schweingruber

អត្ថបទ៖ រិទ្ធី
រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត