ក្មេងៗជាង ៩ ពាន់នាក់សម្រុកធ្វើតេស្តចូលថ្នាលយុវជនក្លឹប Buriram United
នូ មករា November 28, 2016
ថៃ៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ក្លឹបបាល់ទាត់ Buriram United ដ៏ល្បីល្បាញរបស់ប្រទេសថៃបានឱ្យដឹងថាមានក្មេងៗក៏ដូចជាយុវជនប្រមាណជាជាង ៩ ពាន់នាក់បានសម្រុកមកចុះឈ្មោះចូលធ្វើតេស្តសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដើម្បីផ្តល់ឱកាសឱ្យគណៈកម្មការរៀបចំអាចជ្រើសរើសយកពួកគេមកហ្វឹកហាត់ក្នុងក្រុមថ្នាលយុវជនរបស់ក្លឹបបាល់ទាត់មួយនេះ ( Buriram United Academy) ។
ការជ្រើសរើសនេះបានបើកធ្វើនៅក្នុងរយៈកាល ២ ថ្ងៃដោយផ្តើមចាប់ពីថ្ងៃទី២៦ និងទី២៧ ខែវិច្ឆិកា កន្លងទៅនៅទីលានហ្វឹកហាត់ Chang Training Ground ដែលមានមូលដ្ឋាននៅក្នុងខេត្ត Buriram ភាពឥសាននៃប្រទេសថៃ ដែលកម្មវិធីធ្វើតេស្តនេះមានគោលដៅស្វែងរកធនធានជំនាន់ក្រោយស្ទើរគ្រប់កម្រិតអាយុដើម្បីជាកម្លាំងស្នូលត្រៀមសម្រាប់ការប្រកួតនានា ក៏ដូចជាសម្រាប់អនាគតរបស់ក្លឹបផងដែរ ដោយផ្តើមពីកម្រិត U-11, U-13 U-15 និង U-17 ។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកចុះឈ្មោះទាំង ៩០២៧ នាក់នេះ មានយុវជនក្នុងកម្រិតអាយុU-15 និង U-17 រហូតដល់ ៥៥៧២ នាក់ឯណោះ ។ ចំនួនអ្នកចូលរួមដ៏ច្រើននេះបានបង្ហាញឱ្យឃើញថា ប្រជាប្រិយភាពរបស់ក្លឹប Buriram United មិនស្រកស្រុតនោះឡើយ បើទោះបីជាក្លឹបមួយនេះមិនសូវជាទទួលបានលទ្ធផលល្អដូចបណ្តាឆ្នាំកន្លងទៅក៏ដោយ ជាងនេះទៅទៀតវាក៏ជាសញ្ញាបង្ហាញឱ្យឃើញថា ប្រទេសថៃនឹងមានធនធានកីឡាករឆ្នើមៗដ៏ច្រើននាពេលអនាគត ខណៈដែលវិស័យបាល់ទាត់នៃប្រទេសនេះបានបោះជំហានយ៉ាងឆាប់រហ័សរហូតត្រូវបានគេទទួលស្គាល់ថាមានភាពលេចធ្លោជាងគេនៅក្នុងតំបន់អាស៊ាន រីឯលីគបាល់ទាត់ក្នុងប្រទេសនេះក៏មានក្លឹបល្អៗដែលហ៊ានចំណាយធនធានជាច្រើនក្នុងការទិញយកកីឡាករឆ្នើមនៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសនានាមកចូលរួមជាមួយខ្លួន ៕
អត្ថបទ៖ មករា