កីឡាករយុទ្ធគុន MMA មីយ៉ាន់ម៉ាម្នាក់ត្រូវបានចាប់ខ្លួនដោយក្រុមយោធាផ្តាច់ការ

មាស សុផាណារ៉ុង May 11, 2021


 

មីយ៉ាន់ម៉ា៖ កីឡាករយុទ្ធគុនចម្រុះដែលមានរហស្សនាមថា​ “ពស់ថ្លាន់ភូមា” ឬ “Burmese Python” ត្រូវបានរាយការណ៍ថា ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះបន្ទាប់ពីរូបគេបានចេញមុខគាំទ្រការប្រឆាំងតវ៉ា និងបានបរិហារចំពោះអំពីយង់ឃ្នងរបស់ក្រុមមន្ត្រីយោធាដែលបានតាមចាប់ខ្លួន បង្ក្រាប និងសម្លាប់ជនសុីវិលជាច្រើននាក់នោះ។

តាមប្រភពព័ត៌មាន Myawaddy TV ដែលគ្រប់គ្រងដោយកងទ័ពភូមាបានឱ្យដឹងថា កីឡាករ Phoe Thaw ឬ “Burmese Python” ត្រូវបានចោទប្រកាន់ និងចាប់ខ្លួនពីបទបំផ្ទុះគ្រាប់បែកទៅលើទីកន្លែងហាត់កីឡាមួយក្នុងទីក្រុង Yangon កាលពីសប្តាហ៍មុនដើម្បីប្រឆាំងនឹងអាជ្ញាធរ តែក៏បានបណ្តាលឱ្យរូបគេរងរបួសដែរនោះ។

យ៉ាងណាក៏ដោយ មហាជនជាច្រើនបានច្រានចោលការចោទប្រកាន់នេះ និងបានហៅថាជាការប្រឌិតរបស់ក្រុមទាហាន ហើយថាគឺក្រុមយោធាទៅវិញទេដែលមានចេតនាប្រើប្រាស់គ្រាប់បែកដើម្បីវាយប្រហារលើកីឡាករ Phoe Thaw ព្រោះតែរូបគេគឺជាបុគ្គលម្នាក់ដែលតែងតែបង្ហាញសារប្រឆាំងជាមួយនឹងរបបសឹកផ្តាច់ការនេះតាំងតែពេលដែលពួកយោធាបានធ្វើរដ្ឋប្រហាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន​ស៊ូជី ពីអំណាចមកម្ល៉េះ។

ក្រោយពីបានចាប់ខ្លួន Phoe Thaw បានបង្ហោះរូបភាពមួយនៅសង្វៀនតាមរយៈគណនីអុីនស្តាហ្គ្រាម (Instagram) របស់គេភ្ជាប់ជាមួយនឹងសារថា “ខ្ញុំរឹងមាំ“ និង hashtag ថា “កុំបោះបង់” (“I am strong” and the hashtag “Never give up”)។

គួរបញ្ជាក់ថា មុនពេលចាប់ខ្លួន កីឡាករវ័យ ៣២ឆ្នាំរូបនេះត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះជនល្បីៗ និងអ្នកមានឥទ្ធិពលដែលក្រុមយោធាចង់ចាប់ខ្លួនដោយសារតែការចេញមុខទាមទារប្រជាធិបតេយ្យ និងប្រឆាំងនឹងរបបសឹកផ្តាច់ការដែលបានផ្តាច់ផ្តិលអាយុជីវិតប្រជាជនមីយ៉ាន់ម៉ា ប្រមាណជា ៧៨០នាក់ (តាមប្រភពពីក្រុមសើបអង្កេតក្នុងប្រទេស) ព្រមទាំងជាច្រើនរយនាក់ទៀតកំពុងជាប់ឃុំខ្លួន និងទទួលទណ្ឌកម្មជាបន្តបន្ទាប់ដោយមានទាំងអ្នកសិល្បៈ ប្រជាជនទូទៅ យុវជន និងបញ្ញាវន្តផងដែរ៕

 

ប្រភព៖ bjpenn.com

មតិយោបល់