អែម សុវណ្ណារី ៖«ឪពុកម្ដាយមិនចង់ឲ្យប្រឡូកនៅសង្វៀន ព្រោះជាការប្រើអំពើហិហ្សា»

មាស សុផាណារ៉ុង March 18, 2021


 

អាមេរិក៖ «វាជាការរៀនសូត្រអំពីតម្លៃជីវិតកាលនៅក្មេង តាមរយៈក្បាច់គុន។ មានការគិតជាច្រើន ដែលក្បាច់គុនមាន [កេរ្តិ៍ឈ្មោះមិនល្អ]។ ពេលខ្លះ ម៉ាក់ប៉ាគិតថាវាជាអំពើហិង្សា ឬក្បាច់គុននាំឲ្យ [ក្មេងៗ] ក្លាយជាការបំពាន ឬសម្លុតគេជាដើម ប៉ុន្តែធាតុពិត វាផ្ទុយស្រឡះអំពីការគិតទាំងនោះ»។ នេះជាបង្ហើបឲ្យដឹងរបស់កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី មុនឡើងសង្វៀនប្រកួតនៅអាមេរិក និងសង្វៀន ONE Championship កាលប៉ុន្មានឆ្នាំមុន។

ការចេះក្បាច់គុនរបស់កីឡាការិនីវ័យ ២៨ឆ្នាំរូបនេះនាំឲ្យរូបគេគិតវិជ្ជមាន និងមានភាពក្លាហានប្រកបដោយទំនុកចិត្តជាដើម។ កីឡាការិនីសម្បុរស្រអែមប្រើចរិតដាក់ខ្លួន, ចង់ឡើងប្រកួត, និងចង់ឈ្នះលើសង្វៀនប្រកួតប៉ុណ្ណោះ មិនមែនយកក្បាច់គុនដើរធ្វើបាបគេទេ។ កីឡាការិនីរូបនេះតែងតែតាំងចិត្តបង្កើនសមត្ថភាពឲ្យខ្លាំងក្លានៅសង្វៀន ONE។

សុវណ្ណារី សារភាពថា៖ «[ក្បាច់គុន] ពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ព្រោះកន្លងទៅខ្ញុំអៀនច្រើន និងមិនចេះបង្ករជម្លោះដាក់អ្នកណាទេ។ ខ្ញុំមិនសូវជាក្លាហានរឿងវ៉ៃទាត់ធាក់ ប៉ុន្តែនៅពេលឡើងសង្វៀន ឬ វ៉ៃដាក់ទ្រុក អ្នកត្រូវតែប្រកួតប្រជែងឲ្យអស់សមត្ថភាព។»

ថ្មីៗនេះ សុវណ្ណារី បានសាងកំណត់ត្រាឈ្នះលើកទីពីរនៅស្ថាប័នប្រដាល់កំពូលប្រចាំអាស៊ី ONE Championship បន្ទាប់ពីបញ្ឈប់កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរីនេះ។

គួរដឹងថា នៅឆ្នាំ២០១៨ សុវណ្ណារី បានបោះជំហានចូលសង្វៀនអន្តរជាតិ ONE Championship ដោយប្រកួតលើកទី១ បានផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova នៅព្រឹត្តិការណ៍ ONE: Mark of Greatness ឲ្យសន្លប់ក្នុងទឹកទី១ មុនពេលចាញ់កីឡាការិនីឥណ្ឌា Rayane Marques Bastos ត្រឹមទឹកទី១ នៅសង្វៀន ONE : MARK of GREATNESS កាលខែធ្នូង ឆ្នាំ ២០១៩។

ដោយសារតែកូវីដ-១៩ ផ្ទុះឡើង និងការរឹតបន្តឹងរបស់អាមេរិក និងប្រទេសនៅលើសកលលោក កីឡាការិនីរហស្សនាម “The Sweet Savage” មិនបានឡើងសង្វៀនទេនៅឆ្នាំ ២០២០។
បែបណាក្ដី ឆ្នាំ ២០២១ គេឡើងសង្វៀនលំដាប់ពិភពលោកបានមួយលើក និងគ្រោងឡើងលើកទី២ នៅអាមេរិកនាដោយប៉ះកីឡាការិនីអាមេរិក Colbey Northcutt នៅព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី២៨ ខែមេសា ខាងមុខនេះ៕

មតិយោបល់