ការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេច តេជោ ២០១៤ Hun Sen-Cup 2014

គឹមហុក November 12, 2014


Football Cambodia

Hun Sen Cup 2014

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាពានរង្វាន់មួយដែលមានវ័យចំណាស់ និងមានតម្លៃខ្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានចាប់ផ្តើមបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០០៧ បើគិតមកទល់នឹងពេលនេះ គឺមានរយៈពេល៨ឆ្នាំហើយ។

ពានរង្វាន់សម្ដេច ហ៊ុន សែន កកើតតាំងពីឆ្នាំ២០០៧មកដោយមានការចូលរួមពីសំណាក់ក្រុមចំនួន ២៨ ទូទាំងប្រទេសនាពេលនោះ។ ពានរង្វាន់នេះបានកើតឡើងក្រោយពេល ឯកឧត្ដម សៅ សុខា ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ កម្ពុជានាឆ្នាំ២០០៦។
ការប្រកួតនាឆ្នាំ២០០៧ គឺធ្វើឡើងដោយជម្រុះតាមពូល រហូតដល់វគ្គចាញ់ធ្លាក់។ ដោយ ក្រុម ខេមរាកីឡា គឺជាក្រុមដំបូងគេដែលបានឈ្នះ ពាននេះក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប មុនពេលក្លឹបត្រូវបានដកខ្លួនចេញពីពិភពបាល់ទាត់ជាតិនៅឆ្នាំ២០១១ ដោយសារតែវិបត្តិហិរញ្ញវត្ថុ។ បច្ចុប្បន្ន ខេមរាកីឡា នៅតែមិនអាចរៀបចំខ្លួនដើម្បីឡើងមកលេងនៅលីកកំពូលវិញឡើយ។
សម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺតម្រូវឲ្យលេងតែកីឡាករក្នុងស្រុកតែប៉ុណ្ណោះ មិនតម្រូវឲ្យមានដាក់កីឡាករបរទេសនោះឡើយ។

ដោយឡែកសម្រាប់ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៤នេះ នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ ដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយចែកចេញជា ២ដំណាក់កាល គឺដំណាក់កាលទី១ ចាប់ផ្ដើមធ្វើពីថ្ងៃទី៣ ដល់១២ ខែធ្នូ ឆ្នាំ២០១៣ និងដំណាក់កាល ទី២ ចាប់ផ្ដើមពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤។
ចំពោះដំណាក់កាលទី១ គឺជាការប្រកួតជម្រុះនៅតាមតំបន់នីមួយៗ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមាន ៦តំបន់ គឺតំបន់រាជធានីភ្នំពេញ តំបន់ខាងកើត តំបន់កណ្តាល តំបន់ខាងលិច តំបន់ខាងត្បូង និងតំបន់ខាងជើង។ ដោយនៅក្នុងនោះតំបន់រាជធានីភ្នំពេញ មានចំនួន ១១ក្រុមចូលរួមប្រកួតជម្រុះ ហើយជ្រើសរើសយកតែ ៣ក្រុមប៉ុណ្ណោះ។ ការប្រកួតជម្រុះនៅតំបន់រាជធានីភ្នំពេញនេះ គឺរាប់បញ្ចូលទាំងក្រុមដែលមានចំណាត់ថ្នាក់លេខ៩ និងលេខ១០ ដែលលេងនៅក្នុង League ឆ្នាំ២០១៣ និងក្រុមមកពីបណ្ដាខ័ណ្ឌនានា។
ដោយឡែកតំបន់ចំនួន ៥ទៀត គឺត្រូវជម្រុះយកតែមួយក្រុមប៉ុណ្ណោះ នៅក្នុងតំបន់ទាំង៥នេះ។ តំបន់ទាំង៥នោះ គឺតំបន់ខាងកើតមាន ៤ខេត្ត ដែលរួមមាន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តកណ្ដាល។ តំបន់កណ្ដាលមាន ៥ខេត្ត រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តំបន់ខាងលិចមាន ៥ ខេត្ត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។តំបន់ខាងត្បូងមាន ៥ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង។ តំបន់ខាងជើងមាន ៤ខេត្ត រួមមាន ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
បន្ទាប់ពីប្រកួតជម្រុះនៅតាមតំបន់ទាំង ៦នេះ គេនឹងបានក្រុមខ្លាំងៗចំនួន៨ ដើម្បីឡើងមកលេងនៅដំណាក់កាលទី២ ដែលដំណាក់កាលទី២នេះ មាន៨ក្រុមផ្សេងទៀតនៅរង់ចាំរួចជាស្រេច នោះគឺក្រុមខ្លាំងទាំង៨ ដែលលេងក្នុង League កំពូលកម្ពុជា ២០១៣ គឺក្រុមបាល់ទាត់ Naga Corp(អតីតជើងឯក) ក្រុមបាល់ទាត់ខេត្តស្វាយរៀង ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រុមបាល់ទាត់ចម្ការកៅស៊ូបឹងកេត ក្រុមបាល់ទាត់បៀលប្រាយ ក្រុមបាល់ទាត់ក្រសួងការពារជាតិ ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ និងក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ។
គួររម្លឹកថា កាលពីឆ្នាំ២០១៣ ណាហ្គាខប ឈ្នះ ពានសម្ដេច ហ៊ុន សែន លើកដំបូង បន្ទាប់ពីឈ្នះ ការពារជាតិ ដោយគ្រាប់បាល់កាត់សេចក្ដីប៉េណាល់ទី ៥-៣ ដែល៥គ្រាប់របស់ ណាហ្គាខប ស៊ុតចូលដោយ កីឡាករ ស៊ុន សុវណ្ណរិទ្ធី, ជួន ជុំ, ទៀប វឌ្ឍនៈ, កុប អ៊ីសា, និង អូម ថាវរៈនិង ៣គ្រាប់របស់ការពារជាតិ គឺ អ៊ុង តារា, អៀង ពិសិដ្ឋ និង កែ វណ្ណៈ ក្នុងពេលដែលកីឡាករ ថោង ឧត្ដម ធ្វើមិនបានសម្រេច ។

