កីឡាការិនីពហុជំនាញ នៅ ស្រីពៅ ចាប់ជំនាញប្រដាល់ឃីកបុកសីងមួយទៀត និងប្រាប់មូលហេតុ

មាស សុផាណារ៉ុង March 10, 2021


 

ភ្នំពេញ៖ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីប៉ុន្មានខែមុននេះ កីឡាការិនីជម្រើសជាតិកម្ពុជា និង ONE Championship នៅ ស្រីពៅ បានបោះជំហានចូលចាប់ជំនាញឃីកបុកសីងជាផ្លូវការហើយ។

កីឡាការិនី នៅ ស្រីពៅ ត្រូវបានមហាជនស្គាល់ខ្លាំងកាលពីឆ្នាំ២០១៩ ជាពេលដែលនាងបានប្រើជំនាញវ៉ៃឈរយ៉ាងល្អឥតខ្ចោះដើម្បីទទួលបានជ័យជម្នះលើកីឡាការិនីថៃ Rika Ishige នៅព្រឹត្តិការណ៍ ONE: Clash of Legends នៅទីក្រុងបាងកក។

យ៉ាងណា សម្រាប់ការប្រកួតពីរលើចុងក្រោយនៅស្ថាប័នអន្តរជាតិខាងលើនេះ នៅ ស្រីពៅ មិនទទួលបានគាប់ប្រសើរឡើយដោយបានចាញ់ពិន្ទុកីឡាការិនីឥណ្ឌូណេស៊ីដែលមានបទពិសោធច្រើន Priscilla Hertati Lumban Gaol នៅឆ្នាំ២០១៩ និងនៅខែតុលា ឆ្នាំ២០២០ បានចាញ់ជើងខ្លាំងចំបាប់ឥណ្ឌា Ritu Phogat ក្នុងទឹកទី២។

បន្ទាប់ពីបរាជ័យក្នុងការប្រកួតលក្ខណៈគុនចម្រុះអន្តរជាតិ ២លើកចុងក្រោយមក នៅ ស្រីពៅ បានផ្តោតលើប្រដាល់សកលជាមួយក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមខ្លួនសម្រាប់ចេញទៅប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ២០២១។ ប៉ុន្តែការសម្រេចចិត្តចុងក្រោយនាងបានចាប់អាជីពឃីកបុកសីង ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជា ដែលទើបតែចាប់ផ្តើមដំណើរការហ្វឹកហាត់ជាផ្លូវនាដើមខែមីនានេះ។

នៅ ស្រីពៅ បានប្រាប់ថា នាងពិតជាចាប់យកអាជីពប្រដាល់ឃីកបុកសីងមែន ពីព្រោះជំនាញនេះមានសក្តានុពល និងមានទីផ្សារអន្តរជាតិច្រើន ប៉ុន្តែមិនមែនមានន័យថា នាងចោលអាជីពគុនចម្រុះ ឬសកលទាំងស្រុងនោះទេ។ ស្រីពៅ និយាយថា៖ «ខ្ញុំហាត់ប្រដាល់ឃីកបុកសីងជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមទៅស៊ីហ្គេមចុងឆ្នាំនេះនៅប្រទេសវៀតណាម។ ជាពិសេស វាមានទីផ្សារសេរី បើហាត់នៅសកល ខ្ញុំបានវ៉ៃតែសកលទេ តែអត់បានវ៉ៃអីផ្សេងទេ តែខ្ញុំចូលឃីកបុកសីង ខ្ញុំអាចវ៉ៃបានច្រើនគឺឃីកបុកសីង គុនខ្មែរ ឬ MMA ជាដើម។ អីចឹង ខ្ញុំចេញទៅវ៉ៃនៅក្រៅប្រទេសស្រួល។»

កីឡាការិនីអាយុ២៥ឆ្នាំ ធ្លាប់បានប្រាប់ថា ក្តីស្រមៃធំជាយូរមកហើយរបស់នាងមិនទាន់បានសម្រេចទេ។ «ក្តីស្រមៃយូរអង្វែងរបស់ខ្ញុំគឺឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ឆ្នាំ២០២១នេះ គឺកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម អីចឹងខ្ញុំប្រាថ្នាយកមេដាយនៅឆ្នាំថ្មីខាងមុខ។» នៅ ស្រីពៅបានបញ្ជាក់។

តាមពិតទៅ នៅ ស្រីពៅ បានជាប់ជម្រើសជាតិកម្ពុជាផ្នែកប្រដាល់សកលតាំងពីឆ្នាំ២០១៨ និងបានចេញទៅប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ពេលនោះកីឡាការិនីពហុជំនាញរូបនេះទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់កីឡាការិនីវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅ ស្រីពៅ និយាយថា៖ «ខ្ញុំចង់បានមេដាយមាសគឺជាសុបិន្តយូរមកហើយ តែហោចណាស់បានត្រឹមមេដាយប្រាក់ក៏អស់ចិត្តដែរសម្រាប់ស៊ីហ្គេម២០២១ នេះ។»

នៅ ស្រីពៅ អាចនិយាយបានថាជាកីឡាការិនីពហុជំនាញដ៏កម្រសម្រាប់ធនធានកីឡាកម្ពុជា ដោយសារនាងផ្តើមចេញពីកីឡាគុនខ្មែរដែលបានចេញទៅប្រកួតនៅប្រទេសមីយ៉ាន់ រហូតក្លាយជាកីឡាការិនីឆ្នើមប្រចាំឆ្នាំនៅទីនោះ។ បន្ទាប់មកនាងត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាផ្នែកប្រដាល់ដែលបានចេញទៅប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត មុនបោះជំនាញចូលជំនាញប្រដាល់គុនចម្រុះលើឆាកអន្តរជាតិ ហើយចុងក្រោយចាប់យកជំនាញឃីកបុកសីងថែមទៀត៕

 

អត្ថបទ៖ ផ្ដល់ឲ្យដោយ One

មតិយោបល់