ផល សោភ័ណ្ឌ គ្រងខ្សែក្រវាត់ខារ៉ាបាវក្រោយឈ្នះ ឃីម ឌីម៉ា ប៉ុន្តែអ្នកគាំទ្រមិនពេញចិត្ត

នូ មករា June 20, 2016


ភ្នំពេញ៖ ទីបំផុតអ្នកលេងកណ្ដាប់ដៃ ផល សោភ័ណ្ឌ បានក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវប្រភេទទម្ងន់ ៦៣,៥គីឡូម៉ែត្រហើយបន្ទាប់ពីប្រកួត ៥ទឹកពេញដោយបានឈ្នះពិន្ទុលើកីឡាករ ឃីម ឌីម៉ា យ៉ាងប្រផិតប្រផើយ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យកាលពីល្ងាចមិញ។ ប៉ុន្ដែចំពោះលទ្ធផលនេះនាគខ្មៅ ឃីម ឌីម៉ា ហាក់មិនសប្បាយចិត្តនឹងទទួលយកឡើយ ខណៈអ្នកគាំទ្រមួយចំនួនបានចោទចៅក្រុមផ្ដល់ពិន្ទុដោយពាក្យពេចន៍មិនសមរម្យថែមទៀតផង។

ជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងជើងខ្លាំងវ័យក្មេងទាំង ២រូបខាងលើនេះ បានធ្វើឲ្យអ្នកទស្សនាផ្ទាល់អង្គុយស្ទើរមិនជាប់នឹងកៅអីឡើយដោយសារពួកគេបានសម្រុកវាយគ្នាទៅវិញទៅមក តាំងពីទឹកទី១ ដល់ទឹកទី៥ ។ នៅក្នុងទឹកនីមួយៗ ផល សោភ័ណ្ឌ និង ឃីម ឌីម៉ា សុទ្ធតែបានប្រើប្រាស់កណ្ដាប់ដៃ និងជើង មានប្រសិទ្ធិភាពដូចគ្នា ពិសេសទឹកទី៣ និងទឹកទី៤ ហើយនៅពាក់កណ្ដាលទឹកទី៤ សោភ័ណ្ឌបានទាត់ចំកន្លែងការពាររបស់ ឌីម៉ា ធ្វើឲ្យមានការសម្រាកមួយរយៈ ដើម្បីសម្រួល បន្ទាប់មកក៏ប្រកួតបន្ដធម្មតារហូតចប់ការប្រកួតតែម្ដង។

hour_421

ជាលទ្ធផលនៃការប្រកួតដែលផ្ដល់ពិន្ទុដោយចៅក្រម ៥នាក់ សម្រាប់ចៅក្រុមទី១ លោក វ៉ែន សុផល បានផ្ដល់ពិន្ទុឲ្យ ផល សោភ័ណ្ឌ ៩៨ពិន្ទុ និង ឃីម ឌីម៉ា ៩៧ពិន្ទុ។ ការប្រកាសលទ្ធផលនេះ គេឃើញកីឡាករមកពីខេត្តបន្ទាយមានជ័យ ឃីម ឌីម៉ាបានបញ្ចេញប្រតិកម្មភ្លាមៗ ហាក់ទទួលយកលទ្ធផលនេះឡើយ ប៉ុន្ដែនៅពេលប្រកាសពីការផ្ដល់ពិន្ទុរបស់ចៅក្រមទី២ លោក ជ័យ តារា ដែលឲ្យ ផល សោភ័ណ្ឌ ៩៧ពិន្ទុ និង ឃីម ឌីម៉ា ៩៨ពិន្ទុ ទើបអ្នកលេងមកពីជាយដែនរូបនេះស្ងប់ចិត្តបន្ដិច។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលមិនអាចកែប្រែបានឡើយ នៅពេលចៅក្រម ២រូបបន្ទាប់ បានប្រកាសឲ្យ ផល សោភ័ណ្ឌ ជាអ្នកឈ្នះក្នុងនោះលោក អ៊ូ សាធ បានឲ្យ ផល សោភ័ណ្ឌ ៩៨ពិន្ទុ និង ឃីម ឌីម៉ា ៩៦៧ពិន្ទុ រីឯលោក ឈុំ ឆៃ ឲ្យ ផល សោភ័ណ្ឌ ៩៩ពិន្ទុ និង ឃីម ឌីម៉ា ៩៦ពិន្ទុ ។ ដោយមិនបាច់ប្រកាសពីការផ្ដល់ពិន្ទុរបស់ចៅក្រមទី៥ គឺអាជ្ញាកណ្ដាលបានលើកដៃឲ្យ ផល សោភ័ណ្ឌ ជាអ្នកឈ្នះតែម្ដងគ្រាដែល ឃីម ឌីម៉ា បានត្រឹមគ្រលាស់ដៃហើយដើរចេញទាំងអស់សង្ឃឹមប៉ុណ្ណោះ។

