អត្តពលិកប្រដាល់សកល ២រូប នឹងចេញទៅត្រាំពិសនៅប្រទេសបារាំង ត្រៀមសុីហ្គេមចុងឆ្នាំនេះ

មាស សុផាណារ៉ុង April 29, 2021


 

ភ្នំពេញ៖ ដើម្បីប្រជែងយកមេដាយ និងកិត្តិយសជូនជាតិនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ សហព័ន្ធប្រដាល់សកល មានគម្រោងបញ្ជូនអត្តពលិកដែលមានគុណផលខ្ពស់នៅក្នុងស្រុក ២រូបចេញទៅហ្វឹកហាត់រយៈពេល ៣ខែនៅប្រទេសបារាំង មុនការប្រកួតនៅវៀតណាម ចាប់ផ្ដើមជាផ្លូវការ។

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានមានប្រសាសន៍តាមបណ្ដាញសង្គម Telegram នាព្រឹកនេះថា៖ “ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសបារាំងនេះគឺសហព័ន្ធរង់ចាំព័ត៌មានលម្អិតពីគណៈកម្មាធិការ CAMSOC ពាក់ព័ន្ធនឹងការជួយឧបត្ថម្ភការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស ក៏ដូចជាការរង់ចាំព័ត៌មានស្ដីពីការចំណាយលម្អិតពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានៅប្រទេសបារាំង ដើម្បីយើងធ្វើគម្រោងចំណាយច្បាស់លាស់រួច ផ្ញើទៅឱ្យគណៈកម្មាធិការ CAMSOC ដើម្បីសុំឲ្យពួកគាត់ធ្វើការពិចារណាថាគាត់នឹងអាចជួយអ្វីបានខ្លះ ហើយសហព័ន្ធនឹងការស្វែងរកថវិការបន្ថែមដើម្បីបង្គ្រប់ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេល ៣ខែ នៅប្រទេសបារាំងបាន។”

លោកបញ្ជាក់ទៀតថា អត្តពលិក ២រូបដែលសហព័ន្ធគ្រោងនឹងបញ្ចូនទៅហ្វឹកហាត់នោះគឺសហព័ន្ធនឹងធ្វើការសម្រិតសម្រាំងយកតែកីឡាករនៅក្នុងស្រុកតែប៉ុណ្ណោះ ចំណែកឯកីឡាករខ្មែរ-អាម៉េរិក ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ អេរិក ភារ៉ុនប៉ែន វិញសហព័ន្ធក៏មានគម្រោងសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ CAMSOC ដើម្បីអាចបញ្ជូន អេរិក ទៅហ្វឹកហាត់នៅប៉ែកអឺរ៉ុបផងដែរ ដើម្បីធ្វើឱ្យមានភាពប្រាកដថា កីឡាករទម្ងន់ធ្ងន់ម្នាក់នេះអាចនឹងឈានទៅដល់ការបង្កើតប្រវត្តិសាស្ត្រឈ្នះមេដាយមាស ស៊ីហ្គេម ព្រោះរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមប្រដាល់សកលកម្ពុជា ធ្លាប់បានឈ្នះមេដាយខ្ពស់បំផុតត្រឹមមេដាយប្រាក់ ដែលរកបានដោយកីឡាករ ផល សុផាត កាលពីឆ្នាំ២០០៩ និងកីឡាករ វ៉ែន រដ្ឋា នាស៊ីហ្គេម ឆ្នាំ២០១៥។

លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា៖ “សម្រាប់កីឡាករ អេរិក នេះយើងបានដាក់ក្តីសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អជាងការឈ្នះបានត្រឹមមេដាយប្រាក់កន្លងមកគឺយើងនឹងឆ្ពោះទៅរកមេដាយមាសតែម្តងហើយយើងកំពុងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពទាំងសហព័ន្ធ និងសាមីខ្លួនដើម្បីឈានទៅរកការឈ្នះមេដាយមាសជាលើកដំបូងនៅស៊ីហ្គេមឆ្នាំនេះ”៕

 

អត្ថបទ និងរូបភាព៖ យឺន ពន្លឺ

មតិយោបល់