ប្រដាល់សកល កម្មវិធីបង្ហាត់របស់គ្រូបរទេសថ្មី ប្លែកពីកម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹកខ្មែរកន្លងមក

មាស សុផាណារ៉ុង April 13, 2021


 

ភ្នំពេញ៖ បើទោះបីជាវិបត្តិជំងឺកូវីដ-១៩ នៅតែបង្កបញ្ហាធំដល់ការប្រមូលផ្តុំហ្វឹកហាត់ និងលើកពេលជាច្រើនលើកយ៉ាងណាក្តី ក៏សហព័ន្ធកីឡាប្រដាល់សកលបានព្យាយាមអស់ពីលទ្ធភាព ដើម្បីបន្តគោលដៅពង្រឹងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ឲ្យបានរួចរាល់ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយសហព័ន្ធសង្ឃឹមថា តាមរយៈការខិតខំអស់ពីលទ្ធភាពនេះប្រភេទកីឡាប្រដាល់សកលកម្ពុជា នឹងទទួលបានលទ្ធផលល្អជូនជាតិជាក់ជាមិនខាន។ នេះជាការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ តាមរយៈសារអេឡិកត្រូនិក។

យោងតាមការចេញផ្សាយនៅលើទំព័រហ្វេសប៊ុក CAMSOC លោកអគ្គលេខាធិការបន្ថែមថា យោងតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធសម្រាប់ឆ្នាំ២០២១នេះ សហព័ន្ធបានពង្រឹងលើការហ្វឹកហាត់បច្ចេកទេសជាបណ្តើរៗ ដើម្បីត្រៀមការប្រកួតអន្តរជាតិ ក្នុងឆ្នាំនេះ ក៏ដូចជាឆ្ពោះទៅ ប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលមានចំនួន ១៣នាក់ ក្នុងនោះមានកីឡាការិនី ២នាក់ និងគ្រូបង្វឹក ៤នាក់ ក្នុងនោះគ្រូបង្វឹកជាជនជាតិខ្មែរម្នាក់ គុយបា ២នាក់ និងជនជាតិអង់គ្លេសម្នាក់។ ក្នុងចំណោម ១៣នាក់ គឺមាន ១២នាក់ហ្វឹកហាត់នៅក្នុងស្រុក និងកីឡាករម្នាក់ដែលជាកូនកាត់ខ្មែរ-អាមេរិក កំពុងហ្វឹកហាត់នៅប្រទេសវៀតណាម។

លោក ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា សម្រាប់គ្រូបង្វឹកបរទេស ៣នាក់ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងគ្រូខ្មែរ ដោយពួកគាត់មានបទពិសោធន៍បង្វឹក មានសញ្ញាបត្រពីប្រទេសរបស់ពួកគាត់ ព្រមទាំងមានសញ្ញាបត្របញ្ជាក់ពីសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិផងដែរ។ ចំពោះការរៀបចំកម្មវិធីបង្ហាត់របស់គ្រូបរទេសទាំងនោះ មានលក្ខណៈប្លែកពីកម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹកខ្មែរយើងកន្លងមក ដោយហ្វឹកហាត់តែពេលព្រឹកទេ និងចែកចេញជាពីរវេន គឺពីម៉ោង៦ ដល់ម៉ោង៧និង៣០នាទីព្រឹក និងវេនទី២ ហ្វឹកហាត់វេលាម៉ោង១០ ចំណែកឯពេលរសៀល គឺគ្រូទុកពេលឲ្យកីឡាករ កីឡាការិនីសម្រាក ដើម្បីស្តារឲ្យបាននូវថាមពលកម្លាំងឡើងវិញ។

សម្រាប់ផែនការវិន័យក្នុងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រដាល់សកល គឺត្រូវតែគោរពឲ្យបានការហ្វឹកហាត់ គឺមិនអនុញ្ញាតឲ្យដើរសេរីទេ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រសិនបើអ្នកណាម្នាក់មិនគោរពវិន័យនោះទេ គឺសហព័ន្ធនឹងមានវិធានការណែនាំ ហើយបើនៅតែមិនអនុវត្ត ត្រូវតែឲ្យសម្រាកនៅផ្ទះមួយរយៈ ហើយប្រសិនបើនៅតែរឹងទទឹងទៀត អាចប្រឈមនឹងវិធានការក្តៅដូចជាការព្យួរ ឬដកចេញពីក្រុមជម្រើសជាតិតែម្តង។

«ចំពោះផែនការហ្វឹកហាត់នៅក្រៅប្រទេសវិញ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅតែរក្សាដដែល ដោយបន្តព្យាយាមគៀរគរថវិកាគាំទ្រនានា ជាពិសេសគឺតាមរយៈគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ក្នុងការផ្តល់ថវិកាគាំទ្រ សម្រាប់ប្រភេទកីឡាសក្តានុពលចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ដែលកីឡាប្រដាល់សកលក៏ជាប្រភេទកីឡាសក្តានុពលក្នុងការប្រជែងមេដាយស៊ីហ្គេមដែរ។ យើងក៏បានទាក់ទងទៅសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ក្នុងការស្នើសុំបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់យើងនៅក្រៅប្រទស ដែលយើងគិតថាប្រទេសណាមួយនោះស័ក្តិសមនឹងការបោះជំរុំហ្វឹកហាត់ ដែលជាគោលដៅគឺប្រទេសដែលនៅតំបន់អឺរ៉ុប។ ចំពោះចំនួនប៉ុន្មាននាក់ ឬការកំណត់មុខសញ្ញាថាតើកីឡាករ ឬកីឡាការិនីណាខ្លះនឹងត្រូវជ្រើសរើស គឺពុំទាន់កំណត់នៅឡើយទេ គឺយើងត្រូវការពេលវេលាសិក្សាសិន ហើយកីឡាករ កីឡាការិនីទាំងនោះត្រូវតែជាអ្នកដែលមានសក្តានុពលខ្ពស់ជាងគេ ក្នុងចំណោមក្រុមជម្រើសជាតិទាំងមូល»។ នេះជាការគូសបញ្ជាក់ចុងក្រោយរបស់លោក ប៊ុយ សុភ័ណ្ឌ៕

 

ប្រភពព័ត៌មាន Cambodia SEA GAMES 2023

មតិយោបល់