ភ្លាមៗក្រោយប្រកាសលទ្ធផលគេឃើញអ្នកគាំទ្រមួយចំនួន បានសម្ដែងការមិនពេញចិត្តចំពោះការកាត់សេចក្ដីឲ្យ ឃីម ឌីម៉ាអ្នកចាញ់នេះឡើយ។ ពិសេសអ្នកលេងបណ្តាញសង្គម Facebook បាននាំគ្នាលើកហេតុផលផ្សេងៗគ្នាថា «មិនសក្តិសម» ទៀតផង។ អ្នកគាំទ្រម្នាក់ឈ្មោះ វ៉ាន់ វុត្ថា បានលើកឡើងថា «ថ្ងៃនេះឌីម៉ាធ្វើបានល្អណាស់ខ្ញុំមិននឹកស្មានថាឌីម៉ាខ្លាំងដល់ថ្នាក់ហ្នឹង! ខ្ញុំជាអ្នកតាមដានហើយចូលចិត្តជាខ្លាំងលើវិស័យប្រដាល់ បើតាមអ្វីដែលខ្ញុំឃើញ ខ្ញុំគិតថាលទ្ធផលនេះមិនសមសោះ» ។

Capture

ទន្ទឹមជាមួយនឹងការរិះគន់ពីសំណាក់អ្នកគាំទ្រនេះដែរ ភាគីស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលជាអ្នករៀបចំព្រឹត្តិការណ៍ខាងលើបានបកស្រាយយ៉ាងខ្លីនៅលើ Facebook ផ្ទាល់ខ្លួនថា «វីដេអូការប្រកួតយ៉ាងស្វិតស្វាញ ៥ទឹកពេញ រវាងកូននាគខ្មៅ ឃីម ឌីម៉ា និង ផល សោភ័ណ្ឌ នាល្ងាចម្សិលមិញនេះ (សូមមេត្តាកុំដាក់កំហុសលើប៉ុស្តិ៍ទូរទស្សន៍ ព្រោះយើងខ្ញុំមិនមានតួនាទី ដាក់ពិន្ទុទេ តែចៅក្រមដែលជាមន្រ្តីសហព័ន្ធឯនោះទេ ដែលជាអ្នកដាក់ពិន្ទុលើការប្រកួតទាំងអស់) សូមអរគុណ!!!» ។

នេះជាការបកស្រាយរបស់ភាគីអ្នករៀបចំការប្រកួត ប៉ុន្ដែមកទល់នឹងពេលនេះ ការទាក់ទងមន្ដ្រីសហព័ន្ធកីឡាប្រដាល់កម្ពុជាដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ នៅមិនទាន់មានការឆ្លើយតបនោះទេ ដូច្នេះគេហទំព័រ Camsports នឹងស្វែងរកការពន្យល់បន្ថែមពីមន្ដ្រីជំនាញសហព័ន្ធ ដើម្បីធ្វើឲ្យអ្នកគាំទ្រស្ងប់ចិត្ត និងយល់កាន់តែច្បាស់ពីលក្ខខណ្ឌនៃការផ្ដល់ពិន្ទុរកអ្នកឈ្នះ និងអ្នកចាញ់ដោយយុត្តិធម៌នោះ៕

12345

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត