នរណាខ្លះជាជើងខ្លាំងក្នុងទម្ងន់ Flyweight ដែលនារីខ្មែរ-អាមេរិក សុវណ្ណារី ចង់ក្លាយជាជើងឯក?

មាស សុផាណារ៉ុង February 9, 2021


 

ភ្នំពេញ៖ កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី ចង់ក្លាយជាកីឡាការិនីទី១ ដែលឈ្នះជើងឯកគុនចម្រុះពិភពលោកក្នុងប្រភេទទម្ងន់ Flyweight នៅស្ថាប័នប្រដាល់ ONE Championship។

បច្ចុប្បន្ននេះ ONE មានកីឡាការិនី ៤នាក់ប៉ុណ្ណោះដែលជាជើងឯកពិភពលោក។ កីឡាការិនីចិន Xiong Jing Nan ជាជើងឯកគុនចម្រុះពិភពលោកទម្ងន់ Strawweight។ កីឡាការិនីសិង្ហបុរី Angela Lee ជាជើងឯកគុនចម្រុះពិភពលោកទម្ងន់ Atomweigh។ កីឡាការិនីប្រេស៊ីល Allycia Hellen Rodricues ជាជើងឯកមួយថៃពិភពលោកទម្ងន់ Atomweight និងកីឡាការិនីអាមេរិក Janet Todd ជាជើងឯកឃីកបុកសីងពិភពលោកទម្ងន់ Atomweight។

អែម សុវណ្ណារី ប្រកួតនៅក្នុងប្រភេទទម្ងន់ចន្លោះពី ៥៧ទៅ៦០គីឡូក្រាម ខណៈការប្រកួតចុងក្រោយជាមួយកីឡាការិនីកូរ៉េខាងត្បូង Choi Yeong Yun ក្នុងប្រភេទទម្ងន់កំណត់ (CATCH WEIGHT) គឺ៦២.៥គីឡូក្រាម។

បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាការិនីកូរ៉េខាងត្បូង ក្នុងទឹកទី២ អែម សុវណ្ណារី បានប្រាប់ថា គោលបំណងធំរបស់នាងនាពេលខាងមុខគឺចង់ក្លាយជាជើងឯកពិភពលោកម្នាក់នៅ ONE។ សុវណ្ណារី បាននិយាយថា៖ «ខ្ញុំចង់ក្លាយជាកីឡាការិនីទី១ដែលបានក្លាយជាជើងឯកគុនចម្រុះពិភពលោកក្នុងប្រភេទទម្ងន់ Flyweight។»

សម្រាប់ប្រភេទទម្ងន់ Flyweight មិនទាន់មានជើងឯកពិភពលោកឡើយសម្រាប់ផ្នែកនារីនៅ ONE។ តើមានកីឡាការិនីណាខ្លះដែលជាជើងខ្លាំងក្នុងប្រភេទទម្ងន់នេះ? មែនទែនទៅ មិនមានកីឡាការិនីច្រើនទេដែលប្រកួតក្នុងប្រភេទទម្ងន់នេះ។ ភាគច្រើនកីឡាការិនីវ៉ៃក្នុងប្រភេទទម្ងន់ចន្លោះពី ៥០ទៅ៥៣គីឡូក្រាមប៉ុណ្ណោះ។

ក្នុងទម្ងន់ចន្លោះពី ៥៦គីឡូក្រាមឡើងទៅ៦០គីឡូក្រាម មានដូចដូចជា កីឡាការិនីកូរ៉េខាងត្បូង Choi Yeong Yun មានប្រវត្តិប្រកួត ៤ដងក្នុងនោះ ឈ្នះ២ និងចាញ់២។ នាងធ្លាប់ប្រកួតនៅ ONE បានពីរដង ប៉ុន្តែចាញ់ទាំងពីរដង។ ប្រកួតចុងក្រោយចាញ់ អែម សុវណ្ណារី ក្នុងទឹកទី២។

