ប្រដាល់សកល ប្ដេជ្ញាលុបបំបាត់ឈ្មោះខ្មោច ចេញពីជើងឯកថ្នាក់ជាតិឆ្នាំ២០២១

មាស សុផាណារ៉ុង February 4, 2021


 

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ គ្រប់ការប្រកួតកីឡា មិនថាថ្នាក់ជាតិ ឬពានរង្វាន់ក្រុមហ៊ុនណាមួយទេ តែងតែមានឈ្មោះកីឡាករ ឬមន្ត្រីប្រតិភូមកពីតាមបណ្ដាលសមាគម និងក្លិបជាច្រើនដាក់ពាក្យចូលរួមក្នុងកម្មវិធី តែជាក់ស្ដែងមិនមានវត្តមានក្នុងកម្មវិធីប្រកួត តែមានឈ្មោះបើកប្រាក់ឧបត្តម្ភដូចគេដូចឯងដែរ ទាំងនេះត្រូវបានគេហៅថា កីឡាករខ្មោច ឬមន្ត្រីខ្មោច។

កន្លងមកប្រភេទកីឡាដែលល្បីជាងគេថាមានឈ្មោះខ្មោចច្រើននោះ គឺប្រភេទកីឡាប្រដាល់គុនខ្មែរ គឺមានតាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ដោយវិធីសាស្ត្រដោះស្រាយដូចមិនសូវជាមានប្រសិទ្ធភាពដល់ប្រភេទកីឡាផ្សេងៗឡើយ។ ខណៈដែលសហព័ន្ធប្រដាល់សកលកម្ពុជា ដែលចែកផ្លូវចេញពីគុនខ្មែរ តាំងពីឆ្នាំ២០១៧ មកនោះបានប្រែក្លាយជាប្រភេទកីឡារីកចម្រើនខ្លាំង និងមានអ្នកគាំទ្រ មិនចាញ់គុនខ្មែរប៉ុន្មាននោះ បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ឈ្មោះខ្មោចពីច្រើនមកតិចៗដោយមានប្រសិទ្ធភាព។

អគ្គលេខាធិការសហព័ន្ធប្រដាលសកលកម្ពុជា លោក ប៊ុយ សោភ័ណ្ឌ បានមានប្រសាសន៍កាលពីបិទជើងឯកថ្នាក់ជាតិ កាលពីចុងខែមករាថា៖ «ជារៀងរាល់ឆ្នាំវានៅតែមានរឿងឈ្មោះខ្មោចនេះ តែឆ្នាំនេះសហព័ន្ធបានព្យាយាមកាត់បន្ថយបានច្រើន តាមគោលការណ៍ ៣ចំណុចដែលយើងបានដាក់ ទៅដល់សមាគម ក្លិបរាជធានីខេត្ត ឬក្រសួងដែលបានដាក់ពាក្យចូលរួមប្រកួតជើងឯកថ្នាក់ជាតិ។»

«វិធីសាស្ត្រដែលសហព័ន្ធរៀបចំនោះគឺ ព្យាយាមធ្វើការត្រួតពិនិត្យ ទៅលើការចុះឈ្មោះជាសមាជិករបស់សហព័ន្ធ តាមបណ្ដាលសមាគម ក្លិបរាជធានីខេត្ត ក៏ដូចជាក្រសួង ដើម្បីយើងទទួលបានទិន្ន័យច្បាស់លាស់ហើយ យើងនឹងធ្វើការណែនាំទៅដល់បណ្ដាលសមាគម ក្លិបរាជធានីខេត្ត និងក្រសួងទាំងអស់ អោយពួកគាត់ដឹងថា ប្រសិនជាពួកគាត់បញ្ចូនកីឡាករមកហើយ មិនមានវត្តមានប្រកួត ឬមិនមានមុខនៅលើសង្វៀនប្រកួតនោះយើងនឹងមានវិធានការ គឺទី១ សហព័ន្ធនឹងប្រមានប្រាប់គាត់ លើកទី២ យើងនឹងអញ្ជើញគាត់មកប្រជុំដោះស្រាយ និងលើកទី៣ យើងនឹងសំរេចដកសមាជិកភាពរបស់ពួកគាត់ចេញតែម្ដង ប្រសិនបើគាត់នៅតែបន្តទៀត។ ចឹងសម្រាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នេះសហព័ន្ធជឿជាក់ថានឹងគ្មានឈ្មោះកីឡាករខ្មោច និងមន្ត្រីខ្មោចទៀតឡើយ។» នេះជាសម្ដីបន្ថែមរបស់លោក ប៊ុយ សោភ័ណ្ឌ។

គួបញ្ជាក់ផងដែរថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នេះ មានសមាគម ចូលរួមចំនួន១១ ក្នុងនោះមាន ៨រាជធានី-ខេត្ត និងក្រសួងចំនួន៣ ដែលមានកីឡាករ-កីឡាការិនី ចុះឈ្មោះចំនួន ៥៨នាក់ ប៉ុន្តែជាក់ស្តែងគឺមានចំនួន ៣៨នាក់ ដោយសារកីឡាករខ្លះអវត្តមាន និងខ្លះទៀតលើសទម្ងន់ ដែលមាន ៧ប្រភេទទម្ងន់ផ្នែកបុរស និង១ប្រភេទទម្ងន់ផ្នែកនារី៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់