គ្រួសាររបស់ ចាន់ រតនា នឹងទៅរស់នៅបារាំងខែក្រោយ បន្ទាប់ពីរស់នៅកម្ពុជា ១៨ឆ្នាំ

មាស សុផាណារ៉ុង May 27, 2021


 

ភ្នំពេញ៖ ប្រពន្ធ និងកូនស្រីពីរនាក់របស់អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងចាកចេញពីប្រទេសកម្ពុជាដើម្បីទៅរស់នៅនិងសិក្សានៅប្រទេសបារាំងប្រហែលពាក់កណ្ដាលខែក្រោយ ប៉ុន្តែ រតនា មិនទាន់អមដំណើរទៅជាមួយគ្នានោះទេ។

កីឡាករជាប់កិច្ចសន្យានៅសង្វៀន ONE Championship បានថ្លែងថា៖ “ប្រពន្ធខ្ញុំ និងកូនស្រីពីរនាក់របស់ខ្ញុំនឹងទៅរស់នៅបារាំងមុនខ្ញុំ។ គាត់បែបទៅប្រហែលទៅពាក់កណ្ដាលខែក្រោយបង។ ខ្ញុំវិញប្រហែលមួយឆ្នាំទៀតទើបទៅរស់នៅជាមួយពួកគាត់តាមក្រោយ ព្រោះនៅធ្វើការងារខ្លះសិន។ ប៉ុន្តែយ៉ាងចាំមើលស្ថានភាពជាក់ស្ដែង។”

ដោយសារមានគម្រោងទៅរស់នៅប្រទេសបារាំងដែលជាស្រុកកំណើតរបស់ប្រពន្ធ ម្ចាស់ក្លិប សិល្បៈ ក៏បានរៀនភាសាបារាំង តាំងពីដើមឆ្នាំ២០២០ មកម៉្លេះ ហើយរាល់ថ្ងៃនេះរូបគេក៏រៀនភាសាបារាំង តាមអនឡាញផងដែរ។ បុរសវ័យ ៣៥ឆ្នាំរៀនភាសាបារាំងពីគ្រូនៅមជ្ឈមណ្ឌលភាសាបារាំង ក្បែរវត្តកោះ (កាលមិនទាន់កូវីដ-១៩ ផ្ទុះទៅរៀនផ្ទាល់)។

ចាន់ រតនា បានគូសបញ្ជាក់កន្លងទៅថា៖ “ខ្ញុំរៀនភាសាបារាំងព្រោះប្រពន្ធខ្ញុំជាជនជាតិបារាំង។ ខ្ញុំមិនធ្លាប់រៀនបារាំងទេពីមុនទេ។ ខ្ញុំចង់ចេះដើម្បីទំនាក់ទំនងផង ហើយនៅថ្ងៃអនាគតខាងមុខ ខ្ញុំអាចទៅរស់នៅប្រទេសបារាំងមួយរយៈជាមួយគ្រួសាររបស់ខ្ញុំ។”

ថ្មីៗនេះប្រពន្ធ រតនា អ្នកស្រី Cindy Coupon ក៏បានសរសេរលើ Facebook របស់ខ្លួនថាអ្នកស្រីនឹងចេញទៅរស់នៅប្រទេសបារាំងវិញ បន្ទាប់ពីមករស់នៅស្រុកខ្មែរអស់រយៈពេល ១៨ឆ្នាំមកហើយ។

ចាន់ រតនា បានគិតរួចហើយថា បើសិនជាខ្លួនទៅរស់នៅប្រទេសបារាំង ក៏ខ្លួននៅអាចត្រលប់មកប្រកួតនៅសង្វៀន ONE ជាធម្មតា ដូចមាននៅកុងត្រាអីចឹង។ ពេលទៅដល់ទីនោះ គេអាចនឹងស្វែងរកទីតាំងសមស្របមួយដើម្បីបើកក្លិបនៅប្រទេសបារាំង និងត្រូវចំណាយពេលខ្លះដើម្បីសិក្សា និងពិចារណាក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរនៅបារាំងផង៕

មតិយោបល់