កីឡាការិនីប្រេស៊ីល Rayane Marques Bastos អាចចាត់ទុកថាជាជើងខ្លាំងម្នាក់ក្នុងទម្ងន់ Flyweight នេះ បន្ទាប់ពីប្រកួត ៥ដងគឺឈ្នះ៤ និងស្មើ១ ដោយមិនទាន់ស្គាល់បរាជ័យសោះ។ យ៉ាងណានាងប្រកួតនៅ ONE ទើបបាន ១ដងប៉ុណ្ណោះដោយទទួលបានជ័យជម្នះគឺលើ សុវណ្ណារី។

អ្នកលេងគុនចម្រុះសិង្ហបុរី Tiffany Teo អាចចាត់ទុកថាជាជើងខ្លាំងជាងគេនៅក្នុងប្រភេទទម្ងន់នេះ ពីព្រោះនាងមានបទពិសោធច្រើនណាស់គឺធ្លាប់ប្រកួតបាន ១១ដងក្នុងនោះឈ្នះ ៩ដង និងចាញ់តែ ២ដងប៉ុណ្ណោះ។ នាងធ្លាប់វ៉ៃនៅ ONE ៨ដង ក្នុងនោះចាញ់២ដង។ យ៉ាងណា កីឡាការិនីសិង្ហបុរីនេះបានចុះមកវ៉ៃក្នុងទម្ងន់ Strawweight ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោកពីកីឡាការិនីចិន Xiong Jing Nan តែមិនជោគជ័យ។

ជាមួយគ្នានេះ កីឡាការិនី Rebecca Heintzman ក៏ជាអ្នកលេងគុនចម្រុះនៅក្នុងទម្ងន់ Flyweight នេះដែរ តែប្រវត្តិប្រកួតឈ្នះ២ដង និងចាញ់៣ដង។ យ៉ាងណា ការប្រកួតរបស់នាងពីរដងនៅ ONE គឺចាញ់ទាំងពីរដង។

ជើងខ្លាំងគួរឲ្យចាប់អារម្មណ៍ម្នាក់ទៀតនោះគឺកីឡាការិនីជប៉ុន Ayaka Miura ក៏ជាតារាគ្រោះថ្នាក់ម្នាក់ក្នុងប្រភេទទម្ងន់នេះ ខណៈនាងមានបទពិសោធច្រើននៅលើសង្វៀនតាមរយៈជ័យជម្នះ១០ដង និងចាញ់៣ដង។ នាងក៏ឡើងសង្វៀន ONE បាន៤ដងដែរគឺឈ្នះ៣ និងចាញ់១ដង។

ចំណែកអ្នកលេងគុនចម្រុះប្រេស៊ីល Maira Mazar ក៏មានបទពិសោធច្រើនដែរគឺប្រវត្តិប្រកួត១០ដងក្នុងនោះឈ្នះ៧ដង និងចាញ់៣ដង។ សម្រាប់សង្វៀន ONE វិញនាងប្រកួតបាន២ដងហើយគឺឈ្នះ១ និងចាញ់១។ ជ័យជម្នះរបស់នាងនៅ ONE គឺលើកីឡាការិនីកូរ៉េ Choi Yeong Yun ដែលចាញ់ អែម សុវណ្ណារី ក្នុងទឹកទី២។ ដូច្នេះកីឡាការិនីប្រេស៊ីលម្នាក់នេះអាចជាដៃគូបន្ទាប់របស់កីឡាការិនីខ្មែរ-អាមេរិកនាពេលខាងមុខ។

បើពុំនោះទេ សុវណ្ណារី អាចជួបដៃគូចាស់ Rayane Marques Bastos ដែលធ្វើឲ្យនាងស្គាល់បរាជ័យតែម្តងគត់ក្នុងចំណោម៣ប្រកួតនៅសង្វៀន ONE។

និយាយរួម ប្រសិនបើស្ថាប័ន ONE Championship រៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់គុនចម្រុះពិភពលោកក្នុងប្រភេទទម្ងន់ Flyweight អ្នកលេងគុនចម្រុះខ្មែរ-អាមេរិកនឹងក្លាយជាបេក្ខភាពដ៏ល្អម្នាក់ដើម្បីប្រកួតប្រជែងដែរ៕

មតិយោបល់