កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី រំលឹកអំពីការប្រើភាសាខ្មែរក្នុងប្រាស្រ័យទាក់ទងជាមួយគ្រួសារកាលនៅតូច

មាស សុផាណារ៉ុង January 26, 2021


 

ភ្នំពេញ៖ ក្រោយ ខកខាននៅឆ្នាំ២០២០ ដោយសារកូវីដ-១៩ អែម សុវណ្ណារី វិលមកសង្វៀនលំដាប់ពិភពលោកវិញត្រូវតទល់ជាមួយនឹងកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

សុវណ្ណារី រំលឹកអំពីការប្រើភាសាខ្មែរក្នុងប្រស្រ័យទាក់ទងជាមួយគ្រួសារកាលខ្លួននៅតូច ប៉ុន្តែធំដឹងក្ដីបែរជាលែងចេះនិយាយទៅវិញ។

ជីដូន-ជីតា និងម្ដាយរបស់ អែម សុវណ្ណារី បានជម្លៀសខ្លួនពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកនៅទសវត្សឆ្នាំ១៩៨០។ សុវណ្ណារី កើតនៅឆ្នាំ១៩៩២ នាក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដែលជាទីក្រុងធំ និង សម្បូរដោយពលរដ្ឋខ្មែររស់នៅទីនោះ។

កាលនៅក្មេង រូបគេបង្កើតទំនាក់ទំនងជាមួយជីដូន និងជីតាដោយនិយាយភាសាដូនតា គឺប្រើភាសាខ្មែរដែលជួយឲ្យរូបគេបានដឹងច្រើនអំពីកម្ពុជា។ សុវណ្ណារី រំលឹកដូច្នេះ៖ «យើងបានមើលថែជីតា និង ជីដូន ហើយពួកគាត់និយាយតែភាសាខ្មែរ ប៉ុណ្ណោះ។ ខ្ញុំនិយាយខ្មែរកាលនៅក្មេង ប៉ុន្តែខ្ញុំបាត់បង់ភាសាដើមរបស់ខ្ញុំពេលខ្ញុំកាន់តែធំឡើង។ យើងបានដឹងវប្បធម៌ខ្មែរជាច្រើនពីប្រទេសកម្ពុជា ពេលខ្ញុំនៅក្មេង ព្រោះខ្ញុំឧស្សាហ៍ទៅវត្តអារ៉ាម, ញុំាអាហារខ្មែរ និងស្ដាប់ភ្លេងខ្មែរទៀតផង។»

សុវណ្ណារី លែងចេះនិយាយភាសាខ្មែរ ព្រោះមិនមានទំនាក់ទំនងជាមួយជីដូន និងជីតារបស់ខ្លួនទៀតឡើយដោយសារពួកគេទទួលមរណភាព។ វាជារឿងដ៏សោកសៅសម្រាប់គ្រួសារ ព្រោះតែពេលវេលាមិនដូចមុនដែលរស់នៅជុំគ្នាល្អជាមួយពួកលោកទាំងពីរ និងអាចនិយាយភាសាដើមបាន។ «ពេលខ្ញុំកាន់តែធំ ជាពិសេសពេលខ្ញុំផ្លាស់ចេញពីឡុងប៊ិច ខ្ញុំទទួលស្គាល់ថា វាដាច់ទំនាក់ទំនងជាមួយពលរដ្ឋមានដើមកំណើតខ្មែរ។ ខ្ញុំអត់មានទំនាក់ទំនងជាជីដូនជីតាដោយសារពួកគាត់លាចាកចោលពួកយើង។» កីឡាការិនីសម្បុរស្រអែម បង្ហាញភាពសោកស្ដាយដូច្នេះ។

បែបណាក្ដី ដោយសារការស្រលាញ់ជាតិនិងភាសារបស់ដូចតាខ្លួន និងចង់មកលេងនៅកម្ពុជានាថ្ងៃណាមួយ សុវណ្ណារី បានចាប់ផ្ដើមរៀនភាសាខ្មែរតាមអនឡាញកាលខែកក្កដា ឆ្នាំ២០២០ កន្លងទៅ និងចេះនិយាយខ្លះៗហើយ។ សុវណ្ណារី រំពឹងថា ពេលឡើងសង្វៀនម្ដង គេអាចនិយាយភាសាខ្មែរទៅកាន់អ្នកគាំទ្រនៅកម្ពុជា។

សុវណ្ណារី បានបង្ហាញខ្លួនល្អឥតខ្ចោះក្នុងការបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក ONE Championship កាលខែធ្នូ ឆ្នាំ២០១៨ ពេលផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹមថិរវេលា ៨១វិនាទីប៉ុណ្ណោះ។ សុវណ្ណារី កំពុងអភិវឌ្ឍអាជីពក្បាច់គុនចម្រុះរបស់ខ្លួន បន្ទាប់ពីឈ្នះ ៣លើក និងចាញ់មួយលើកគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០។ អ្វីកាន់តែពិសេសគឺ ជ័យជម្នះ ៣លើកដំបូង បើបូកថិរវេលាចូលគ្នាមិនដល់ ៣នាទីផង ពោលសុទ្ធតែផ្ដួលដៃគូឲ្យសន្លប់ទាំងអស់៕

មតិយោបល់