ចង់ដឹងទេថា លោកគ្រូបង្វឹកក្រុមU-16 និយាយអ្វីខ្លះអំពីប្រទេសកម្ពុជា?

នូ មករា July 25, 2016


ភ្នំពេញ៖ លោក Kazunori Inoue ដែលបានធ្វើដំណើរមកពីប្រទេសជប៉ុនកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ នោះបានផ្តល់នូវទស្សនក៏ដូចជាចែករំលែកនូវបទពិសោធន៍មួយចំនួនអំពីជីវិតប្រចាំថ្ងៃ ព្រមទាំងចក្ខុវិស័យខ្លះៗនៃវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ជាទីដែលលោកបានកសាងស្នាដៃដ៏គួឱ្យរំភើបមួយដែលត្រូវបានមនុស្សជាច្រើននៅក្នងប្រទេសនេះកោតសរសើរ នោះគឺការដឹកនាំក្រុម U-16 កម្ពុជាឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ប្រកួត AFF U-16 Youth Championship 2016 ខណៈដែលរឿងដ៏រីករាយបែបនេះមិនដែលបានកើតមានឡើយក្នុងរយៈពេល១៤ ឆ្នាំកន្លងមក។

13557881_886322698161710_8561260107149822628_n

ឆ្លងកាត់ការរស់នៅ និងបំពេញការងារបានជិតកន្លះឆ្នាំនៅទីនេះ លោក Kazunori Inoue មិនបានជួបប្រទះការលំបាកនៅក្នុងការសម្របខ្លួនជាមួយនឹងប្រជាពលរដ្ឋខ្មែរដទៃទៀតឡើយ មិនត្រឹមតែប៉ុណ្ណោះលោកក៏មិនមានបញ្ហាក្នុងការស្វែងរកកន្លែងដែលអាចផ្តល់ឱ្យលោកនូវអាហារជប៉ុនដែលជាម្ហូបស្រុកកំណើតរបស់លោកដែរ។ «នៅទីនេះមានផ្សារជប៉ុនដ៏ធំមួយ ដូច្នេះខ្ញុំអាចស្វែងរកអាហារជប៉ុន និងគ្រឿងទេសនានាបានយ៉ាងងាយ។ នៅក្នុងរាជធានីភ្នំពេញក៏មានមន្ទីពេទ្យដែលមានគុណភាពដូចនៅប្រទេសជប៉ុនដែរ ប៉ុន្តែអ្វីដែលខ្ញុំត្រូវប្រឈមមុខនោះគឺអាកាសធាតុដ៏ក្តៅ វាខុសពីតំបន់ Sendai ដែលខ្ញុំបានរស់នៅ និយាយទៅសីតុណ្ហភាពនៅទីនេះគឺពិតជាក្តៅណាស់សម្រាប់ខ្ញុំ។» លោកគ្រូបង្វឹកជនជាតិជប៉ុនបានថ្លែងដូច្នេះ។ លោកបានបន្ថែមថា៖ «អ្វីដែលខ្ញុំសង្កេតឃើញនោះគឺ ប្រជាជនកម្ពុជាមានចិត្តល្អ និងរួសរាយ ពួកគេតែងតែញញឹមយ៉ាងស្រស់មករកខ្ញុំ! ជាពិសេសខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះការគោរពរៀមច្បង និងចាស់ទុំ ចំណងគ្រួសារពិតជាមានភាពស្អិតរមួតណាស់នៅទីនេះ! ពេលខ្លះខ្ញុំបានឃើញគ្រួសារដែលមានគ្នា៤ទៅ៥នាក់ជិះម៉ូតូជាមួយគ្នា ហើយបរិភោគអាហារជុំគ្នាយ៉ាងរីករាយ បន្ថែមពីលើនេះ ប្រជាជនកម្ពុជាក៏ជឿលើអបិយជំនឿយ៉ាងខ្លាំងក្លាដែរ!»

13615325_886322931495020_5265861525161208646_n

ដោយឡែក ចំពោះការបង្វឹកកូនក្រុមវិញលោក Kazunori Inoue ក៏បាននាំយកនូវបែបផែនថ្មីមួយសម្រាប់យុវជនក្មេងៗដែលលោកកំពុងដឹកនាំ ដោយក្រៅពីផ្តោតហ្វឹកហាត់លើជំនាញមូលដ្ឋាន និងបច្ចេកទេសផ្ទាល់ខ្លួនក៏ដូចជាការអប់រំផ្នែកកាយសម្បទាហើយនោះ  លោកក៏បានរៀបចំឱ្យកីឡាករទាំងអស់ទទួលបានការអប់រំលើភាសាបរទេសផងដែរ។ «ខ្ញុំចាប់អារម្មណ៍ថា កីឡាករកម្ពុជាមានចំនុចរួមគ្នា ហើយមានឥរិយាបទល្អទាំងពេលហ្វឹកហាត់ និងពេលប្រកួត ពួកគេម្នាក់ៗសុទ្ធតែមានសក្តានុពលផ្ទាល់ខ្លួនដែលមានប្រយោជន៍ចំពោះក្រុម ហើយយើងត្រូវតែពង្រឹងឱ្យកាន់តែល្អថែមទៀត។ ជាមួយគ្នានេះ ខ្ញុំបានស្នើសុំជាញឹកញាប់ឱ្យពួកគេប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងគ្នា តបតាមការស្នើសុំនេះ ពួកគេក៏ទទួលបានការសិក្សាភាសា អង់គ្លេសបន្ថែមទៀតបន្ទាប់ពីបរិភោគអាហារពេលល្ងាចរួច។ ដូច្នេះ នៅពេលនេះ ពួកគេជាច្រើនអាចសន្ទនាជាភាសាអង់គ្លេស និងអាចប្រើប្រាស់បាននៅក្នុងពេលប្រកួតផងដែរ។»

13754258_1768869643350536_3574073082042803554_n

លោកបានលើកឡើងទៀតថា៖ «មានចំនុចមួយទៀតដែលពួកគេខ្វះខាត ប៉ុន្តែឆ្លងកាត់ប្រកួតនៅក្នុងប្រទេស ជប៉ុន ដែលកាលណោះពួកយើងចាញ់ដល់ទៅ៤ លើក និងឈ្នះតែម្តងគត់នៅក្នុង ៥ប្រកួតនោះពួកគេបានបំពេញចំនុចនេះមកវិញ។ ជ័យជម្នះតែ១លើកនេះ បានធ្វើឱ្យពួកគេមានទំនុកចិត្តខ្លាំងជាងមុន នេះជាអ្វីដែលខ្ញុំចង់បានបំផុត ទំនុកចិត្តគឺពិតជាសំខាន់ណាស់សម្រាប់កីឡាករ! ពួកគេម្នាក់ៗជឿជាក់ថា ការហ្វឹកហាត់ជាប្រចាំគឺជាមាគ៌ាឆ្ពោះទៅរកជ័យជម្នះ ក្រោយមកពួកគេក៏បានចាប់ផ្តើមហ្វឹកហាត់ខ្លាំងឡើងៗ។ បន្ទាប់មកទៀតនៅក្នុងការបោះជំរុំហ្វឹកហាត់នៅប្រទេសវៀតណាមពួកគេធ្វើបានល្អជាងមុនដោយឈ្នះ១ប្រកួត ស្មើ១ និងចាញ់១ រហូតមកទល់ពេលនេះក្រុមរបស់យើងបានផ្តួលក្រុមបរទេសជាបន្តបន្ទាប់។»

13731539_1768870836683750_4561348026625566238_n

ជាមួយនឹងសុទិដ្ឋិនិយមខ្ពស់គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានបញ្ជាក់ថា៖ «វិស័យបាល់ទាត់នៅក្នុងតំបន់អាស៊ានបានរីកចម្រើនយ៉ាងឆាប់រហ័សស្របទៅតាមកំណើនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ខ្ញុំគិតថា មិនយូរទេកម្រិតលេងរបស់ពួកគេនិងអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅក្នុងតំបន់អាស៊ីដូចជាក្រុមជប៉ុនជាដើម។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទកភាពក្នុងការមកបំពេញការងារនៅទីនេះ វាខុសពីអ្វីដែលខ្ញុំធ្លាប់ធ្វើនៅក្នុងប្រទេសជប៉ុន ប៉ុន្តែខ្ញុំមើលឃើញថា មានចំនុចជាវិជ្ជមានជាច្រើនដែលក្រុមរបស់យើងត្រូវសិក្សាបន្ថែមទៀតពីកីឡាករជប៉ុន នោះគឺទំនុកចិត្ត បច្ចេកទេស ការរៀបចំ និងស្មាតីក្នុងការប្រកួតដោយស្របទៅតាមគោលការណ៍ Fair Play។ ខ្ញុំមានជំនឿថា វិស័យបាល់ទាត់កម្ពុជានឹងរីកចម្រើនយ៉ាងឆាប់រហ័សព្រោះនៅទីនេះមានអ្នកគាំទ្រដ៏សម្បើមអស្ចារ្យ ហើយបណ្តាក្លឹបដទៃទៀតក៏មានកិច្ចសហការល្អក្នុងការបញ្ជូនកីឡាករមកចូលរួមជាមួយក្រុមជម្រើសជាតិ ខ្ញុំពិតជាមានមោទកភាពដែលបានក្លាយជាចំណែកមួយនៃវិស័យបាល់ទាត់នៅក្នុងប្រទេសនេះ ហើយខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់យើង!»

13775528_1768926163344884_4571294373927666935_n

សូមបញ្ជាក់ថា បើទោះបីជាមិនអាចដឹកនាំកូនក្រុមឱ្យបានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតពាន AFF ដូចការរំពឹងទុកក៏ពិតមែនក៏ប៉ុន្តែគ្រូបង្វឹករូបនេះមិនបានបោះបង់មហិច្ឆតារបស់ខ្លួននោះទេ លោកនៅតែប្រាថ្នាចង់សាងស្នាដៃមួយដែលមានតម្លៃមិនអាចបំភ្លេចសម្រាប់ប្រទេសកម្ពុជា ដោយសារតែឆន្ទៈបែបនេះហើយទើបលោកបានបង្ហូរទឹកភ្នែកដោយក្តីឈឺចាប់បន្ទាប់ពីក្រុមកម្ពុជាបានចាញ់ក្រុមវៀតណាមនៅក្នុងវគ្គពាក់ផ្តាច់ព្រ័ត្រនោះ ហើយលោកបានទទួលស្គាល់ថាសមត្ថភាពរបស់ក្រុមនៅមានកម្រិតទើបមិនអាចយកឈ្នះក្រុមខ្លាំងនៅក្នុងតំបន់អាស៊ាននេះបាន យ៉ាងណាក៏ដោយក្រុមU-16កម្ពុជាដែលទទួលបានពានរង្វាន់ Fair Play និងគ្រងតំណែងលេខ៤ នៅក្នុងកម្មវិធីប្រកួតប្រចាំតំបន់អាស៊ាននេះនឹងបន្តជំហានខ្លាំងឡើងថែមទៀតដើម្បីឆ្ពោះទៅរកគោលដៅដែលខ្លួនបានប៉ងទុកជាយូរមកហើយ ក៏ដូចជាដើម្បីជាចំណងដៃសម្រាប់ក្រុមអ្នកគាំទ្ររាប់លានអ្នករបស់ខ្លួនផងដែរ៕

13700135_1768487976722036_4488613880538266511_n

13537697_886321384828508_4740751201732428636_n

57634be8-c370-4e97-8e67-50cad3093d95

ប្រភព៖ JFA Instructor Dispatch Report

ប្រែសម្រួល៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត