តើកីឡាករខ្មែរទាំង ៤ រូប អាចបំបាក់ថៃបានទេនៅចុងសប្តាហ៍នេះ?

នូ មករា July 7, 2016


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២ រូបគឺពេជ្រ ម្ទេសខ្មាំង មកពីក្លឹបអារុណរះកីឡា និង អ៊ុង វីរៈ មកពីក្លឹបទ័ពឆ័ត្រយោង៩១១មានជំនឿក្នុងចិត្តថាគេនឹងឈ្នះអ្នកប្រដាល់ថៃក្នុងការប្រកួតលើសង្វៀន SEA TV នៅយប់ថ្ងៃទី៨ ខែកក្កដានេះ ។

ម្ទេសខ្មាំង ដែលជាអ្នកប្រដាល់សាកលជម្រើសជាតិតែគេចូលចិត្តវ៉ៃសេរីនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ថៃឈ្មោះ Do Ramorn ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ ស្ថិតិលើសង្វៀនរបស់អ្នកប្រដាល់ថៃរូបនេះតិចជាងម្ទេសខ្មាំងច្រើនណាស់ហើយនេះក៏ជាលើកដំបូងដែរដែលគេមកប្រកួតនៅស្រុកខ្មែរ។

Pich-mteskhmaing-Do-Ramorn [800x600]

ចំណែក Do Ramorn មានប្រវត្តិប្រកួតចំនួន៥១ដង ប៉ុណ្ណោះដែលក្នុងនោះគេឈ្នះបាន៤៥ដង ចាញ់៦ ដង ។ បើតាមលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកនោះបានពោលថា អ្នកប្រដាល់រូបនេះមិនអន់ទេតែគេជិះឡានមកប្រកួតនៅស្រុកខ្មែរជាង១.០០០គីឡូម៉ែត្រហេតុនេះកម្លាំងរបស់គេស្រុតហើយដូចនេះការចាញ់-ឈ្នះលោកមិនហ៊ានកំណត់មុនទេ។ ចំពោះពេជ្រ ម្ទេសខ្មាំង វិញមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ ៧៥ដង ចាញ់ ៥ដង និង ស្មើពិន្ទុ ១ដង ។ គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់រហ័ស និងពូកែការពារណាស់ ។ អ្នកប្រដាល់រូបនេះមានជំនឿចិត្តថាគេនឹងប្រើកណ្ដាប់ដៃយកឈ្នះគូប្រកួតឲ្យបាន ។

ចំពោះអ៊ុង វីរៈ វិញនោះគេត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះ Khou Ba ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាម។ វីរៈបានបញ្ចេញអំណួតថាគេនឹងយកឈ្នះគូប្រកួតឲ្យបានមុនទឹកទី ៥ គេមិនចង់អូសបន្លាយការប្រកួតទេគេត្រូវការជ័យជម្នះយ៉ាងលឿនបំផុត ។ វីរៈមានប្រវត្តិប្រកួតចំនួន៨២ ដង ឈ្នះ៧២ដង ចាញ់៩ដង និង ស្មើពិន្ទុ ១ដង។

Ung-Vireak-Khou-Ba [800x600]

ចំពោះអ្នកប្រដាល់ថៃ Khou Ba ក៏មិនមែនជាអ្នកប្រដាល់ដែលអន់នោះទេគេខ្លាំងទាំងកម្លាំងទាំងកលល្បិចតែកំពស់របស់គេចាញ់ប្រៀបវីរៈបន្តិច ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៨៧ដង ចាញ់១១ដង និង ស្មើពិន្ទុ១ដង។ សង្ឃឹមថាវីរៈបានទទួលជ័យជម្នះដូចពាក្យអួតទៅចុះ។

ដោយឡែកនៅព្រឹកថ្ងៃទី១០ ខែកក្កដាអ្នកប្រដាល់ មុត ខ្លឹមសរ មកពីក្លឹបឬទ្ធិពោធិ៍ជ័យកីឡាត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Kiev Ba ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់បំបាក់អ្នកប្រដាល់ជើងខ្លាំងកម្ពុជាអស់ច្រើននាក់មកហើយតែការប្រកួតចុងក្រោយរបស់គេបានចាញ់សែន រ៉ាដេត មកពីក្លឹបអប្សរាគុនខ្មែរដោយពិន្ទុទាំងមិនអស់ចិត្ត ។Kiev Ba ជាអ្នកប្រដាល់ថៃស្បែកខ្មៅដែលមានស្នៀតវាយលុកល្អរហ័ស និង ការពារបានល្អ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ៥៤ដង ឈ្នះ ៤៦ដង ចាញ់ ៧ដងនិង ស្មើពិន្ទុ ១ដង។

Muth-Khlemsor-Kiev-Ba [800x600]

ចំពោះអ្នកប្រដាល់កម្ពុជាមុត ខ្លឹមសរ វិញនោះទោះបីមិនសូវមាននរណាស្គាល់ក៏ពិតមែនតែគេជាអ្នកប្រដាល់ដែលមានទេពកោសល្យប្រើកែង និង ជង្គង់ដើម្បីផ្ដួលគូប្រកួត។ ជាអ្នកប្រដាល់វ័យមានចិត្តធំ និង ចូលចិត្តវ៉ៃប្ដូរ ព្រមទាំងមានចិត្តឆេវឆាវបន្តិច ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៤៨ដង ឈ្នះ៤២ដង ចាញ់៦ ដង ។ គេចូលចិត្តវាយលុកលើគូប្រកួតមុនតែបើគូប្រកួតខ្លាំងដែរនោះបន្ទាប់ពីគេសាកល្បងប្ដុរមួយប្រាវហើយនៅតែលំបាកគេប្ដូរយុទ្ធវិធីវ៉ៃដោយការពារ និង ដកថយដើម្បីកុំឲ្យគូប្រកួតវ៉ៃសន្លប់។នេះជាគូប្រកួតមួយដែលទាំងអ្នកឈ្នះ និង អ្នកចាញ់សុទ្ធតែវេទនាដូចគ្នា។

Long-Sophy-Chhuok-Chhai [800x600]

រីឯ ឡុង សុភី មកពីក្លឹបសាលវ័ន្ដកីឡាដែលមួយរយៈនេះលើសង្វៀនប្រដាល់គេមិនសូវជួបសំណាងល្អនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Chhuok Chhai ដោយប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ សុភីក្រៅពីជង្គង់គឺមិនអ្វីពិសេសនោះទេ ។ គេមានប្រវត្តិប្រកួតចំនួន១៤២ដង ឈ្នះ១០៦ដង ចាញ់ ២៩ ដងនិង ស្មើពិន្ទុ ៧ ដង ។ គេមានចិត្តតូចណាស់ ពោលគឺបើគូប្រកួតខ្លាំងគេវ៉ៃចេញលែងរួចតែម្ដង។ ចំពោះ Chhuok Chhai វិញគេមានប្រវត្តិប្រកួតចំនួន៩១ ដង ឈ្នះ៧៩ដង ចាញ់១១ដង និង ស្មើពិន្ទុ ១ ដង។ ជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អ និង រហ័សតែអ្នកប្រដាល់រូបនេះវ៉ៃមិនឆេវឆាវទេទោះបីគេមានប្រៀបលើគូប្រកួតក៏ដោយ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត