កីឡាករ Keisuke Honda លើកឡើងនូវសារចំនួន ៣ សំខាន់ៗដល់យុវវ័យ និងប្រជាជនកម្ពុជា

នូ មករា December 26, 2016


ភ្នំពេញ៖ កីឡាករ Keisuke Honda ដែលទើបតែបានបញ្ចប់បេសកកម្មនៃការបង្ហាញពីបច្ចេកទេស និងមូលដ្ឋានគ្រឹះក្នុងការលេងបាល់ទាត់ដល់កុមារប្រមាណជា ១០០ នាក់នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកនោះ បានថ្លែងនូវសារចំនួន ៣ ដល់យុវជនក៏ដូចជាប្រជាជនកម្ពុជាដើម្បីរួមគ្នាផ្សព្វផ្សាយពីវិស័យកីឡា និងលើកកម្ពស់សុខុមាលភាពសង្គមផងដែរ ។

ខ្សែប្រយុទ្ធរបស់ក្លឹបយក្សអុីតាលី AC Milan រូបនេះបានអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមអនុវត្តឱ្យបានផុសផុលនូវសកម្មភាព ៣ សំខាន់ៗដែលរួមមាន៖ ទី១. រួមគ្នាគោរពច្បាប់ចរាចរណ៍, ទី២. ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងទី៣. រួមគ្នាហាត់កីឡាឱ្យបានច្រើន ។ ជាមួយគ្នានេះ Keisuke Honda បានបន្ថែមថា លោកសង្ឃឹមថាប្រជាជនកម្ពុជានឹងរួមគ្នាហាត់កីឡាឱ្យបានទូលំទូលាយ​ ពិសេសសូមឱ្យឪពុកម្តាយគ្រប់រូបៗលើកទឹកចិត្ត ឬជំរុញកូនៗបានយល់ដឹងពីអត្ថប្រយោជន៍នៃកីឡាដើម្បីជាប្រយោជន៍ចំពោះសុខភាព ក៏ដូចជាដើម្បីឱ្យពួកគេបានចាកផុតពីការប្រើប្រាស់គ្រឿងញៀនផងដែរ ។

គួររំលឹកថា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នេះ កីឡាករ ជប៉ុន Keisuke Honda បានជម្រាបសម្ដេចអំពីបំណងចង់មកជួយយុវជនកម្ពុជាក្នុងវិស័យកីឡាបាល់ទាត់ ដោយលោកបានលើកឡើងថា ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀនព្រោះលោកធ្លាប់មានសុបិន្តគិតថា ចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញម្នាក់ ហើយលោកមានបំណងចែករំលែក ឬផ្ទេរបទពិសោធន៍ទាំងនោះទៅឱ្យយុវជនកម្ពុជាដើម្បីឱ្យពួកគេទទួលបានជោគជ័យដូចរូបលោកដែរ ៕

 

អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត