កីឡាការិនីខ្មែរ-អាមេរិក សុវណ្ណារី មានទំនុកចិត្តខ្លាំងសម្រាប់ការប្រកួតថ្ងៃសុក្រនេះ

មាស សុផាណារ៉ុង January 25, 2021


 

អាមេរិក៖ កីឡាការិនីគុនចម្រុះខ្មែរ-អាមេរិក អែម សុវណ្ណារី មានការជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងសម្រាប់ការវិលត្រឡប់មកកាន់សង្វៀននាឆ្នាំ២០២១ នេះ បន្ទាប់ពីខកខានឡើងសង្វៀនរយៈពេលជាងមួយឆ្នាំកន្លងទៅ។

អែម សុវណ្ណារី ត្រូវតទល់ជាមួយនឹងកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។ សម្រាប់ការប្រកួតនេះ កីឡាការិនីខ្មែរ-អាមេរិកពិតជាមានទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង។

នាងបានប្រាប់ថា៖ «រយៈពេលមួយឆ្នាំកាលពីឆ្នាំ២០២០ ខ្ញុំអត់បានប្រកួតទេ ដូច្នេះហើយខ្ញុំមានពេលវេលាច្រើនដើម្បីអភិវឌ្ឍសមត្ថភាព។ ជំនាញក្រោម(Ground Game) និងក្បាច់វ៉ៃឈររបស់ខ្ញុំមានការរីកចម្រើនច្រើន ដោយសារការហ្វឹកហាត់បានល្អកាលពីឆ្នាំមុន។»

កាលពីឆ្នាំ២០១៩ សុវណ្ណារី បានប្រកួតចាញ់ចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ក្នុងទឹកទី១នៅកម្មវិធី ONE: Mark of Greatness ឆ្នាំ២០១៩។ ក្រោយពេលបរាជ័យនោះធ្វើឲ្យនាងហាក់មានអារម្មណ៍ច្របូកច្របល់ចំពោះអាជីពប្រដាល់គុនចម្រុះរបស់ខ្លួន។ អ្នកលេងគុនចម្រុះខ្មែរ-អាមេរិក លើកឡើងថា៖ «ឥឡូវនេះ ខ្ញុំស្គាល់ខ្លួនឯងថា ទាំងក្បាច់វ៉ៃឈរ និងក្បាច់ក្រោម ខ្ញុំល្អច្រើនដែលអាចវ៉ៃបានគ្រប់ទឹកទាំងអស់។ ក្រោយពេលចាញ់ចុងក្រោយនៅ ONE ខ្ញុំមានអារម្មណ៍អត់សូវមានទំនុកចិត្តក្នុងនាមជាអ្នកប្រដាល់សោះ។ ប៉ុន្តែដោយមានការហ្វឹកហាត់ដិតដល់ក្នុងរយៈពេលខូវិត-១៩ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងល្អច្រើនណាស់។»

នេះជាឱកាសលើកទី៣ហើយ ដែលកីឡាការិនីខ្មែរ-អាមេរិកឡើងសង្វៀន ONE Championship បន្ទាប់ពីលើទី១ ទទួលបានជ័យជ្នះលើកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងទឹកទី១ នៅ ONE: Destiny of Champions នៅឆ្នាំ២០១៨ និងលើកទី២ ចាញ់កីឡាការិនីប្រេស៊ីល។

គិតរហូតដល់ពេលនេះ អែម សុវណ្ណារី មានប្រវត្តិប្រកួត ៤ដងហើយដោយទទួលបានជ័យជម្នះ ៣ដង និងចាញ់ ១ដង។ ការឡើងសង្វៀនថ្ងៃសុក្រ សប្តាហ៍នេះគឺជាលើកទី៥ ដែលត្រូវធ្វើការធ្ងន់ទៀតជាមួយកីឡាការិនីគុនចម្រុះកូរ៉េខាងត្បូង។

Choi Jeong Yun បានប្រកួតឈ្នះ ២លើកជាប់គ្នានៅសង្វៀនក្នុងប្រទេសកំណើត។ លើកទី១ នាងបានផ្តួលមិត្តរួមជាតិ Jiyeon Lee ដោយកណ្តាប់ដៃក្នុងទឹកទី១ និងលើកទី១ និងលើកទី២ បានប្រើក្បាច់ឃ្លេឲ្យមិត្តរួមជាតិ Young Joo Lee ឲ្យចុះចាញ់ក្នុងទឹកទី១។

សម្រាប់ការបង្ហាញខ្លួននៅសង្វៀន ONE កីឡាការិនី Choi Jeong Yun បានបរាជ័យក្រោមកណ្តាប់ដៃកីឡាការិនីប្រេស៊ីល Maira Mazar នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុងទឹកទី៣កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ចាំមើលថា កីឡាការិនីកូរ៉េរូបនេះអាចបង្កការភ្ញាក់ផ្អើលដើម្បីសាងកំណត់ត្រាជ័យជម្នះនៅ ONE ឬកីឡាការិនីខ្មែរ-អាមេរិកជារកបានជ័យជម្នះលើកទីពីរនៅស្ថាប័នអន្តរជាតិនេះ៕

 

អត្ថបទ៖ ផ្ដល់ឲ្យដោយ One

មតិយោបល់