អែម សុវណ្ណារី ថាជារឿងចៃដន្យក្នុងវិថីឡើងប្រកួតអាជីព ដ្បិតចូលចិត្តក្បាច់គុនតាំងនៅក្មេង ប៉ុន្តែគ្រួសារមិនមែនជាអ្នកធូរធារ

មាស សុផាណារ៉ុង January 29, 2021


 

អាមេរិក៖ កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ដែលជាកីឡាការិនីជាប់កិច្ចសន្យានៅសង្វៀន ONE Championship នោះបានបង្ហើបថា ការឡើងសង្វៀនក្នុងការប្រកួតអាជីព គឺជារឿងមិននឹកស្មានមួយ។

សុវណ្ណារី ចូលចិត្តក្បាច់គុនតាំងនៅក្មេងនិងចូលចិត្តលេងច្រើន ប៉ុន្តែគ្រួសាររបស់គេមិនមែនជាអ្នកធូរធារនោះទេ។ ដូច្នេះហើយទើប សុវណ្ណារី មិនមានឱកាសទៅហ្វឹកហាត់នៅក្លិបកីឡា ឬក្លិបប្រដាល់ដូចក្មេងៗដទៃនោះឡើយ។

កូនខ្មែរកើតនៅអាមេរិករូបនេះមានក្ដីស្រលាញ់ក្បាច់គុនតាមរយៈវីដេអូហ្គេម និងខ្សែភាពយន្តប៉ុណ្ណោះ ប៉ុន្តែគេគ្មានសិទ្ធិធ្វើអ្វីឲ្យបានច្រើនលើសពីក្ដីស្រលាញ់ឡើយ។ ឪពុកម្ដាយរបស់គេក៏គ្មានលទ្ធភាពដើម្បីឲ្យកូនទៅហ្វឹកហាត់ក្លិបផ្លូវការដែរ។

សុវណ្ណារី បានរៀបរាប់បែបនេះ៖ «ខ្ញុំអត់មានមធ្យោបាយដើម្បីហ្វឹកហាត់ ឬធ្វើអ្វីនោះទេ។ ខ្ញុំក៏អត់មានជម្រើសអ្វីដែរ…អត់មានជម្រើសចូលហាត់ទេ។ ប៉ុន្តែវាបានផ្លាស់ប្ដូរខ្ញុំរហូតដល់ពេលខ្ញុំមានវ័យ ២០ឆ្នាំ។ ខ្ញុំបានហ្វឹកហាត់ប្រដាល់សកលដែលជាវិធីធ្វើឲ្យរាងកាយនៅស្រឡូន និងមាំមួនកម្លាំងខ្លាំងក្លា។»

ដំបូងឡើយ សុវណ្ណារី អត់មានមហិច្ឆតាដើម្បីបន្តអាជីពផ្នែកកីឡានេះឲ្យរីកចម្រើននោះទេ។ យ៉ាងណាក្ដី គេបានដក់ជាប់ក្ដីស្រលាញ់ទៅនឹងភាពថ្នឹកក្នុងការហ្វឹកហាត់ ឬវ៉ៃដើម្បីឲ្យចេញញើសសម្រាប់សុខភាពប៉ុណ្ណោះ។ សុវណ្ណារី ពន្យល់ទៀតថា៖ «កាលនោះមានមិត្តភ័ក្ដិរបស់ខ្ញុំ តែឥឡូវជាសង្សាររបស់ខ្ញុំ បានណែនាំឲ្យទៅហ្វឹកហាត់ប្រដាល់សកលនៅក្លិបមួយនាក្រុងឡុងប៊ិច។ ខ្ញុំគ្រាន់តែទៅសាកល្បងព្រោះមិត្តប្រុសរបស់ខ្ញុំមានទំនាក់ទំនងល្អទីនោះ។ ប៉ុន្តែខ្ញុំនៅតែមិនអាចបង់លុយដើម្បីក្លាយជាសមាជិកដដែល។ ខ្ញុំបានព្យាយាមហាត់។ យ៉ាងណាក៏ដោយ គ្រូរបស់ខ្ញុំចិត្តល្អណាស់ និងឲ្យខ្ញុំហាត់ជាមួយគាត់ដោយឥតគិតថ្លៃ។»

សុវណ្ណារី បន្តថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈដែលខ្ញុំជាគ្រាន់តែជាអ្នកធ្វើត្រាប់តាមគេ ឬមើលខ្សែភាពយន្តក្បាច់កុងហ្វូ ប៉ុណ្ណោះ។ ខ្ញុំមិនដែលនឹកភ្នកថាបានហាត់ប្រដាល់សកលនោះទេ។ វាជាក្ដីស្រលាញ់របស់ខ្ញុំ។»

ទោះជាស្រលាញ់ប្រដាល់សកលយ៉ាងជក់ចិត្តប៉ុន្តែ ក៏ចង់ហាត់ប្រភេទកីឡាផ្សេងដែរ។ បន្ទាប់មកគេចាប់ផ្ដើមហាត់ក្បាច់ជឺជិតស៊ូ និងចំបាប់ទៀតផង។ ក្រោយមកទៀត គេមានឱកាសឡើងសង្វៀននៅអាមេរិក និង ឈ្នះ ២ លើកជាប់គ្នានៅអាមេរិក មុនចុះកិច្ចសន្យាប្រកួតឲ្យសង្វៀនធំបំផុតនៅអាស៊ី ONE Championship នៅឆ្នាំ២០១៨។

អែម សុវណ្ណារី វិលមកសង្វៀនលំដាប់ពិភពលោកវិញត្រូវតទល់ជាមួយនឹងកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែ មករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

គួរដឹងថា សុវណ្ណារី បានបង្ហាញខ្លួនល្អឥតខ្ចោះក្នុងការបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក ONE កាលខែ ធ្នូ ឆ្នាំ ២០១៨ ពេលផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹមថិរវេលា ៨១ វិនាទីប៉ុណ្ណោះ។ យ៉ាងណាក្ដី មួយឆ្នាំបន្ទាប់ សុវណ្ណារី ចាញ់កីឡាការិនីជើងខ្លាំងឥណ្ឌា Rayane Marques Bastos កាលខែ ធ្នូ ឆ្នាំ ២០១៩៕

 

អត្ថបទ៖ ផ្ដល់ឲ្យដោយ One

មតិយោបល់