ដំណើរនៃក្ដីស្រមៃរបស់កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី លើឆាកអន្តរជាតិ

មាស សុផាណារ៉ុង February 17, 2021


 

អាមេរិក៖ កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ឬ គេស្គាល់រហស្សនាម “The Sweet Savage” ពិតជារំភើបខ្លាំងណាស់ដែលទទួលបានការចាប់អារម្មណ៍ និងចុះកិច្ចសន្យាប្រកួតឲ្យសង្វៀនលំដាប់ពិភពលោក ONE Championship កាលឆ្នាំ ២០១៨។ នេះជាបំណងប្រាថ្នាមួយពេលរូបគេចាប់ផ្ដើមប្រឡូកនៅសង្វៀនគុនចម្រុះ ជាពិសេសជ័យជម្នះធំធេងពេលបង្ហាញខ្លួនដំបូងដោយផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹម៨១ វិនាទីប៉ុណ្ណោះ កាលខែធ្នូ ឆ្នាំ២០១៨។

ជ័យជម្នះលើកដំបូងនោះធ្វើឲ្យ សុវណ្ណារី កាន់តែមានការតាំងចិត្តទ្វេដងក្នុងអាជីពគុនចម្រុះនិង បន្តគោលដៅទៅមុខទៀត។ បែបណាក្ដី កាលខែធ្នូ ឆ្នាំ២០១៩ កីឡាការិនីសម្បុរស្រអែម ចាញ់កីឡាការិនីឥណ្ឌា Rayane Marques Bastos ត្រឹមទឹកទី១ នៅសង្វៀន ONE : MARK of GREATNESS។

សុវណ្ណារី បង្ហាញផ្នត់គំនិតកន្លងទៅបែបនេះ៖ «ខ្ញុំនឹងធ្វើឲ្យបានល្អតាមតែអាចធ្វើទៅបាន។ ខ្ញុំនឹងមានការប្រកួតបន្តបន្ទាប់ជាមួយ ONE ហើយ ខ្ញុំសង្ឃឹមថា ខ្ញុំអាចឈ្នះខ្សែក្រវាត់នៅថ្ងៃណាមួយ។ ខ្ញុំក៏អាចទម្លាក់គីឡូមកប្រកួតទម្ងន់ strawweight ផងដែរ។ ប៉ុន្តែនេះគ្រាន់តែជាគំនិតប៉ុណ្ណោះ។ បច្ចុប្បន្នខ្ញុំខិតខំផ្ដោតលើគូប្រកួតទម្ងន់ flyweight សិន។»

សុវណ្ណារី សង្កត់ធ្ងន់ថា៖ «ការឡើងប្រកួត គឺជាផ្នែកមួយដ៏ធំបំផុតរបស់ខ្ញុំតំណាងឲ្យវប្បធម៌របស់កម្ពុជា ដែលខ្ញុំទើបតែបានឈ្វេងយល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងរៀនភាសាខ្មែរទៀតផង។ បើសិនមានឱកាសមកប្រកួតនៅស្រុកខ្មែរ និងតំណាងជាតិនៅលើសង្វៀនដ៏ធំហើយផ្សារភ្ជាប់ទៅនឹងវប្បធម៌ខ្មែរ និងប្រពៃណី នោះវាជារឿងដ៏អស្ចារ្យខ្លាំងណាស់។»

កីឡាការិនីវ័យ ២៨ ឆ្នាំមានការតាំងចិត្តខ្ពស់ទោះមានវិបត្តិ កូវីដ-១៩ កើតឡើងនិងរឹតបន្តឹងខ្លាំងនៅអាមេរិកក៏ដោយ ប៉ុន្តែ រូបគេបានចំណាយពេលស្រាវជ្រាវមើលវីដេអូស្នៀតចាស់ៗឡើងវិញ និងបានហ្វឹកហាត់តាមការណែនាំរបស់គ្រូបង្វឹកជាប្រចាំ។

ទីបំផុតស្ថិតក្នុងវិបត្តិមេរោគរាលដាលជាសកលនេះ សុវណ្ណារី បានឡើងសង្វៀន ONE ជាលើកទី៣ក្នុងអាជីព កាលចុងខែ មករា ឆ្នាំ ២០២១ កន្លងទៅថ្មីៗ។ គ្រានោះ សុវណ្ណារី បានផ្ដួលកីឡាការិនីរូបស្រស់កូរ៉េ Jung Yoon Choi ត្រឹមទឹកទី២ នៅព្រឹត្តិការណ៍ ONE: UNBREAKABLE II នាប្រទេសសិង្ហបុរី។ ក្រោយទទួលជ័យជម្នះ ២ លើកក្នុងការបង្ហាញខ្លួន៣លើកនៅសង្វៀនធំបំផុតនៅអាស៊ី “The Sweet Savage” ចង់បានការប្រកួតមួយចំនួនទៀតតាមតែអាចធ្វើទៅបានមុនដាច់ឆ្នាំ២០២១ នេះ និងដាក់ខ្លួនឲ្យរវល់ជាងមុន។

ទោះបានមកប្រកួតនៅម៉ាឡេស៊ីពីរលើកនិងនៅសិង្ហបុរីមួយលើក ប៉ុន្តែ សុវណ្ណារី មិនទាន់បានមកទស្សនកិច្ចនៅប្រទេសកំណើតដូនតានៅឡើយទេ។ ថ្មីៗ ពិភពលោកយាយីដោយសារកូវីដ-១៩ ដែលមិនអាចធ្វើដំណើរឆ្លងងាយស្រួលនោះទេ។ ថ្ងៃណាមួយ សុវណ្ណារី នឹងមកលេងនៅស្រុកខ្មែរជាលើកដំបូង។ យ៉ាងណាក្ដី សុវណ្ណារី បានបង្ហោះសារជាវីដេអូដោយនិយាយភាសាខ្មែរ និងផ្ញើក្ដីនឹករលឹកដល់អ្នកគាំទ្រស្រុកខ្មែរទៀតផង៕

 

អត្ថបទ៖ ផ្ដល់ឲ្យដោយ One

មតិយោបល់