ក្លឹបដែលឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតាំងពីឆ្នាំ២០០៧មានដូចតទៅ៖
ឆ្នាំ ជើងឯក លទ្ធផល ជើងឯករង លេខ៣ លទ្ធផល លេខ៤
២០០៧ ខេមរាកីឡា ដោយយកឈ្នះ ណាហ្គាខប ក្នុងលទ្ធផល ១- ១ (៤- ២ ប៉េណាល់ទី)
Fair Play: បានទៅលើក្រុម BBU
២០០៨ ភ្នំពេញក្រោន ដោយយកឈ្នះ ព្រះខ័នរាជ ១- ០

Fair Play បានទៅលើ ព្រះខ័នរាជ
២០០៩ ភ្នំពេញក្រោន ដោយយកឈ្នះ ណាហ្គាខប ១- ០
Fair Play: ភុជង្គនាគ
២០១០ ការពារជាតិ ដោយយកឈ្នះ ភ្នំពេញក្រោន ៣-២
Fair Play: ព្រះខ័នរាជ
២០១១ ព្រះខ័នរាជ ២-០ បៀលប្រាយ
Fair Play: ការពារជាតិ
២០១២ ព្រះខ័នរាជ ដោយយកឈ្នះ ណាហ្គាខប ២-១ ក្នុងម៉ោងបន្ថែម
Fair Play: ណាហ្គាខប
២០១៣ ណាហ្គាខប ដោយឈ្នះបាល់ប៉េណាល់ទី ការពារជាតិ ៥-៣
មិនដឹងថា ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៤ នេះ ក្រុមណាហ្គាខប អាចការពារតំណែងជើងឯកនេះបន្តទៀតបាន ឬយ៉ាងណានោះទេ ក្នុងពេលដែលក្រុមផ្សេងៗទៀត ដូចជា ភ្នំពេញក្រោន បឹងកេត ស្វាយរៀង កំពុងតែអន្ទះសារចង់បានពានរង្វាន់នេះដូចៗគ្នា៕

ពានរង្វាន់ សម្ដេច ហ៊ុន សែន នេះ ជាពានលំដាប់ធំទីពីរនៅប្រទេសកម្ពុជា បន្ទាប់ពី មិត្តហ្វូនខេមបូឌានលីក ដោយគេប្រៀបប្រដូចទៅនឹង ពានរង្វាន់ FA Cup របស់ប្រទេសអង់គ្លេស ក៏បាន ដែលមាន២៨ក្រុមចូលរួមមកពីគ្រប់ខេត្តក្រុមទូទាំងប្រទេស៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត