គ្រូ U-16 វៀតណាម​ បង្ហើបពីគន្លឹះកម្ពុជា អាចសងសឹកថៃ ដណ្ដើមយកលេខ៣

នូ មករា July 22, 2016


ភ្នំពេញ៖ បន្ទាប់ពីយកឈ្នះក្រុមយុវជន U-16កម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦នេះលោក Dinh The Nam គ្រូបង្វឹកក្រុមយុវជនវៀតណាម បានលើកឡើងថា ក្រុមយុវជនកម្ពុជា ពិតជាល្អហើយមានការរីកចម្រើនខ្លាំងជាងមុន ។ លើសពីនេះ លោកក៏បង្ហាញពីបច្ចេកទេស ដែលក្រុមយុវជនកម្ពុជា អាចយកឈ្នះក្រុមយុវជនថៃដើម្បីគ្រងចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ថ្នាក់តំបន់នេះផងដែរ ។

Vietnam Coach

លោក Dinh The Nam បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយយកឈ្នះ U-16កម្ពុជា ១-០ យប់មិញថាការប្រកួតជាមួយក្រុមម្ចាស់ផ្ទះនេះ គឺមានទស្សនិកជនយ៉ាងច្រើនចូលទស្សនា ដែលធ្វើឲ្យកូនក្រុមខ្លួនមានសម្ពាធខ្លះ ។ ប៉ុន្ដែបើនិយាយពីទម្រង់លេងវិញ លោកថាកម្ពុជាមានការផ្លាស់ប្ដូរច្រើន ហើយនៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់ ។ ម្យ៉ាងវិញទៀតកម្ពុជាក៏អាចទទួលបានលទ្ធផលល្អពេលជួបថៃ ដណ្ដើមចំណាត់ថ្នាក់លេខ៣ បើសិនកម្ពុជា ផ្លាស់ប្ដូរទម្រង់លេងបន្ថែម ។

គ្រូបង្វឹកជនជាតិវៀតណាមរូបនេះ បាននិយាយថា «យើងបានដឹងហើយ ថៃគឺជាក្រុមមួយពិតជាខ្លាំង ប្រសិនបើកម្ពុជាចង់មានការប្រកួតមួយដ៏ល្អ ឬចង់យកឈ្នះលើថៃ កម្ពុជាត្រូវលេងការពារ ហើយវាយបកឲ្យបានលឿនបំផុត ។ នៅពេលទទួលបានបាល់ត្រូវរុញឡើងទាំងអស់ តាំងពីខ្សែការពារ ខ្សែបម្រើ និងប្រយុទ្ធ ដើម្បីធ្វើឲ្យតុល្យភាពនៃក្រុមស្មើគ្នា ។ ប៉ុន្ដែការប្រកួតថ្ងៃនេះកីឡាករភាគច្រើន ពិសេសខ្សែការពារ គឺមិនសូវបានឡើងនោះទេ…!» ។

13731452_1768188143418686_9089269858863390789_n

ការលើកឡើងបែបនេះ គឺដោយលោក Dinh The Nam មើលឃើញថា ក្រុមយុវជនថៃ មានខ្សែការពារដ៏រឹងមាំដូច្នេះបើសិនការប្រកួតរង់ចាំថៃរៀបចំរួច គឺពិបាកវាយសម្រុកខ្លាំងណាស់ ។ កត្ដានេះហើយ ទើបលោកចង់ឲ្យកម្ពុជា បង្កើនការការពារនិងការវាយបកឲ្យបានលឿន ព្រោះវាជាពេលវេលាដ៏ល្អ នៅពេលក្រុមយុវជនថៃ ធ្វើការសម្រុកម្ដងៗ ដើម្បីស្វែងរកគ្រាប់បាល់ ។

គួរបញ្ជាក់ថា បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមយុវជនវៀតណាម គឺក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបអតីតក្រុមជើងឯកឆ្នាំចាស់ថៃដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃស្អែកនេះ ខណៈក្រុមយុវជនវៀតណាម ត្រូវជួបក្រុមយុវជនអូស្រ្ដាលីដើម្បីដណ្ដើមតំណែងជើងឯក ។ ចាំមើលតើ U-16 វៀតណាម ឬ U-16 អូស្ដ្រាលី នឹងលើកពាន AFF U-16 Championshipឆ្នាំ២០១៦នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត