ក្រោយការរង់ចាំជាង៤០ ឆ្នាំ អ្នកគាំទ្រកម្ពុជាពេញចិត្តពេញថ្លើមចំពោះលទ្ធផលប្រកួតយប់មិញ!

នូ មករា July 29, 2016


ភ្នំពេញ៖ បើទោះបីជាត្រូវអង្គុយហាលភ្លៀងទទឹកជោគខ្លួនក៏អ្នកគាំទ្រកម្ពុជារាប់មឺុននាក់មិនបានចុះញ៉មដោយងាយៗឡើយ ពីព្រោះនេះគឺជាការប្រកួតដ៏សំខាន់មួយដែលពួកគេមិនអាចរំលងបាន ស្របពេលដែលពួកគេបានចំណាយពេលរង់ចំាយ៉ាងអន្ទះសារបំផុត។ ជាមួយគ្នានេះដែរ ទស្សនិកជនរាប់លាននាក់ផ្សេងទៀតនៅតាមគេហដ្ឋានបានបន់ស្រន់ឱ្យភ្លៀងឆាប់រាំងដើម្បីឱ្យការប្រកួតឆាប់បានចាប់ផ្តើមដែរ។

13619925_1770127076558126_1264153603942815086_n

បន្ទាប់ពីការប្រកួតត្រូវបានពន្យារពេលអស់ជិតមួយម៉ោងរួចមក អាជ្ញាកណ្តាលក៏បានផ្លុំកញ្ចែចាប់ផ្តើមការប្រកួតតែម្តងពេលនោះហើយដែលសម្លេងហ៊ោកញ្ជ្រៀវរបស់ទស្សនិកដែលមានវត្តមានណែនណាន់តាន់តាប់ពេញពហុកីឡដ្ឋានជាតិអូឡាំពិកបានបន្លឺព្រមៗគ្នាយ៉ាងកងរំពង មិនយូរប៉ុន្មានសម្លេងហ៊ោអបអរដោយក្តីរីករាយបានលាន់លឺឡើង ខណៈដែលខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានទម្លាញសំណាញ់ទីគូប្រកួតបានយ៉ាងល្អនោះ យ់ាងណាក៏ដោយ ភាពភិតភ័យបានកើតឡើងបន្ទាប់ពីកីឡាករប្រធានក្រុមសិង្ហបុរីបានវាយបកតាមស្មើវិញភ្លាមៗនោះ។ ក៏ប៉ុន្តែកីឡាករ ទិត្យ ឌីណា បាននាំមកនូវភាពរីករាយសារជាថ្មីក្រោយពីទាត់បញ្ចូលទីក្រុមសិង្ហបុរីបានមួយគ្រាប់ទៀតមុុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់តង់ទី១។

Cambodia 2-1 Singapore

នៅទីបំផុតបើទោះបីជាក្រុមជម្រើសជាតិសិង្ហបុរីបានព្យាយាមវាយលុកយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនអាចស្វែងរកគ្រាប់បាល់ដើម្បីយកឈ្នះលើក្រុមកម្ពុជាបានឡើយ។ ដូច្នេះការប្រកួតត្រូវបានបិទបញ្ចប់ជាមួយនឹងជ័យជម្នះរបស់ក្រុមកម្ពុជា ហើយនេះជាអ្វីដែលអ្នកគាំទ្រកម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៧២ មក ក្រុមជម្រើសជាតិកម្ពុជា មិនដែលស្គាល់ពាក្យថាឈ្នះ ឬស្មើក្នុងជំនួបជាមួយក្រុមជម្រើសជាតិសិង្ហបុរីឡើយទាំងក្នុងការប្រកួតមិត្តភាព និងក្នុងការប្រកួតផ្លូវការ មិនត្រឹមតែប៉ុណ្ណោះគិតត្រឹមការប្រកួត៦ លើកចុងក្រោយ (គិតត្រឹមឆ្នាំ២០០៥) ក្រុមសិង្ហបុរីបានទាត់បញ្ចូលទីក្រុមកម្ពុជាជារឿយៗដោយមានចំនួនសរុបរហូតដល់ទៅ១៨ គ្រាប់ឯណោះ។ ដូច្នេះជ័យជម្នះលើក្រុមជើងខ្លាំងនៅក្នុងតំបន់អាស៊ាននេះពិតជារឿងមួយដ៏មានន័យសម្រាប់វិស័យបាល់ទាត់កម្ពុជាដែលធ្លាប់ត្រូវបានអ្នកគាំទ្រនៃបណ្តាប្រទេសនានាជិតខាងខ្លួនចំអកថាជា «ក្រុមដែលស្គាល់តែភាពបរាជ័យ» នោះ។ ជាមួយគ្នានេះដែរ ជំនួយការគ្រូបង្វឹកសិង្ហបុរីក៏បានលើកឡែងដែរថា លោកមានភាពភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍន៍នៃទម្រង់លេងរបស់កម្ពុជាក្នុងរយៈកាលដ៏ខ្លីស្របពេលដែលកម្លាំងអ្នកគាំទ្រដ៏ច្រើនសម្បើមបានក្លាយជាកត្តាលើកទឹកចិត្តដ៏ចម្បងក្នុងការជំរុញទឹកចិត្តរបស់កីឡាករនៅលើទីលាននោះ។

13346799_1751648941739273_6628606183521586050_n

យ៉ាងណាក៏ដោយ ទន្ទឹមនឹងក្តីរីករាយនេះ ក្រុមអ្នកគំាទ្របានលើកឡើងថា អ្វីដែលពួកគេប្រាថ្នាចង់ឃើញនោះគឺជ័យជម្នះនៅក្នុងការប្រកួតជាផ្លូវការណាមួយជាមួយនឹងបណ្តាប្រទេសធំៗ និងមានភាពឈានមុខក្នុងវិស័យកីឡាបាល់ទាត់នៅក្នុងតំបន់

ពីព្រោះថាបើទោះបីជាសន្ទុះអ្នកគាំទ្របានកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏ប៉ុន្តែកម្រិតនៃទម្រង់លេងរបស់កីឡាករ និងជ័យជម្នះរបស់ក្រុមទាំងមូលហាក់ដូចជាបន្តស្ថិតនៅជួរក្រោយនៅឡើយបើធៀបជាមួយក្រុមមួយចំនួនទៀតនៅក្នុងតំបន់អាស៊ាននេះ។ ក៏ប៉ុន្តែគេក៏មិនត្រូវភ្លេចទេថា អ្វីៗទាំងអស់នេះអាចឈានឡើងក្នុុងកម្រិតល្អប្រសើរទៅបានគឺសុទ្ធតែអាស្រ័យទៅលើពេលវេលា ធនធាន (មនុស្ស និងថវិកា) ក៏ដូចជាការហ្វឹកហាត់ ព្រមទាំងទេពកោសល្យរបស់កីឡាករម្នាក់ៗ និងគ្រូបង្វឹកផងដែរ។ ជាក់ស្តែងវិស័យបាល់ទាត់នៃប្រទេសថៃដែលបានត្រូវបានគេចាត់ទុកថា មានភាពលេចធ្លោ និងជោគជ័យក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានប្រវត្តិកកើត១០០ ឆ្នាំទៅហើយ (១៩១៥-២០១៦) ខណៈដែលរាជរដ្ឋាភិបាលនៃប្រទេសនេះបានចំណាយថវិកា មិនតិចទេក្នុងការបណ្តុះបណ្តាលលើធនធានមនុស្ស និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធកីឡា ស្របពេលដែលប្រទេសភូមិផងរបងជាមួយកម្ពុជានេះមិនដែលបានឆ្លងកាត់សង្គ្រាមសុីវិល ឬការសម្លាប់រង្គាលនោះឡើយ៕

13423802_1751647395072761_1926753512032556274_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត