កីឡាការិនីខ្មែរ-អាមេរិក បង្កើតកំណត់ត្រាជ័យជម្នះលើកទី២ ក្នុងការបង្ហាញខ្លួនប្រកួត ៣លើកនៅសង្វៀនអន្តរជាតិ ONE

មាស សុផាណារ៉ុង January 30, 2021


 

សិង្ហបុរី៖ កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានផ្តួលកីឡាការិនីកម្ពស់ខ្ពស់របស់កូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា ម្សិលមិញនេះ នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

បន្ទាប់ពីខកចិត្តក្នុងការប្រកួតលើកចុងក្រោយកាលពីឆ្នាំ២០១៩ ដោយចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ក្នុងទឹកទី១នៅ ONE: Mark of Greatness ឆ្នាំ២០១៩ អែម សុវណ្ណារី បានខិតខំប្រឹងប្រែងយ៉ាងដើម្បីអភិវឌ្ឍឲ្យក្លាយជាកីឡាការិនីប្រដាល់គុនចម្រុះពិតប្រាកដ។

ពេលនេះ កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី ដែលមានគ្រូបង្វឹកជាអ្នកខេត្តបាត់ដំបងបានបង្កើតកំណត់ត្រាជ័យជម្នះលើកទី២ ក្នុងការបង្ហាញខ្លួនប្រកួត ៣លើកនៅសង្វៀនអន្តរជាតិ ONE Championship។

គ្រាន់តែចូលទឹកទី១ភ្លាម អែម សុវណ្ណារី ចូលអោប និងកាច់ផ្តួលដើម្បីដាក់គំនាបជំនាញក្រោមតែម្តង។ យ៉ាងណាសម្រាប់ ៥នាទីដំបូង កីឡាការិនីកូរ៉េអាចទប់ស្កាត់ និងដោះខ្លួនចេញពីការគាប់សង្កត់របស់ សុវណ្ណារីបាន។

យ៉ាងណា នៅទឹកទី២ សុវណ្ណារី មិនបានបណ្តោយឱកាសកន្លងហួសទៅទេដោយចាប់ផ្តើមទឹកភ្លាមគឺចូលចាប់អោប និងកាច់ផ្តួលភ្លាម។ កីឡាការិនីខ្មែរអាមេរិកបានព្យាយាមដាក់គំនាបដោយលើកពីរលើ និងវ៉ៃកណ្តាប់សន្ធាប់បណ្តាលឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។

វាជាបរាជ័យលើកទី២ របស់កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun បន្ទាប់ពីបង្ហាញខ្លួនប្រកួតលើកទី១ នៅ ONE បានចាញ់កីឡាការិនីប្រេស៊ីល Maira Mazar ក្នុងទឹកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

ជ័យជម្នះលើកទី១ របស់ អែម សុវណ្ណារី នៅ ONE Championship រកបានកាលពីឆ្នាំ២០១៨ ដែលពេលនោះនាងបានផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងទឹកទី១នៅ ONE: Destiny of Champions នៅឆ្នាំ២០១៨៕

មតិយោបល់