ក្តៅៗ… ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សុំពេលគិតសិន ខណៈក្លឹបជប៉ុុន Fujieda MYFC ដាក់សំណើរជាផ្លូវការ!
នូ មករា November 21, 2016
ជប៉ុន៖ យោងតាមការចុះផ្សាយពីគេហទំព័រកីឡាដ៏ល្បីនៅក្នុងប្រទេសថៃបានឱ្យដឹងថា ក្លឹប Fujieda MYFC ដែលកំពុងលេងនៅលីគទី៣ នៃប្រទេសជប៉ុន បានដាក់សំណើរជាផ្លូវការដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅចូលរួមក្នុងក្លឹបរបស់ខ្លួននាររដូវកាលឆ្នាំ២០១៧ ក្រោយនេះ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងថា កីឡាករដែលកំពុងឡើងជើងរូបនេះនឹងយល់ព្រមឬយ៉ាងណានោះទេ ខណៈដែលសាមីខ្លួនសុំពេលគិតសិន ស្របពេលដែលរូបគេកំពុងតែបំពេញភារកិច្ចជួយក្រុមជម្រើសជាតិនោះ ពោលគឺរូបគេនឹងសម្រេចចិត្តនៅក្រោយព្រឹត្តិការណ៍ AFF Suzuki Cup 2016 និង Toyata Mekong Club Championship 2016 បានបញ្ចប់។
ជាមួយគ្នានេះដែរ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់បឹងកេតអង្គរ បានបញ្ជាក់ថា រឿងនេះគឺអាស្រ័យលើសាមីខ្លួនផ្ទាល់ជាអ្នកសម្រេច ដោយខាងក្លឹបជប៉ុនបានលើកឡើងនូវលក្ខខណ្ឌផ្សេងៗផងដែរ ប៉ុន្តែវាសំខាន់លើសាមីខ្លួនផ្ទាល់ថា ទៅ ឬមិនទៅ ហើយរូបគេនឹងផ្តល់ចម្លើយក្រោយ AFF Suzuki Cup 2016 និង Toyata Mekong Club Championship 2016 បញ្ចប់។
គួររំលឹកថា កីឡាករចាន់ វឌ្ឍនាកា ទទួលបានការពេញចិត្តពីសំណាក់ភាគីក្លឹប Fujieda MYFC បន្ទាប់ពីបានចំណាយពេលហ្វឹកហាត់រយៈពេលខ្លីកាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ បើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ ការសម្រេចចិត្តរបស់កីឡាកររូបនេះអាចនឹងដឹងច្បាស់តាមរយៈសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដែលអាចនឹងត្រូវធ្វើឡើងនៅពេលដែលការប្រកួតនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានបញ្ចប់៕
អត្ថបទ៖ មករា និង បុត្រា