ក្រោយផ្ដួលកីឡាការិនីឲ្យសន្លប់ អែម សុវណ្ណារី ប្រាប់អំពីការតាំងចិត្តបន្ថែម

មាស សុផាណារ៉ុង February 15, 2021


 

ភ្នំពេញ៖ កាលពីខែមករា កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ឬគេស្គាល់រហស្សនាមថា “The Sweet Savage” បានរក្សាកំណត់ត្រា ១០០% ក្នុងការបញ្ចប់គូប្រកួតក្រោយផ្ដួលកីឡាការិនី Choi Jeong Yun ឲ្យសន្លប់។

ជ័យជម្នះផ្ដួលគូប្រកួតឲ្យសន្លប់នៅទឹកទី២ នាព្រឹត្តិការណ៍ ONE: UNBREAKABLE II នៅកីឡដ្ឋាន Singapore Indoor Stadium ឯប្រទេសសិង្ហបុរី បាននាំឲ្យកីឡាការិនីកូនខ្មែរនៅអាមេរិកឈ្នះលើកទី៤ ក្នុងការប្រឡូកនៅសង្វៀនគុនចម្រុះ។ ជ័យជម្នះនេះបានបង្ហាញថា គេអាចប្រឈមនឹងគូប្រកួតខ្ពស់ជាងខ្លួនដែលមានជំនាញកណ្ដាប់ដៃ និងការទាត់ខ្ពស់ជាដើម។ ប៉ុន្តែ រូបគេនៅតែប្រើក្បាច់ចំបាប់បានល្អបំផុត។

សុវណ្ណារី រំលឹកថា៖ «ខ្ញុំមិនបានចេញកណ្ដាប់ដៃច្រើន ប៉ុន្តែខ្ញុំគ្រប់គ្រងការប្រកួតទាំងស្រុងនៅទឹកទី១។ ដូច្នេះ ខ្ញុំពិតជាមានមោទកភាពសម្រាប់ការប្រកួតនេះ។ ខ្ញុំមានបញ្ហាបញ្ចប់គូប្រកួតដោយស្នៀតតេក្វាន់ដូ ព្រោះគេខ្លាំងណាស់។ គូប្រកួតរបស់ខ្ញុំជំនាញឃីកបុកសីង និងខ្ពស់ជាងខ្ញុំ។ គេអាចវាយចេញវែង និងទាត់បានខ្ពស់។»

យ៉ាងណាក្ដី សុវណ្ណារី បានប្រើវិធីចូលបោកផ្ដួលដោយក្បាច់ចំបាប់ និងគាបជើងដោយស្នៀតតេក្វាន់ដូ ហើយអាចសំពងពីលើជាច្រើនដៃរហូតដល់អាជ្ញាកណ្ដាលបញ្ឈប់។

កូនខ្មែរអាមេរិក បញ្ជាក់អំពីការចង់ឡើងសង្វៀនថា៖ «ខ្ញុំនឹងបន្តហ្វឹកហាត់ឲ្យខ្លាំង និង កាន់តែរីកចម្រើនសម្រាប់ការប្រកួតនីមួយៗ។ និយាយដោយស្មោះ ខ្ញុំចង់អភិវឌ្ឍ [ស្នៀតប្រយុទ្ធរបស់ខ្ញុំ] ឲ្យល្អបំផុត។»

កីឡាការិនីវ័យ ២៨ ឆ្នាំសង្កត់ធ្ងន់ថា៖ «ក្នុងអាជីពរបស់ខ្ញុំរហូតដល់ពេលនេះ ខ្ញុំប្រកួតបានម្ដងក្នុងមួយឆ្នាំ។ ដូច្នេះគោលដៅឆ្នាំ២០២១ ខ្ញុំចង់ឲ្យរវល់ខ្លាំងជាងរាល់ដង យ៉ាងហោច ក៏បាន ២ប្រកួតដែរនៅឆ្នាំនេះ។ មួយទៀត ខ្ញុំចង់បង្កើនកម្រិតឲ្យទទួលខ្សែក្រវាត់ពណ៌ស្វាយក្នុងក្បាច់គុនជឺជិតស៊ូ ផងដែរ។»

«ជ័យជម្នះនេះជាមោទនភាពគុនខ្មែរ ដែលតំណាងឲ្យកម្ពុជា។ ជ័យជម្នះនេះ វាធ្វើឲ្យខ្ញុំកាន់តែឆ្ពោះទៅរកគោលដៅធំបំផុត។ ខ្ញុំចង់ក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ONE Flyweight នៅថ្ងៃមុខ។»

គួរដឹងថា ឆ្នាំ២០២០ អែម សុវណ្ណារី មិនបានបង្ហាញខ្លួនទេ ដោយសារវិបត្តិកូវីដ-១៩ ផ្ទុះខ្លាំងនៅអាមេរិក និងត្រូវបានដាក់កំហិតក្នុងការធ្វើដំណើរ។ គិតត្រឹមពេលនេះ សុវណ្ណារី ឈ្នះ ៤លើកក្នុងការបង្ហាញខ្លួន ៥លើក ពេលចាប់ផ្ដើមប្រឡូកក្នុងពិភពគុនចម្រុះ តាំងចុងឆ្នាំ២០១៦ មក៕

មតិយោបល់