មេ ONE ប្រកាសចូលតំបន់អឺរ៉ុប សម្រាប់ព្រឹត្តិការណ៍ប្រកួតជាច្រើនប្រទេស

មាស សុផាណារ៉ុង May 31, 2021


 

សិង្ហបុរី៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនៅទីផ្សារប្រដាល់អាស៊ី និងកំពុងឈានមុខគេ ស្ថាប័នប្រដាល់ធំលំដាប់ពិភពលោក ONE Championship បានកំពុងដាក់គោលដៅចូលទីផ្សារទ្វីបអឺរ៉ុបថែមទៀត។

កាលពីយប់ថ្ងៃអង្គារ៍ ទី២៥ ខែឧសភា កន្លងទៅ លោក Chatri Sityodtong នាយកប្រតិបត្តិ និងជាស្ថាបនិក ONE Championship បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកពីគម្រោងរៀបចំការប្រកួតនៅទ្វីបអឺរ៉ុប។

លោកបានសរសេរថា៖ “ដំណឹងទាន់ហេតុការណ៍: ខ្ញុំពិតជារីករាយណាស់ដើម្បីប្រកាសពីគម្រោង Road to ONE: Europe ឬមានន័យថា ដំណើរ ONE ទៅកាន់អឺរ៉ុប។” តាមការបញ្ជាក់របស់លោកនាយកប្រតិបត្តិ និងជាស្ថាបនិករបស់ ONE Championship គឺដំណើរទៅកាន់អឺរ៉ុបនឹងមានកម្មវិធីប្រកួតខ្សែក្រវាត់ពិភពលោក grand prix ដែលប្រជុំដោយជើងខ្លាំងទម្ងន់ធ្ងន់ឆ្នើមៗ ៣២រូបប្រចាំនៅតំបន់អឺរ៉ុប ដែលព្រឹត្តិការណ៍ប្រកួតនឹងត្រូវធ្វើដំណើររៀបចំនៅតាមប្រទេសធំៗដូចជា ហុល្លង់ អាល្លឺម៉ង់ អេស្ប៉ាញ សែប តួកគី និងប្រទេសផ្សេងៗទៀត។ សូមបន្តតាមដានព័ត៌មានលំអិត! #WeAreONE។

ទោះបីជាយ៉ាងណានេះជាដំណឹងបឋម ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ នេះអាចចាត់ទុកថា ជាដំណឹងលើកដំបូងដែលស្ថាប័នប្រដាល់ធំលំដាប់ពិភពលោកត្រូវបានប្រកាសជាសាធារណៈសម្រាប់ចូលទីផ្សារអឺរ៉ុបដែលជាថ្នាលសំបូរកីឡាករ កីឡាការិនីប្រដាល់គុនចម្រុះ។

ស្ថាប័នប្រដាល់ ONE Championship បានចាប់ផ្តើមរៀបចំការប្រកួតជាផ្លូវការកាលពីឆ្នាំ២០១១ ដែលក្រោយមកក៏រីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីដូចជារៀបចំការប្រកួតនៅប្រទេសចិន ជប៉ុន និងអារ៉ាប់ជាដើម។ កាលពីមុនបានរៀបចំការប្រកួតរាល់៣ខែម្តង ហើយក្រោយមកមាន ២ដងក្នុងមួយខែក៏មាន។

កាលពីខែមេសាកន្លងទៅនេះ ស្ថាប័នប្រដាល់មួយនេះបានរៀបចំកម្មវិធីប្រកួត ៤លើកដែលមានន័យថា មួយសប្តាហ៍មានម្តងដើម្បីផ្សាយទៅកាន់ទឹកដីអាមេរិក ចេញពីព្រឹកនៅប្រទេសសិង្ហបុរី ត្រូវនឹងពេលល្ងាចនៅទឹកដីអាមេរិក។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ ONE Championship នៅខែឧសភានេះស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកទស្សនាច្រើនបំផុតក្នុងពិភពលោកតាមរយៈទូរទស្សន៍របស់ Nielsen តាមពីក្រោយលេខ១ លីគបាល់ទាត់កំពូលអង់គ្លេស និងលេខ២ ពានរង្វាន់បាល់ទាត់លំដាប់លេខ១ អឺរ៉ុប UCL៕

មតិយោបល់