អែម សុវណ្ណារី រំលឹកអំពីការផ្លាស់ប្ដូរក្បាច់គុនដោយសារកីឡាការិនីកីឡាកាសស្រស់ស្អាតមួយរូប

មាស សុផាណារ៉ុង February 10, 2021


 

ភ្នំពេញ៖ កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បានរំលឹកថា ទោះជារូបគេស្រលាញ់ប្រដាល់សកលយ៉ាងជក់ចិត្តយ៉ាងណាក៏ដោយ ប៉ុន្តែ ក៏ចង់ហាត់ប្រភេទកីឡាផ្សេងដែរ។ មិនយូរប៉ុន្មាន គេចាប់ផ្ដើមហាត់ក្បាច់ជឺជិតស៊ូ និងចំបាប់ព្រមគ្នា។

សុវណ្ណារី បានឲ្យដឹងថា៖ «កីឡាការិនីកីឡាកាស Ronda Rousey ជាអ្នកជំរុញទឹកចិត្តខ្ញុំឲ្យប្ដូរក្បាច់គុននេះ។ វាមិនលំបាកប៉ុន្មាន ពេលប្ដូរពីប្រដាល់សកលទៅហាត់ក្បាច់គុនចម្រុះ។ ខ្ញុំរៀនឆាប់ចេះឆាប់ចាំ និងផ្លាស់ប្ដូរបានលឿនទៀតផង។»

Rousey មានវ័យ ៣៤ ឆ្នាំជាកីឡាការិនីកីឡាកាសឆ្នើមប្រចាំសង្វៀន WWE នាពេលបច្ចុប្បន្ន។ កីឡាការិនីរូបស្រស់រូបនេះធ្លាប់ជាប្រឡូកក្នុងពិភពគុនចម្រុះ, ធ្លាប់ដើរតួកុន និងជាអ្នកជំនាញក្បាច់យូដូទៀតផង។

កីឡាការិនីសម្បុសស្រអែមបន្តទៀតថា៖ «វាជាការផ្លាស់ប្ដូរដ៏វែងឆ្ងាយ ព្រោះខ្ញុំជាកីឡាការិនីប្រដាល់សកល។ វាខុសពីការគិតបន្តិច ព្រោះធ្លាប់តែឈរវ៉ៃ បែរមកហាត់ក្បាច់ចាប់ និង ប្រើក្បាច់ចំបាប់ ហើយមានដៃគូប៉ងផ្ដួលខ្ញុំឲ្យដួលជាហូរហែ។ វាជារឿងខកចិត្តមួយ ព្រោះខ្ញុំតែងតែគិតអំពីប្រដាល់អំឡុងពេលហ្វឹកហាត់។»

ទោះលំបាកបែបណាក៏ដោយ សុវណ្ណារី បានបង្ហាញការតាំងចិត្តខ្ពស់ដើម្បីអភិវឌ្ឍខ្លួនលើក្បាច់ចាប់ និង សំលៀងស្នៀតថ្មីៗជាប្រចាំ។ គេបន្តហ្វឹកហាត់ និងធ្វើឲ្យខ្លួនរីកចម្រើនឡើងជាបន្តបន្ទាប់ រហូតទទួលបានការចុះឈ្មោះប្រកួតជាផ្លូវការនៅសង្វៀន ONE Championship នាឆ្នាំ ២០១៨។

សុវណ្ណារី និយាយទាំងសំណើចកន្លងទៅថា៖ «វាជាពេលយូរមួយ។ តែខ្ញុំត្រូវតែបញ្ចូលក្បាច់ចំបាប់មួយទៀត។ ខ្ញុំក៏ធ្លាប់អនុវត្តន៍វា ហើយក៏ស្អប់ក្បាច់នេះដែរ។ បែបណាក៏ដោយ ខ្ញុំបានស្រូបយកស្នៀតគុននេះ និងមានអារម្មណ៍ល្អ ដែលអាចផ្សំគ្នាដើម្បីប្រកួតបាន។»

ថ្មីនេះ កីឡាការិនីរហស្សនាម The Sweet Savage វិលមកសង្វៀនលំដាប់ពិភពលោកវិញដោយផ្ដួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ឲ្យសន្លប់នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II ត្រឹមទឹកទី២កាល ថ្ងៃសុក្រ ទី២៩ ខែ មករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

គួរដឹងថា សុវណ្ណារី បានបង្ហាញខ្លួនល្អឥតខ្ចោះក្នុងការបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក ONE Championship កាលខែ ធ្នូ ឆ្នាំ ២០១៨ ពេលផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹមថិរវេលា ៨១ វិនាទីប៉ុណ្ណោះ។ ប៉ុន្តែ គេរងបរាជ័យដោយថ្វីដៃ កីឡាការិនីឥណ្ឌា Rayane Marques Bastos កាលដើមខែ ធ្នូ ឆ្នាំ ២០១៩ នៅកម្មវិធី Mark Of GREATNESS៕

 

អត្ថបទ៖ ផ្ដល់ឲ្យដោយ One

មតិយោបល់